សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, August 24, 2012

តំណាង​ខ្មែរឥស្លាម បដិសេធ​ការចោទប្រកាន់​របស់​ថៃ ក្នុង​រឿង​បង្ក​ចលាចល​នៅ​ភាគ​ខាងត្បូង​ប្រទេស​ថៃ​

តំណាង​ខ្មែរឥស្លាម បដិសេធ​ការចោទប្រកាន់​របស់​ថៃ ក្នុង​រឿង​បង្ក​ចលាចល​នៅ​ភាគ​ខាងត្បូង​ប្រទេស​ថៃ​
លោក អូស្មាន ហាស្សាន់ រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ 
និង​ជា​តំណាង​ជនជាតិ​ឥស្លាម​នៅ​កម្ពុជា បាន​ថ្លែង​ទៅកាន់​ក្រុមអ្នកកាសែត
 ក្នុង​ពិធី​ជួបជុំ​មួយ​នៅ​វិហារ​ឥស្លាម នៅ​ជ្រាំង​ចំរេះ
តំណាង​ខ្មែរឥស្លាម បដិសេធ​ការចោទប្រកាន់​របស់​ថៃ ក្នុង​រឿង​បង្ក​ចលាចល​នៅ​ភាគ​ខាងត្បូង​ប្រទេស​ថៃ​
ពិធី​ជួបជុំ​មួយ​នៅ​វិហារ​ឥស្លាម នៅ​ជ្រាំង​ចំរេះ ក្នុង​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​២៤ ខែ​សីហា ឆ្នាំ​២០១២

ភ្នំពេញ: តំណាង​ខ្មែរឥស្លាម នៅក្នុង​ប្រទេស​កម្ពុជា បានប្រកាស​បដិសេធ នៅ​ព្រឹក​ថ្ងៃទី​២៤ ខែ​សីហា ឆ្នាំ​២០១២ ថា ជនជាតិ​ឥស្លាម នៅ​កម្ពុជា មិន​ជាប់​ពាក់ព័ន្ធ​នឹង​ចលាចល នៅ​ភាគខាងត្បូង​ប្រទេស​ថៃ​ឡើយ​។ ខ្មែរឥស្លាម​នៅ​កម្ពុជា គ្រាន់តែ​ឆ្លងដែន កាត់​តាម​ប្រទេស​ថៃ ដើម្បី​ទៅរក​ការងារ​ធ្វើ នៅ​ប្រទេស​ម៉ាឡេស៊ី​ប៉ុណ្ណោះ​។​

​លោក អូស្មាន ហាស្សាន់ រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ជា​តំណាង​ជនជាតិ​ឥស្លាម​នៅ​កម្ពុជា បាន​ថ្លែង​ទៅកាន់​ក្រុមអ្នកកាសែត ក្នុង​ពិធី​ជួបជុំ​មួយ​នៅ​វិហារ​ឥស្លាម នៅ​ជ្រាំង​ចំរេះ ក្នុង​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​២៤ ខែ​សីហា ឆ្នាំ​២០១២ ថា ជនជាតិ​ឥស្លាម​រស់នៅ​កម្ពុជា ជា​ជនស្លូតត្រង់​។ រីឯ​ការ​ឆ្លងដែន​ទៅកាន់​ប្រទេស​ថៃ គឺ​ដើម្បី​ទៅ​រក​ការងារ​ធ្វើ នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​ប៉ុណ្ណោះ ព្រោះថា ការធ្វើដំណើរ​តាម​ផ្លូវគោក ចំណាយ​តិច​ជាង​តាម​ផ្លូវអាកាស​។​


លោក អូស្មាន ហាស្សាន់ បាន​លើកឡើង​ថា "​ប្រជាពលរដ្ឋ​ឥស្លាម​កម្ពុជា សព្វថ្ងៃនេះ កំពុងតែ​សប្បាយ ក្នុង​ការប្រកប​របរ​នេសាទ និង​ធ្វើ​កសិកម្ម​របស់​ខ្លួន ហើយ​យុវជន​ស្ម័គ្រចិត្ត ក៏​មាន​យុវជន​ឥស្លាម ចូលរួម​ក្នុងការ​វាស់​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ដែរ​"​។​

