ជាញឹកញាប់នៅពេលដែលមានគ្រោះអគ្គិភ័យកើតឡើងម្ដងៗ គេតែងតែលឺពាក្យស្ដីបន្ទោសចំពោះកម្លាំងសមត្ថកិច្ច ឬកងកម្លាំងពន្លត់អគ្គិភ័យថា មានភាពលំអៀងចំពោះការបាញ់ទឹកជួយសង្គ្រោះផ្ទះប្រជាពលរដ្ឋ និងមានការចរចាពីតម្លៃបាញ់ទឹកពន្លត់អគ្គិភ័យ មុនមន្ត្រីពន្លត់អគ្គិភ័យចាប់ផ្ដើមកិច្ចអន្តរាគមន៍។
រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងបានធ្វើដំណើរទៅដល់ទីតាំងដែលមានអគ្គិភ័យឆាបឆេះជាបន្តបន្ទាប់ ដើម្បីជួយសង្គ្រោះជីវិតមនុស្ស លំនៅឋាន និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋដែលអគ្គិភ័យកំពុងលេបត្របាក់។
រថយន្តពន្លត់អគ្គិភ័យនៅពេលនោះ ហាក់បីដូចជាទេពតាមកពីឋានសួគ៌ចុះមកជួយស្រោចស្រង់មនុស្សលោកដូច្នោះឯង។ ប្រជាពលរដ្ឋដែលត្រូវអគ្គិភ័យឆាបឆេះផ្ទះ និងតូបលក់របស់ពួកគេបានអបអរសាទរនៅពេលឃើញរថយន្តពន្លត់ទៅដល់។
ជាឧទាហរណ៍ស្រាប់ នេះជាសំឡេងនៅពេលដែលអគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋនៅផ្សារទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ កាលពីថ្ងៃទី២៣ កក្កដា ឆ្នាំ២០១២។ ពួកគេស្រែកឲ្យក្រុមជំនាញពន្លត់អគ្គិភ័យបាញ់ទឹកទៅលើផ្ទះរបស់ពួកគេ៖«សំឡេងពលរដ្ឋស្រែក...»។
យ៉ាងណាក៏ដោយនៅពេលពន្លត់អគ្គិភ័យនោះជៀសមិនរួចពីការរិះគន់របស់ក្រុមប្រជាពលរដ្ឋថា សមត្ថកិច្ចជំនាញធ្វើការមិនបានល្អ ថាភាពមិនប្រក្រតី កន្លែងដែលត្រូវបាញ់ទឹកពន្លត់បែរជាមិនបាញ់ពន្លត់ និងភាពយឺតយ៉ាវនៃការជួយសង្គ្រោះ និងចរចាតម្លៃមុនចុះអន្តរាគមន៍ជាដើម។
លោក ណុប សុខអេង អាជីវករផ្សារទួលសង្កែ ដែលតូបលក់របស់គាត់រងការឆេះបំផ្លាញបានថ្លែងរិះគន់កម្លាំងពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដូច្នេះ៖ «នៅតែអាក្រៅអាក្នុងអត់ចុះបាញ់ មានផ្ទះមានសិទ្ធិរស់រានដូចគ្នាហើយអត់ចូលទៅបាញ់នៅក្នុងឡានមកនៅតែអាក្រៅ ចង់ឡានប៉ុណ្ណាក៏ចូលរួចដែរផ្លូវក្នុងនោះ។ ពន្លត់អគ្គិភ័យអត់ចូលទៅក្នុង ឡានចូលទៅហើយឲ្យចេញមកវិញ មិនដឹងជាហេតុការណ៍អីបានឲ្យឡាននោះចេញមកវិញ។ ខ្ញុំតូចចិត្តឡានទឹកហ្នឹងដែរ បានហេតុអីបានខាងក្នុងខាងក្រៅអត់បាញ់ ទាល់តែឆេះខ្លាំងហើយបានបាញ់បើអត់ទានឆេះខ្លាំងអត់បាញ់ទេ»។
