ពលរដ្ឋមួយចំនួននៅខេត្តតាកែវ នាំគ្នាផ្ដិតមេដៃទាមទារឲ្យរដ្ឋាភិបាលដោះលែងលោក ម៉ម សូណង់ដូ ប៉ុន្តែការផ្ដិតមេដៃនៅស្រុកអង្គរបុរី ខេត្តតាកែវ ត្រូវមេភូមិគំរាម។
មេដឹកនាំសមាគមអ្នកប្រជាធិបតេយ្យ នៅក្នុងស្រុកអង្គរបុរី ខេត្តតាកែវ លោក ឡុង សុផា ថ្លែងថា មេភូមិក្នុងឃុំព្រៃផ្គាំ បានគំរាមពលរដ្ឋក្នុងភូមិមិនឲ្យចូលរួមផ្ដិតមេដៃ ដើម្បីសុំឲ្យតុលាការ និងរដ្ឋាភិបាលដោះលែងលោក ម៉ម សូណង់ដូ ប្រធានសមាគមអ្នកប្រជាធិបតេយ្យ ដែលកំពុងជាប់ពន្ធនាគារទេ។
លោកថា ការផ្ដិតមេដៃទើបបានដល់ភូមិព្រៃផ្គាំខ ត្រូវមេភូមិ ឈ្មោះ ចែត ចាយ គំរាមដាក់មីក្រូ ក្នុងពិធីបុណ្យនៅវត្ត កាលពីថ្ងៃច័ន្ទ ទី២៣ ខែកក្កដា៖ «លោកមេភូមិលើកឡើងទាំងអស់ គឺការគំរាមមកលើពលរដ្ឋខ្មែរទាំងអស់មិនឲ្យផ្ដិតមេដៃគាំទ្រអ្នកស្នេហាជាតិ»។
ពលរដ្ឋ ភូមិព្រៃផ្គាំខ លោក អាណន់ ថ្លែងថា មេភូមិពិតជាបានគំរាមពលរដ្ឋដូច្នេះមែន។ លោកថា ពីដំបូងគាត់មិនចង់ផ្ដិតមេដៃ ឲ្យសមាគមអ្នកប្រជាធិបតេយ្យទេ តែដល់ឮមេភូមិគំរាម ហាក់មើលងាយពលរដ្ឋពេក គាត់បែរជាព្រមផ្ដិតមេដៃទៅវិញ៖«ប្រជាជនគាំទ្រនៅនេះសឹងតែ ៨០% ទៅហើយ ឲ្យតុលាការនៅភ្នំពេញ ឲ្យដោះលែងគាត់ចេញវិញ»។
អ្នកស្រី ម៉ម សឹម អ្នកគាំទ្រសមាគមប្រជាធិបតេយ្យថ្លែងថា គាត់បានដើរសុំឲ្យពលរដ្ឋក្នុងឃុំព្រៃផ្គាំ ផ្ដិតមេដៃដើម្បីឲ្យតុលាការដោះលែងលោក ម៉ម សូណង់ដូ។ ក្រោយពីមេភូមិព្រៃផ្គាំខ គឺលោក ចែត ចាយ ប្រកាសប្រាប់ប្រជាពលរដ្ឋថា ផ្ដិតមេដៃឲ្យគេដោយមិនដឹងបំណងគេពិតប្រាកដនោះ អាចនាំផលមិនល្អដល់ពលរដ្ឋក្នុងភូមិ។ គាត់ក៏ផ្អាកការឲ្យពលរដ្ឋផ្ដិតមេដៃនោះសិន។
អ្នកស្រី ម៉ម សឹម៖ «គាត់សុំមេដៃនេះ ដើម្បីគាំទ្រលោកតា ម៉ម សូណង់ដូ ព្រោះឥឡូវនេះ គាត់កំពុងតែជាប់នៅពន្ធនាគារ ដែលគ្មានមូលហេតុអី បើអ៊ីចឹងសុំគាំទ្រឲ្យគាត់រួចពីពន្ធនាគារ»។
មេភូមិព្រៃផ្គាំខ លោក ចែត ចាយ បំភ្លឺថា លោកពិតជាបានហាមពលរដ្ឋមិនឲ្យផ្ដិតមេដៃមែន ព្រោះកន្លងមកពលរដ្ឋក្នុងភូមិព្រៃផ្គាំខ ធ្លាប់រងគ្រោះច្រើនដងមកហើយ ពីការយកមេដៃទៅកាឡៃជារឿងផ្សេងៗ។