​លោក អូស្មាន ហាស្សាន់ បាន​មានប្រសាសន៍​បញ្ជាក់​ថា “​អីចឹង​មិន​មាន​ឱកាស​ណាមួយ ដែល​ជន​មូស្លីម​កម្ពុជា មានគំនិត ចង់​ទៅ​ធ្វើ​សង្គ្រាម មានគំនិត​ទៅ​ស៊ីឈ្នួល​គេ​ធ្វើ​សង្គ្រាម ឬក៏​មាន​គំនិត​ទៅ​ធ្វើ​អំពើ​បាបកម្ម​ណាមួយ ក៏​អត់​មាន​ទេ​”​។​

​លោក​អូស្មាន ហាស្សាន់ បាន​មានប្រសាសន៍​បន្ត​ថា ថៃ​ធ្លាប់បាន​ធ្វើ​ការចោទប្រកាន់​អំពើ​បែប​នេះ មក​លើ​ជន​មូស្លីម​កម្ពុជា ជាច្រើន​លើក​មក​ហើយ ដែល​តាម​លោក​ដឹង​ការចោទប្រកាន់​បែបនេះ មាន​តាំងពី​ឆ្នាំ​២០០៧​មកម្ល៉េះ ហើយ​មួយ​នោះ សម្តេចនាយក​រដ្ឋមន្ត្រី មានប្រតិកម្ម បានជា​ស្ងប់ស្ងាត់​ទៅ​វិញ​។ 

​លោក​បន្តថា អត់​មាន​រដ្ឋាភិបាល​ណា ចង់ឲ្យ​ប្រជាពលរដ្ឋ​របស់ខ្លួន​ចូលទៅ​ក្នុង​អំពើ​ណាមួយ សម្រាប់​ប្រជាជន​របស់​ខ្លួន​នោះទេ​។​

​លោក អូស្មាន ហាស្សាន់ បាន​មានប្រសាសន៍​បន្ត​ទៀត​ថា  គោលបំណង​របស់​ជន​មូស្លីម​កម្ពុជា ធ្វើដំណើរ​ពី​ប្រទេស​កម្ពុជា គឺ​ទៅ​ប្រទេស​ថៃ ឬ​ម៉ាឡេស៊ី គឺ​ដើម្បី​ទៅ​រកស៊ី និង​មួយចំនួន​ទៅ​ធ្វើការ​ដោយ​ស្របច្បាប់​នៅ​ភាគខាងត្បូង នៃ​ប្រទេស​ថៃ ដែល​សំបូរ​រោងចក្រ​សហគ្រាស​ច្រើន ហើយ​ជន​មូស្លីម​កម្ពុជា​មួយ​ផ្នែក​ធំ​ទៀត គ្រាន់តែ​ឆ្លងកាត់​ភាគ​ខាងត្បូង​ប្រទេស​ថៃ ក្នុង​គោលបំណង​ទៅ​ប្រទេស​ម៉ាឡេស៊ី​។ 

​លោក​បាន​មានប្រសាសន៍​បន្ត​ថា ការចោទប្រកាន់​បែប​នេះ មក​លើ​ជន​មូស្លីម​កម្ពុជា បង្ហាញឲ្យឃើញបី​អសមត្ថភាព​របស់​ក្រុមនគរបាល​ប្រទេស​ថៃ និង​ហាក់បីដូចជា បង្ហាញ​នៅ​ភាព​រើសអើង​មួយ ដល់​ជន​មូស្លីម​កម្ពុជា​។​

​តំណាង​ជន​ឥស្លាម​កម្ពុជា លោក អូស្មាន ហាស្សាន់ បានបញ្ជាក់​ថា “​ជា​គំនិត​របស់​ខ្ញុំ ថា​ថ្នាក់ដឹកនាំ​របស់​ថៃ គួរតែ​សួរ​អីចេះ​វិញ​ល្អ​ជាង សួរថា ហេតុ​អី អ្នក​កាន់​សាសនាព្រះពុទ្ធ អ្នក​កាន់​សាសនា​ឥស្លាម និង​អ្នក​កាន់​សាសនា​ដទៃ ដែល​រស់នៅ​លើ​ទឹកដី​កម្ពុជា រស់នៅ​ដោយ​សុខដុមរមនា ពុំ​មាន​ការរើសអើង​គ្នា ពុំ​មាន​ចោទប្រកាន់​គ្នា​ទៅវិញទៅមក​? តើ​រាជរដ្ឋាភិបាល​កម្ពុជា​ធ្វើ​យ៉ាងម៉េច តើ​នាយករដ្ឋមន្ត្រី​កម្ពុជា ធ្វើ​យ៉ាងម៉េច បាន​ជា​បងប្អូន​អ្នក​កាន់​សាសនា​ទាំងអស់ នៅ​កម្ពុជា ល្អូកល្អើន គ្នា​ល្អ​ម្ល៉េះ​? គួរតែ​សួរ​ពាក្យ​ហ្នឹង​ល្អ​ជាង ដើម្បី​ថៃ​ខ្លួនឯង មើល​ថា ហេតុ​អី​មូស្លីម​ថៃ​មាន​បញ្ហា​ច្រើន​?"​។​

