សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, October 5, 2012

បក្ស​សិទ្ធិ​មនុស្ស៖ លោក ហ៊ុន សែន មិន​គួរ​បារម្ភ​ពី​ការ​ប្រើប្រាស់​រថយន្ត​សម្រាប់​ពលរដ្ឋ


អ្នក​នាំ​ពាក្យ​គណបក្ស សិទ្ធិ​មនុស្ស កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី៤ ខែ​តុលា បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា គណបក្ស​លោក​មាន​មធ្យោបាយ​គ្រប់គ្រាន់​ក្នុង​ការ​ជួយ​ឧបត្ថម្ភ​ដល់​ដំណើរ​ការ​នៃ​ការ​ប្រើប្រាស់​រថយន្ត ដែល​បាន​ប្រគល់​ទៅ​ឲ្យ​ក្រុម​ប្រឹក្សា​ឃុំ​ល្បើក ស្រុក​ឈូក ខេត្ត​កំពត តាម​កិច្ច​សន្យា​កាល​ពី​ចុង​ខែ​កញ្ញា នេះ។
ប្រតិកម្ម​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ជា​សាធារណៈ បង្ហាញ​ពី​ផល​វិបាក​មួយ​ចំនួន​ទៅ​ថ្ងៃ​អនាគត របស់​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ឃុំ​ល្បើក ដែល​ពុំ​មាន​ថវិកា​ឃុំ​សម្រាប់​ចំណាយ​ផ្សេងៗ​ក្នុង​ការ​ប្រើប្រាស់​រថយន្ត​នោះ។
តំណាង​រាស្ត្រ​គណបក្ស សិទ្ធិ​មនុស្ស លោក អ៊ូ ចាន់រិទ្ធ បាន​ថ្លែង​ប្រតិកម្ម​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិន​គួរ​ព្រួយ​បារម្ភ​អំពី​ដំណើរ​ការ​នៃ​ការ​ប្រើប្រាស់​រថយន្ត សម្រាប់​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ឃុំ​ល្បើក ស្រុក​ឈូក ទេ។ លោក​ថា ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​នឹង​បន្ត​ផ្តល់​ប្រាក់​ឧបត្ថម្ភ ដើម្បី​ជួយ​សម្រួល​ដល់​សេចក្តី​ត្រូវ​ការ​របស់​ប្រជាពលរដ្ឋ​នៅ​ឃុំ​ល្បើក ដែល​ត្រូវ​ការ​រថយន្ត​ប្រើប្រាស់​សម្រាប់​ដឹក​អ្នក​ជំងឺ​ទៅ​មន្ទីរពេទ្យ។