លោក ចែត ចាយ៖ «ជាស្នាមមេដៃរបស់ប្រជាពលរដ្ឋខ្ញុំ មានស្លាប់មានរស់អី មានគាត់គុកជាប់ច្រវាក់ បើអ៊ីចឹងផ្ដិតមេដៃវាសំខាន់ណាស់ មិនចេះតែផ្ដិតអី អត់បានមកទំនាក់ទំនងខ្ញុំ។ មេភូមិឮថា ខ្ញុំមកសុំឲ្យផ្ដិតនេះ មកសុំគាំទ្រលោកនេះលោកនោះ អាហ្នឹងមានអីទំនាក់ទំនងគ្នាមុនទៅ ធ្វើទៅអត់មានអីទេ»។
មេឃុំព្រៃផ្គាំ លោក មិន ម៉ៅ ថ្លែងថា សកម្មភាពសុំស្នាមមេដៃពលរដ្ឋក្នុងឃុំ ដើម្បីទាមទារឲ្យរដ្ឋាភិបាល និងតុលាការដោះលែងលោក ម៉ម សូណង់ដូ អាជ្ញាធរឃុំមិនបានដឹងរឿងនោះទេ។
លោក ម៉ម សូណង់ដូ ត្រូវរដ្ឋាភិបាលកម្ពុជា ចាប់ដាក់ពន្ធនាគារកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១២ ក្រោយពីលោកបញ្ចប់បេសកកម្មនៅបរទេស។ រដ្ឋាភិបាល និងតុលាការកម្ពុជា បានចោទថា លោក ម៉ម សូណង់ដូ បានបង្កើតតំបន់អបគមន៍នៅខេត្តក្រចេះ ក្នុងស្រុកឆ្លូង បន្ទាប់ពីមានពលរដ្ឋមួយចំនួនបានចូលទៅចាប់ដីនៅក្នុងឃុំកំពង់ដំរី ដើម្បីរស់នៅ។ ពលរដ្ឋទាំងនោះភាគច្រើនមានកាតសំគាល់ថា ជាសមាជិកសមាគមអ្នកប្រជាធិបតេយ្យ ដែលមានលោក ម៉ម សូណង់ដូ ជាប្រធាន។
លោក ម៉ម សូណង់ដូ ក៏ធ្លាប់អះអាងមុនពេលចាប់ខ្លួនថា លោកមិនខ្លាចការចាប់ខ្លួនទេ ព្រោះលោកគ្មានកំហុសក្នុងការបង្កើតអបគមន៍ឡើយ។ លោកគ្រាន់តែបង្កើតសមាគមមួយដែលឲ្យពលរដ្ឋហ៊ាននិយាយអំពីការពិត ដែលបានកើតឡើងក្នុងប្រទេស និងតំបន់ដែលគេរស់នៅ។
មេដឹកនាំសមាគមអ្នកប្រជាធិបតេយ្យក្នុងស្រុកអង្គរបុរី លោក ឡុង សុផា ថ្លែងថា ក្នុងស្រុកអង្គរបុរី មានពលរដ្ឋខ្លះនៅ ៣៨ភូមិ ក្នុងចំណោមពលរដ្ឋទាំង ៦ឃុំ ស្ម័គ្រចិត្តព្រមផ្ដិតមេដៃចំនួន ២.៤៨៧នាក់ហើយ ដើម្បីសុំឲ្យរដ្ឋាភិបាលដោះលែងលោក ម៉ម សូណង់ដូ។ អ្នកដែលបានផ្ដិតមេដៃសុទ្ធតែស្ម័គ្រចិត្ត ដោយសមាគមមិនបានអូសទាញឡើយ។ ទោះបីមានការហាមពីអាជ្ញាធរ ក៏មានពលរដ្ឋស្ម័គ្រចិត្តជាច្រើននៅព្រមផ្ដិតមេដៃឲ្យសមាគមអ្នកប្រជាធិបតេយ្យ ដើម្បីសុំឲ្យស្ថាប័នតុលាការ និងរដ្ឋាភិបាលដោះលែងលោក ម៉ម សូណង់ដូ៕
No comments:
Post a Comment
yes