សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, August 28, 2012

ប៉ូលិស​កំពុង​ទាក់ទង​ទៅ​កោះ​តៃវ៉ាន់ ដើម្បី​បញ្ជូន​ជនជាតិ​ចិន ១១ នាក់ ទៅវិញ​

ប៉ូលិស​កំពុង​ទាក់ទង​ទៅ​កោះ​តៃវ៉ាន់ ដើម្បី​បញ្ជូន​ជនជាតិ​ចិន ១១ នាក់ ទៅវិញ​
លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឆៃ ស៊ីណា​រិ​ទ្ធ ប្រធាន​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង
 របស់​ក្រសួងមហាផ្ទៃ

ភ្នំពេញ: ប៉ូលិស​ក្រសួងមហាផ្ទៃ​របស់​ប្រទេស​កម្ពុជា កំពុងតែ​ទាក់ទង​ទៅកាន់​អាជ្ញាធរ​កោះ​តៃវ៉ាន់ ដើម្បី​បញ្ជូន​ជនជាតិ​ចិនតៃវ៉ាន់​ចំនួន ១១ នាក់ ដែល​ប្រព្រឹត្ត​បទល្មើស​នៅ​កម្ពុជា ឲ្យ​វិលត្រឡប់​ទៅវិញ​។ ជនជាតិ​ចិនតៃវ៉ាន់ ១១ នាក់​នោះ ស្ថិតក្នុង​ចំណោម​ជនជាតិ​ចិន ១៥ នាក់ ដែល​ត្រូវបាន​ប៉ូលិស​ក្រសួងមហាផ្ទៃចាប់ខ្លួន​កាលពី​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០១២ នៅ​ទី​រួម​ខេត្តកំពង់ស្ពឺ ពាក់ព័ន្ធ​នឹង​បទឧក្រិដ្ឋ​ឆ្លងដែន ជំរិត​ទារប្រាក់​តាម​ប្រព័ន្ធ​អ៊ិន​ធើណេ​ត​។ 

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឆៃ ស៊ីណា​រិ​ទ្ធ ប្រធាន​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង របស់​ក្រសួងមហាផ្ទៃ បាន​ថ្លែង​ទៅកាន់​ក្រុមអ្នកកាសែត នៅក្រៅ​កិច្ចប្រជុំ​រវាង​ប៉ូលិស និង​តំណាង​ក្រុមហ៊ុន​កាស៊ីណូ នា​ព្រឹក​ថ្ងៃទី​២៨​សីហា ឆ្នាំ​២០១២ ថា "​កាលពី​យប់​ថ្ងៃ​សុក្រ​កន្លងទៅនេះ ខាង​សមត្ថកិច្ច​របស់​នគរ​បាល​ចិន បាន​នាំ​ជនល្មើស ៤ នាក់ ដែលជា​ជនជាតិ​ចិន មាន​ប្រុស​ពីរ​នាក់ ស្រី​ពីរ​នាក់ ទៅ​ប្រទេស​ចិន​ហើយ​។ នៅ​សេសសល់​ជនជាតិ​ចិនតៃវ៉ាន់ ១១ នាក់​ទៀត​នេះ យើង​កំពុងតែ​សហការ​ជាមួយនឹង​សមត្ថកិច្ច​ចិន ដែល​ខាង​សមត្ថកិច្ច​ចិនបាន​ទំនាក់ទំនង​ជាមួយ​សម​ត្ថ​កិច្ច​តៃវ៉ាន់ ដើម្បី​មក​នាំ​ជន​ទាំងអស់នេះទៅកាន់​តៃវ៉ាន់​វិញ​"​។​


​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឆៃ ស៊ីណា​រិ​ទ្ធ បាន​បន្ថែមថា ការបញ្ជូន​ខ្លួន​ជនជាតិ​ចិនតៃវ៉ាន់​ទាំង ១១ នាក់ ចេញពី​កម្ពុជា​នោះ នឹង​ធ្វើឡើង​ក្នុងពេល​ឆាប់ៗ​នេះ មិន​ឲ្យ​ហួស​ពី​សប្តាហ៍​នេះ​ទេ​។ បញ្ហា​បញ្ជូន​ចេញ​ជនជាតិ​ចិន ឲ្យ​ត្រឡប់​ទៅវិញ​នេះ គឺពាក់ព័ន្ធ​នឹង​នីតិវិធី និង​ពាក់ព័ន្ធ​នឹង​ការរៀបចំ​មធ្យោបាយ​ដឹកជញ្ជូន​។ តែ​សម្រាប់​កម្ពុជា​បាន​បង្កលក្ខណៈ​រួច​អស់ហើយ ដោយ​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ចុះហត្ថលេខា​លើ​លិខិត​ប​ណ្ដេញ​ជនជាតិ​ចិនទាំង ១៥ នាក់ ចេញពី​កម្ពុជា​រួចហើយ​។​

​សូម​រម្លឹកថា ជនជាតិ​ចិន​ចំនួន ១៥​នាក់ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​កម្ពុជា បាន​ឃាត់ខ្លួននៅផ្ទះសំណាក់ អប្សរា នៅ​ក្រុង​ច្បារ​ខេត្ត​មន ខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០១២​។ ការចាប់ខ្លួន​ជនជាតិ​ចិន​ទាំង ១៥​នាក់​នោះ គឺជា​លើក​ទី​៣​ហើយ ដែល​សមត្ថកិច្ច​កម្ពុជាចាប់ខ្លួន​ជនជាតិ​ចិនពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ឆ្លងដែន តាមរយៈ​ការ​គំរាម​ទារ​ប្រាប់​តាម​ប្រព័ន្ធ​អ៊ីនធើណិត​។ គិត​មកដល់ពេលនេះ មាន​ចំនួន​សរុប ២៣១ នាក់​។​

​ករណី​ទី​១ សមត្ថកិច្ច​របស់​នគ​របាល​ជាតិ​កម្ពុជា ចាប់បាន ១៦៧ នាក់ (​ស្រី ៤៩ នាក់​) កាលពី​ថ្ងៃ​៩ ខែមិថុនា ឆ្នាំ​២០១១ នៅ​ខេត្ត​ព្រះសីហនុ ខេត្តស្វាយរៀង និង​នៅ​រាជធានី​ភ្នំពេញ​។​

​រីឯ​លើក​ទី​២ សមត្ថកិច្ចចាប់បាន​ជនជាតិ​ចិន ៤៩ នាក់ កាលពី​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១២ និង​បាន​បញ្ជូន​ក្រុម​ឧក្រិដ្ឋជន​ឆ្លងដែន​ទាំងនោះទៅកាន់​ប្រទេស​ចិន​វិញ​។ 

​ចំណែក​ករណី​ទី​៣ នៅ​ថ្ងៃ​៨ ខែសីហា ឆ្នាំ​២០១២ សមត្ថកិច្ច​ចាប់បាន ១៥ នាក់ នៅ​ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​៕​

No comments:

Post a Comment

yes