​លោក អូស្មាន ហាសាន់ បានបញ្ជាក់​បន្តថា កន្លងមក​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​លោក ផៃ ស៊ីផា​ន រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​មានប្រតិកម្ម​រួចទៅហើយ ទាក់ទង​នឹង​ការចោទប្រកាន់​ពី​សំណាក់​អាជ្ញាធរ​ថៃ មក​លើ​ជន​មូស្លីម​កម្ពុជា ហើយ​លោក​ជឿជាក់ថា ក្រសួងការបរទេស​កម្ពុជា ក៏​មិន​ព្រងើយកន្តើយ ដើម្បី​ឆ្លើយតប​ក្នុង​រឿង​នេះ​ដែរ ចំពោះ​ភាគី​ថៃ​។​

​ទាក់ទង​ទៅនឹង​ការចោទប្រកាន់​មកលើ​ជន​មូស្លីម​កម្ពុជា បែបនេះ ពី​សំណាក់​ថៃ​នោះ​ដែរ លោក​ឧកញ៉ា សុះ កំ​រ៉ី ចាងហ្វាង នៃ​គណៈ​ដឹកនាំ​ជាន់ខ្ពស់​របស់​ជនជាតិ​ឥស្លាម​នៅ​កម្ពុជា បាន​មានប្រសាសន៍​ប្រាប់​ក្រុម​អ្នករាយការណ៍​ព័ត៌មាន នៅ​ព្រឹក​ថ្ងៃទី​២៤ ខែ​សីហា ឆ្នាំ​២០១២​ថា នេះ​ជា​ការចោទប្រកាន់​មួយ​ច្រើនលើកច្រើនសារ​ដែល​មិន​ត្រឹមត្រូវ មិន​សមស្រប​ទ​តាម​អ្វី​ដែល​ឥស្លាម​នៅ​កម្ពុជា​កំពុងតែ​អនុវត្ត​។​

​លោក​ឧកញ៉ា សុះ កំ​រ៉ី បាន​មានប្រសាសន៍​បញ្ជាក់​ថា “​សព្វថ្ងៃនេះ ខ្ញុំ​គិតថា បងប្អូន​ឥស្លាម​យើង នៅ​កម្ពុជា បាន​ទទួល​សេចក្តីសុខ​ខ្លាំងណាស់ ដោយ​រាជរដ្ឋាភិបាល​បាន បង្ក​សេរីភាព​សព្វបែបយ៉ាង មិន​ខ្វល់​អី​អ្វី​ទៅ​រក​នៅ​កន្លែង​ណា​ផ្សេង ជា​ការរើបំរះ ឬ​ទៅ​រួមគំនិត​ស្អី គឺ​អត់​មាន​ទេ​។ ក្នុង​ការចោទប្រកាន់​នេះ ខ្ញុំ​ថា មិន​ត្រឹមត្រូវ និង​មិន​ពិត ហើយ​បងប្អូន​ឥស្លាម​នៅ​កម្ពុជា ក៏​មាន​ប្រតិកម្ម មិន​សុខចិត្ត​ដោយ​ការចោទប្រកាន់ ដោយ​មិន​សមស្រប​កន្លងមក ក៏​ដូច​សព្វថ្ងៃនេះ​។ នេះ​ជា​ការចោទប្រកាន់​មួយ ដែល​ចង់​បង្ក​ឲ្យ​ឥស្លាម​កម្ពុជា មានការ​ជ្រួលច្របល់​អ្វី​ម្យ៉ាង ឬ​ចោទព្រកាន់​ដើម្បី​ពាក់ព័ន្ធ​អ្វី​ម្យ៉ាង គឺ​មិន​ត្រឹមត្រូវ​"​។​