ឆ្លើយតបបញ្ហានេះ លោកវរសេនីយ៍ នេត វន្ថា ប្រធានការិយាល័យនគរបាលបង្ការ និងពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានពន្យល់ថា ជារៀងរាល់ឆ្នាំការិយាល័យនេះ បានចំណាយថវិកាពី ៦ម៉ឺនដុល្លារ ទៅ ១០ម៉ឺនដុល្លារ សម្រាប់យុទ្ធនាការជួយសង្គ្រោះ និងពន្លត់អគ្គិភ័យនៅរាជធានីភ្នំពេញ។ លោកថា ការិយាល័យនេះមានរថយន្តពន្លត់ចំនួន ៣៩គ្រឿង និងមានកម្លាំងជំនាញចំនួន ១០៤នាក់ ដែលរាល់ការចំណាយគឺជាថវិការបស់រដ្ឋទាំងស្រុង។
លោក នេត វន្ថា៖ «ប្រជាពលរដ្ឋខ្លះនៅតែមិនយល់ចំណុចហ្នឹង ខ្លះថា ដូចជាប្រៀបធៀបឡានអង្គភាពខ្ញុំជាអង្គភាពស្វយ័តឯកជន មិនមែនទេ តាមការពិតគឺរបស់រដ្ឋាភិបាលចំតែម្ដង»។
លោកវរសេនីយ៍ នេត វន្ថា បានបញ្ជាក់ថា ការចំណាយទៅលើរថយន្តពន្លត់អគ្គិភ័យគឺជាកាតព្វកិច្ចរបស់រដ្ឋ។ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋកុំឲ្យយកថវិកាផ្ទាល់ខ្លួនសូកប៉ាន់ដល់កម្លាំងនគរបាលដែលកំពុងប្រតិបត្តិការដែលនាំឲ្យមានការបាក់ទឹកចិត្ត និងការរួមកម្លាំងពីអង្គភាពនានានៅពេលឃើញមានការបែងចែកថវិកា ព្រោះថាអង្គភាពនេះស្ថិតនៅក្រោមការដឹកនាំ និងការគាំពារពីអគ្គស្នងការនគរបាលជាតិ ក្រសួងមហាផ្ទៃ និងសាលារាជធានីភ្នំពេញ។
លោកថា សមត្ថកិច្ចខ្លះពិតជាបានប្រព្រឹត្តអំពើពុករលួយខ្លះមែន ដែលលោកមិនបានត្រួតពិនិត្យគ្រប់ជ្រុងជ្រោយ ទាមទារឲ្យមានកិច្ចសហការពីប្រជាពលរដ្ឋ៖ «សុំថាឲ្យបងប្អូនមានសហការជាមួយយើងខ្ញុំផង។ ទីមួយរថយន្តខ្ញុំក៏មានលេខ អង្គភាពយើងខ្ញុំក៏មានលេខហត់ឡាញពិសេសមួយ ៦៦៦ នេះ កម្លាំងយើងខ្ញុំចុះប្រតិបត្តិការក៏មានឯកសណ្ឋានពន្លត់អគ្គិភ័យ ហើយមានផ្លាកឈ្មោះមានមេដឹកនាំត្រឹមត្រូវត្រូវ មានកម្លាំងបែបហ្នឹង។ ចំណុចហ្នឹងហើយគាត់ទៅធ្វើការគាបសង្កត់គំរាមកំហែងប្រជាពលរដ្ឋគាត់កំពុងរងគ្រោះ។ ទី៣ សុំឲ្យបងប្អូនសហការគ្នា មានអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ឃើញករណីបែបហ្នឹង ចាប់ភ្លាមអត់មានការចំណាយបែបហ្នឹងខុសខ្ទង់ទេ ចាប់មក។ កម្លាំងខ្លះវាអាចមានខិលខូចអ៊ីចឹងដែរ។ សង្ឃឹមទៅបងប្អូនប្រជាពលរដ្ឋហើយ ដើម្បីជួយគ្នាក្នុងករណីបែបហ្នឹងទៀត។ ខ្ញុំមានរង្វាន់លើកទឹកចិត្តបើមានបងប្អូនណាឃើញកម្លាំងនគរបាលពន្លត់អគ្គិភ័យគ្រប់ថ្នាក់គ្រប់ជាន់គ្រប់ផ្នែកនេះទៅគំរាមគាត់ សូមឲ្យចាប់មកខ្ញុំផ្ដល់ជូន ៥០ដុល្លារក្នុងមួយករណី ហើយដោយបិទបាំងទៀត»។
