ខេត្តកណ្តាល ៖ កម្មករ-កម្មការិនីរោងចក្រកាត់ដេរជាង១០នាក់បានរងរបួសធ្ងន់និងច្រើននាក់ទៀតរបួសស្រាល បន្ទាប់ពីរថយន្តដែលពួកគេជិះទៅធ្វើការនៅរោងចក្របានជួបនឹងឧប្បត្តិហេតុគ្រោះថ្នាក់បុកបន្តកន្ទុយគ្នា៣គ្រឿង ហើយជនរងគ្រោះត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរព្យាបាលឯកជនថ្នល់ទទឹង ។ ឧប្បត្តិហេតុគ្រោះថ្នាក់នេះ កើតឡើងកាលពីវេលាម៉ោង៦និង៤៥នាទីព្រឹកថ្ងៃទី៨ មិថុនា នៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចភូមិពងទឹក ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ។
ប្រភពព័ត៌មាននៅកន្លែងកើេតហេតុឱ្យដឹងថា កម្មករកម្មការិនីដែលរងរបួសធ្ងន់និងស្រាលនៅក្នុងឧប្បត្តិហេតុគ្រោះថ្នាក់នេះ ធ្វើការនៅរោងចក្រកាត់ដេរវ៉ៃហ៊្វូល ដែលមានទីតាំងនៅជិតចំណុចកើតហេតុ និងរោងចក្រដទៃមួយចំនួនទៀត ។ ពួកគេរស់នៅក្នុងភូមិព្រៃតាអូក ឃុំរកាកោះ ស្រុកគងពិសី និងភូមិត្រពាំងកន្ទួត ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុ ពួកគេបានជិះរថយន្តប្រភេទទេសចរណ៍១២កៅអី១គ្រឿងចេញពីផ្ទះឆ្ពោះទៅកាន់រោងចក្រកាត់ដេរដែលពួកគេធ្វើការ ដោយធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត ។ លុះពេលទៅដល់ចំណុចខាងលើ រថយន្តនោះបានអែបខាង ដើម្បីឈប់ដាក់កម្មករកម្មការិនីចុះនៅមុខរោងចក្រកាត់ដេរ វ៉ៃហ៊្វូល ប៉ុន្តែគ្រាន់តែឈប់ភ្លាមក៏ត្រូវរថយន្តកូរ៉េដឹកកម្មករដូចគ្នា២គ្រឿងមកបុកពីក្រោយបន្តកន្ទុយគ្នាតែម្តង ។
ប្រភពដដែលបានបន្តទៀតថា ក្នុងឧប្បត្តិហេតុនេះ បណ្តាលឱ្យកម្មករ-កម្មការិនីនៅក្នុងរថយន្តទេសចរណ៍១២កៅអីរងរបួសធ្ងន់ជាង១០នាក់ និងស្រាលជាង១០នាក់ ហើយរថយន្តនោះក៏បែកកញ្ចក់ក្រោយទៀតផង ។ ដោយឡែកអ្នកបើករថយន្តកូរ៉េទាំង២គ្រឿងបានរត់គេចខ្លួនបាត់ស្រមោល ឯកម្មករកម្មការិនីរងរបួសត្រូវគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរព្យាបាលឯកជនថ្នល់ទទឹង ។ ពេលនេះរថយន្តទាំង៣គ្រឿង ត្រូវបាននាំយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល រង់ចាំការដោះស្រាយតាមច្បាប់ ៕
No comments:
Post a Comment
yes