​ថ្នាក់ដឹកនាំ​ឥស្លាម​នៅ​កម្ពុជា បាន​ថ្លែង​ប្រតិកម្ម​ដូច្នេះ នៅក្នុង​ពិធី​ស្រាយ​បួស​រ៉ា​ម៉ា​ដន កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែ​សីហា ឆ្នាំ​២០១២ នៅ​វិហារ​ធំ​គីឡូម៉ែត្រ​លេខ​៩​។ នៅ​ទីនោះ បុព្វ​ជិត​ឥស្លាម បាន​ធ្វើ​ការណែនាំ​ដល់​ឥស្លាម​កម្ពុជា​ទាំងអស់ ឲ្យមាន​ការប្រុងប្រយ័ត្ន នៅពេល​ធ្វើដំណើរ​ទៅ​ក្រៅប្រទេស ជាពិសេស​ទៅ​កាន់​ប្រទេស​ថៃ ឬ​ម៉ាឡេស៊ី​ឆ្លងកាត់​តាម​ប្រទេស​ថៃ គឺ​ត្រូវតែ​មាន​ឯកសារ​ត្រឹមត្រូវ​តាមច្បាប់ ចៀសវាង​មាន​បញ្ហា​ណាមួយ កើតឡើង​ចំពោះ​ខ្លួន​។​

​សេចក្តីប្រកាស​របស់​តំណាង​ជនជាតិ​ឥស្លាម​នៅ​កម្ពុជា​យ៉ាង​ដូច្នេះ បាន​ធ្វើឡើង បន្ទាប់​ពី​កាសែត​ថៃ បាន​ផ្សាយ​នូវ​ការលើកឡើង​របស់​រដ្ឋ​មន្ត្រី​ការពារ​ជាតិ​ថៃ កាលពីដើម​សប្តាហ៍​នេះ ដោយ​លើកឡើង​ថា ប៉ូលិសអន្តោប្រវេសន៍​ថៃ ត្រូវបាន​គេ​ណែនាំ​ឲ្យ​បង្កើន​ការយកចិត្តទុកដាក់ តាមដាន​អំពី​វត្តមាន​របស់​ជនជាតិ​អ៊ីស្លាម មកពី​ប្រទេស​កម្ពុជា​។ 

​ការតាមដាន​ដោយ​យកចិត្តទុកដាក់​លើ​ជនជាតិ​ម៉ូ​ស្លីម​កម្ពុជា​បែបនេះ កើតមាន​នៅពេល​ដែល​រដ្ឋាភិបាល​ក្រុង​បាងកក ពង្រឹង​សន្តិសុខ នៅ​ភាគខាងត្បូង ដែល​ផ្ទុះ​ចលនា​បះបោរ បង្កឡើង​ដោយ​ជនជាតិ​អ៊ីស្លាម នៅ​ទីនោះ​។​

​ក៏ប៉ុន្តែ​ភ្លាមៗ កាលពី​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ​២០១២ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​ជា​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា បានប្រកាស ច្រានចោល​នូវ​ការចោទប្រកាន់ ដែល​ថា​ជនជាតិ​អ៊ីស្លាម នៅ​កម្ពុជា មាន​ជាប់​ពាក់ព័ន្ធ​នឹង​ជម្លោះ​បង្ហូរឈាម នៅ​ខេត្ត​ភាគ​ខាងត្បូង​ប្រទេស​ថៃ​។​

​លោក ខៀវ កាញារីទ្ធ បាន​លើកឡើង​ថា "​នេះ​គ្រាន់តែ​ជា​ការលើកឡើង​របស់​ម​នុស្ស​មួយចំនួន នៅពេលដែល​មាន​សភាព​ការណ៍ នៅ​ភាគខាងត្បូង នៃ​ប្រទេស​ថៃ គាត់​តែងតែ​ចោទ​នេះ​ចោទ​នោះ​។ ខ្ញុំ​គិតថា អា​នេះ ជា​ភាពទន់ខ្សោយ​របស់​នគ​របាល​ថៃ​ទេ​។ ធម្មតា​គាត់​មិនបាច់​ប្រកាស​ទេ បើ​គាត់​សង្ស័យ​នរណា គាត់​អាច​តាមដាន​ដោយ​ស្រួល ប៉ុន្តែ​គាត់​គ្មាន​ភស្តុតាង បានជា​គាត់​ប្រកាស​ដូច្នេះ​"​។​

​លោក​រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បាន​មានប្រសាសន៍​បន្ត​ទៀត​ថា តាមពិត​ដូច​សម្តេច​នាយករដ្ឋមន្ត្រី បាន​ប្រកាស​ហើយ​ថា មូស្លីម​នៅ​កម្ពុជា ឥឡូវ​គេរ​ស់​ដោយ​ស្រួ​ស គេ​មិន​បាច់​ទៅ​ស៊ីឈ្នួល​ច្បាំង​ឲ្យ​ថៃ​នោះ​ទេ​៕​

No comments:

Post a Comment

yes