បើទោះបីជាមានការអះអាងយ៉ាងនេះក្ដី អ្នកសម្របសម្រួលកម្ពុជានៃបណ្ដាញរួបរួមដើម្បីគណនេយ្យភាពសង្គមនៅអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក លោក សន ជ័យ មានប្រសាសន៍ថា សម្រាប់ការចំណាយគឺជាកាតព្វកិច្ចរបស់សមត្ថកិច្ចរដ្ឋាភិបាល មិនមែនជាតួនាទីរបស់ប្រជាពលរដ្ឋនោះទេ។ លោក សន ជ័យ បានហៅការទារប្រាក់ ឬការចរចាមុនធ្វើសកម្មភាពចុះពន្លត់អគ្គិភ័យ និងភាពអសកម្មក្នុងការងារជួយសង្គ្រោះគឺជាការប្រើប្រាស់តួនាទីខុសដែលនាំឲ្យមានកំហុសរដ្ឋបាលធ្ងន់ធ្ងរ ជាអំពើពុករលួយ និងបង្កឲ្យមានអំពើអយុត្តិធម៌។
លោក សន ជ័យ៖ «រដ្ឋត្រូវតែត្រៀមបង្ការ ថវិកាសម្រាប់វិស័យពន្លត់អគ្គិភ័យនេះឲ្យបានច្រើន កុំឲ្យមន្ត្រីដែលគាត់ចុះទៅអនុវត្តការងារហ្នឹងគាត់ខ្វះថវិកា ហើយគាត់អាចប្រើប្រាស់មធ្យោបាយផ្សេងៗដើម្បីទារលុយពីប្រជាពលរដ្ឋរងគ្រោះ។ ទី២ ប្រជាពលរដ្ឋត្រូវតែមានការសហការជាមួយអាជ្ញាធរសមត្ថកិច្ច ជាពិសេសអ្នកសម្រេចចិត្តដែរ ដើម្បីឲ្យអ្នកដឹកនាំក្នុងវិស័យហ្នឹងគាត់បានដឹង គាត់ចាត់វិធានការដើម្បីបង្ក្រាប ឬក៏បញ្ឈប់ការទារលុយ ឬក៏ការតថ្លៃមុនហ្នឹងឲ្យខាងតែបាន ពីព្រោះថាឥឡូវនេះដល់ពេលវេលាដែលយើងគិតគូរពីតម្លាភាព និងការទទួលខុសត្រូវក្នុងការផ្ដល់សេវាសាធារណៈ។ ប្រជាពលរដ្ឋក៏មិនត្រូវធ្វេសប្រហែសដែរ ក្នុងការផ្ដល់ព័ត៌មានទៅអ្នកដែលទទួលខុសត្រូវហ្នឹង ជាមួយនឹងការបង្ការខ្លួននៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ»។
មន្ត្រីនគរបាលពន្លត់អគ្គិភ័យបានអះអាងថា ចាប់តាំងពីខែមករា ដល់ខែកក្កដា ឆ្នាំ២០១២ គ្រោះអគ្គិភ័យបានកើតឡើងនៅរាជធានីភ្នំពេញ ចំនួន ៤៧លើក បានបង្កឲ្យឆេះខូចខាតផ្ទះល្វែងចំនួន ៤៧ល្វែង ផ្ទះសង់ដោយថ្មក្រោម ឈើលើចំនួន ៣០ខ្នង តូបលក់ដូរចំនួន ២៥តូប និងបង្កឲ្យរបួសស្រាល ៤នាក់ ប៉ុន្តែពុំបណ្ដាលឲ្យស្លាប់មនុស្សនោះទេ៕
No comments:
Post a Comment
yes