គណបក្ស​របស់​លោកស្រី​ អ៊ុង សាន ស៊ូជី ថ្លែង​កាល​ពី​ថ្ងៃ​អាទិត្យ​នេះ​ថា​នឹង​លើក​​ពេល​ចូល​កាន់​តំណែង​លើក​ដំបូង​របស់​ខ្លួន​ក្នុង​សភា​នៅ​សប្ដាហ៍​ក្រោយ ដែល​ជា​សញ្ញា​មូយ​​នៃ​ការ​ខ្វែង​គំនិត​គ្នា រវាង​គណបក្ស​ប្រឆាំង​ដែល​ទើប​ជាប់​ឆ្នោត​ថ្មី​ថ្មោង និង​រដ្ឋាភិបាល​​កំណែ​ទម្រង់​របស់​ប្រទេស​ភូមា។
បើ​តាម​អ្នក​នាំ​ពាក្យ​របស់​គណបក្ស​នេះ​ថ្លែងប្រាប់​បណ្ដាញ​ព័ត៌មាន AFP ក្រោយ​ពី​មាន​ការ​ខ្វែង​គំនិត​គ្នា​អំពី​សម្បថ​ចូល​កាន់​តំណែង​ថា លោកស្រី ស៊ូជី និង​សមាជិក​ដទៃ​ទៀត​នៃ​គណបក្ស​ សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ (NLD) នឹង​មិន​ធ្វើ​ដំណើរ​ទៅ​កាន់​រដ្ឋធានី​ ណៃពិដោ (Naypyidaw) ទេ​ ដើម្បី​ចូល​រួម​ក្នុង​រដ្ឋសភា​នៅ​ថ្ងៃ​ច័ន្ទ​ខាង​មុខ​នេះ។
លោកស្រី ស៊ូ ជី ថ្លែង​ថា "​យើង​មិន​មែន​កំពុង​ធ្វើ​ពហិការ​ទេ ប៉ុន្តែ​យើង​កំពុង​តែ​រង់ចាំ​ពេល​វេលា​ល្អ"។​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ មាន​ភាព​រុញរា​នឹង​ការ​ប្រើ​ពាក្យ​ក្នុង​សម្បថ ដែល​តម្រូវ​ឲ្យ​ពួកគេ​ការពារ​រដ្ឋធម្មនុញ្ញ ដែល​តាក់តែង​ឡើង​ដោយ​អតីត​រដ្ឋាភិបាល​របប​សឹក​របស់​ប្រទេស​នេះ។