កម្មកររោងចក្រ Golden Gain អបអរនឹងការទទួលយកលក្ខខណ្ឌតវ៉ា ពីភាគីនិយោជក
ភ្នំពេញៈ កម្មករនិងមេដឹកនាំសហជីពជាង១០នាក់អះអាងថា បានរងរបួសស្រាលក្នុងការប៉ះទង្គិចគ្នាជាមួយសមត្ថកិច្ចខេត្ត កណ្តាល កាលពីព្រឹកម្សិលមិញ ខណៈសមត្ថកិច្ចបានព្យាយាមរារាំងកម្មករមិនឲ្យឈរធ្វើកូដកម្ម លើផ្លូវជាតិលេខ៤។
លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជាដែលរងរបួសជើង បានប្រាប់ថា សមត្ថកិច្ចប្រមាណ៦០នាក់បានរុញច្រាននិងវាយកម្មករ និងរូបលោក ដែលឈរតវ៉ានៅលើចិញ្ចើមផ្លូវ ធ្វើឲ្យកម្មកររងរបួសស្រាល។
លោកថា កម្មករគ្មានបំណងបិទផ្លូវជាតិទេ តែពួកគេប្តូរទីតាំងឈរធ្វើកូដកម្ម ដោយផ្លាស់ពីមុខរោងចក្រមកឈរនៅលើចិញ្ចើមថ្នល់ជាតិវិញ ដើម្បីកាន់បដាឲ្យអ្នកដំណើរបានឃើញ។
លោកអះអាងថា៖ «វាមិនជាបញ្ហាធំដុំនោះទេព្រឹកមិញនោះ ប៉ុន្តែ សមត្ថកិច្ចមកបង្កហេតុឲ្យមានអំពើហិង្សាកើតឡើង ដោយពួកគេមករុញនិងវាយមកលើកម្មករ ដោយមិននិយាយគ្នាជាមុន។ ពួកគេបានធ្វើឲ្យកម្មការិនី ៩ នាក់ រងរបួស មានអ្នកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសម្ព័ន្ធសហជីពកម្ពុជា និងរូបខ្ញុំផ្ទាល់ផង»។
ក្រុមកម្មករប្រាប់ដែរថា កម្មកររាប់រយនាក់បានឈរនៅចិញ្ចើមផ្លូវម្ខាង រីឯសមត្ថកិច្ចឈរនៅម្ខាងដែរ ប៉ុន្តែនៅម៉ោង៩កន្លះ ក្រុមសមត្ថកិច្ចក៏ដើរសំដៅមករុញនិងវាយមកលើកម្មករ ដោយមិននិយាយគ្នាជាមុន។
កម្មកររាប់ពាន់នាក់មកពីរោងចក្រ តៃយ៉ាង ទី១ និងទី២ និងរោងចក្រខេមវែល បានធ្វើកូដកម្មតវ៉ា តាំងពីថ្ងៃទី២៥ខែមិថុនា ទាមទារឲ្យផ្តល់ប្រាក់អតីតភាពការងារដោយសារតែក្រុមហ៊ុននេះ បានប្តូរឈ្មោះរោងចក្រ។
លោក រ៉ុង ឈុន អះអាងថា បានទទួលទូរស័ព្ទគំរាមពីសមត្ថកិច្ចខេត្តកណ្តាលថា គេនឹងចាប់ខ្លួនលោក ប៉ុន្តែលោក រ៉ុង ឈុន និយាយថា តើគាត់បានធ្វើអីខុសបានជាគំរាមចាប់ខ្លួនគាត់។
លោក អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាលកាលពីម្សិលមិញប្រាប់ថា សមត្ថកិច្ចមិនបិទសិទ្ធិសេរីភាពកម្មករក្នុងការធ្វើកូដកម្មទេ ប៉ុន្តែសូមឲ្យគោរពច្បាប់ ហើយអ្វីដែលលោក រ៉ុង ឈុន ចោទថាប៉ូលិសវាយទៅលើកម្មករនោះ មិនជាការពិតទេ។
លោកអះអាងថា កម្មករអាចធ្វើការតវ៉ាបាននៅមុខរោងចក្រ តែពួកគេមិនអាចធ្វើអ្វីនៅលើផ្លូវជាតិទេ ព្រោះវាធ្វើឲ្យរំខានដល់ការធ្វើចរាចរណ៍និងប៉ះពាល់ដល់សណ្តាប់ ធ្នាប់សង្គម។
លោក អ៊ាវ ចំរើន ថ្លែងថា៖ «យើងបានប្រាប់ពួកគេជាច្រើនដង និងអង្វរគេកុំឲ្យមកតវ៉ានៅលើផ្លូវជាតិ តែពួកគេចចេស មិនស្តាប់យើងទេ»។លោកបន្តថា សមត្ថកិច្ចស្នើសុំឲ្យកម្មករត្រឡប់ទៅកាន់មុខរោងចក្រវិញ តែពួកគេមិនព្រម ទើបសមត្ថកិច្ចរុញគេឲ្យថយក្រោយ ចុះហេតុអីបានជាគេចោទថា សមត្ថកិច្ចប្រើហិង្សាលើពួកគេ។
លោក អ៊ាវ ចំរើន បន្តថា៖ «ពួកគេមានភស្តុតាងបង្ហាញថាយើងវាយគេទេ? ពួកគេធ្វើខុសច្បាប់។ បើលោក រ៉ុង ឈុន នៅតែមិនគោរពច្បាប់ យើងអាចនឹងធ្វើការឃាត់ខ្លួនគាត់»។
ជាមួយគ្នាផងដែរកម្មករជាង១ពាន់នាក់នៅរោងចក្រ Golden Gain នៅខណ្ឌពោធិ៍សែនជ័យបានសម្រេចវិលចូលធ្វើការវិញនៅព្រឹកនេះ បន្ទាប់ពីថៅកែយល់ព្រមទទួលសំណើ១៣ចំណុច ក្នុង១៧ចំណុចដែលកម្មករបានធ្វើការតវ៉ាជិតមួយសប្តាហ៍មក ហើយនោះ៕
No comments:
Post a Comment
yes