លោក អ៊ូ ចាន់រិទ្ធ៖ «ខ្ញុំ​ចង់​ជម្រាប​ថា រថយន្ត​ដែល​យើង​បញ្ជូន​ឲ្យ​ទៅ​តាម​ឃុំ​ដែល​គណបក្ស សិទ្ធិ​មនុស្ស ឈ្នះ​មេ​ឃុំ​នោះ ថវិកា​នោះ​មិន​មែន​ជា​របស់​ឯកឧត្តម កឹម សុខា ទេ គឺ​ជា​ថវិកា​របស់​បង​ប្អូន​ខ្មែរ​យើង​នៅ​ក្រៅ​ប្រទេស ដូច​ជា​នៅ​បារាំង កាណាដា អូស្ត្រាលី និង​សហរដ្ឋ​អាមេរិក ដែល​លោក​រៃអង្គាស​ប្រាក់​មក​ជួយ​ទិញ​រថយន្ត​ដាក់​តាម​ឃុំ។ ចំពោះ​រឿង​អ្នក​ណា​ជា​អ្នក​បើក បាន​លុយ​ពី​ណា​មក​ចាក់​សាំង ឬ​ជួស​ជុល​នោះ រឿង​នេះ​ជា​រឿង​កំប៉ិកកំប៉ុក​ណាស់។ យើង​ចេះ​ធ្វើ​ហើយ​ប៉ុណ្ណឹង យើង​អាច​ទិញ​រថយន្ត​សម្រាប់​ឃុំ​នីមួយៗ​អស់​ប្រាក់ ៥ ឬ​៦ពាន់​ដុល្លារ យើង​ជឿ​ថា​ពលរដ្ឋ​នៅ​ក្រៅ​ប្រទេស​អាច​ជួយ​ឧបត្ថម្ភ​បាន​ហើយ»
កាល​ពី​ថ្ងៃ​ទី២០ ខែ​កញ្ញា កន្លងមក​នេះ គណបក្ស សិទ្ធិ​មនុស្ស បាន​នាំ​យក​រថយន្ត សម្ភារៈ​ការិយាល័យ​មួយ​ចំនួន រួម​មាន​ម៉ាស៊ីន​កុំព្យូទ័រ និង​ម៉ាស៊ីន​ភ្លើង​ជាដើម ទៅ​ប្រគល់​ឲ្យ​ក្រុម​ប្រឹក្សា​ឃុំ​ល្បើក តាម​កិច្ច​សន្យា​របស់​គណបក្ស​ខ្លួន​ពី​មុន ក្រោយ​ដែល​បាន​ឈ្នះ​តំណែង​ជា​មេ​ឃុំ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ អាណត្តិ​ទី៤ កាល​ពី​ដើម​ខែ​មិថុនា ឆ្នាំ​២០១២ កន្លង​មក​នេះ។
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធី​ចែក​វិញ្ញាបនបត្រ និង​សញ្ញាបត្រ​ដល់​សិក្ខាកាម​ថ្នាក់​វិជ្ជាជីវៈ និង​និស្សិត​ជ័យ​លាភី កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី៤ តុលា បាន​ថ្លែង​ថា លោក​អបអរ​សាទរ​ចំពោះ​ការ​គោរព​ពាក្យ​សន្យា​របស់​គណបក្ស​មួយ​ចំនួន មុន​ការ​បោះ​ឆ្នោត។ ប៉ុន្តែ លោក​ថា តើ​គេ​មាន​បាន​គិត​អំពី​ផល​វិបាក​ទៅ​ថ្ងៃ​អនាគត​ដែរ ឬ​ទេ ដែល​គេ​ត្រូវ​ការ​ប្រាក់​សម្រាប់​ការ​ចំណាយ​ផ្សេងៗ ដូច​ជា ថ្លៃ​សាំង និង​ថ្លៃ​ជួស​ជុល​ជាដើម។
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន៖ «ឥឡូវ​យើង​កំពុង​រង់ចាំ​មើល យើង​អបអរ​សាទរ​ណាស់​ចំពោះ​ការ​ដែល​គេ​អាច​សម្រេច​បាន។ ឧទាហរណ៍​ថា មួយ​ឃុំ​ឲ្យ​មាន​ឡាន​មួយ មិន​ពិបាក​ទេ​គ្រាន់​តែ​ទិញ​ឡាន ព្រោះ​ឡាន​ជជុះ​ឥឡូវ​តម្លៃ ៣ ឬ​៤ពាន់​ដុល្លារ​ទេ។ ប៉ុន្តែ​បន្ទាប់​ទៅ ចាំ​មើល​គេ​ដោះ នរណា​ធ្វើ​តៃកុង​ឡាន បាន​លុយ​ពី​ណា​ផ្តល់​ឲ្យ ព្រោះ​ថវិកា​មូលនិធិ​ឃុំ​សម្រាប់​តៃកុង​ឡាន អត់​មាន​ទេ ហ្នឹង​ទី១។ ទី២ នរណា​ដែល​ជិះ​ឡាន​ហ្នឹង បើ​មិន​ស្រួល គឺ​អា​មេ​ឃុំ​អ្នក​ជិះ​នោះ។ រឿង​ត​ទៅ​ទៀត អ្នក​ណា​ចាក់​សាំង បន្ទាប់​ពី​ហ្នឹង​ទៅ​ទៀត ដល់​ពេល​ខូច​ខាត នរណា​ដែល​ជួស​ជុល រឿង​ហ្នឹង​មិន​លេង​ទេ​ណា៎»
ក្រោយ​ពី​បាន​ទទួល​រថយន្ត និង​សម្ភារៈ​មួយ​ចំនួន​ពី​គណបក្ស សិទ្ធិ​មនុស្ស មក ប្រជាពលរដ្ឋ​ជិត ២ពាន់​គ្រួសារ ដែល​ភាគ​ច្រើន​មាន​ជីវភាព​រស់នៅ​ក្រីក្រ ក្នុង​ឃុំ​ល្បើក ស្រុក​ឈូក បាន​សម្ដែង​ក្តី​រីករាយ​ជា​ខ្លាំង។ មេ​ឃុំ​ល្បើក នៃ​គណបក្ស សិទ្ធិ​មនុស្ស លោក ម៉ែន សុខៃ អះអាង​ថា ប្រការ​ដែល​មាន​រថយន្ត​ដឹក​អ្នក​ជំងឺ​ទៅ​មន្ទីរពេទ្យ និង​ការ​ធ្វើ​លិខិត​ស្នាម​នានា​ជូន​ប្រជាពលរដ្ឋ មិន​យក​ប្រាក់​លើស​ច្បាប់​កំណត់ អាច​នឹង​ជួយ​កាត់​បន្ថយ​ការ​ចំណាយ និង​ជួយ​សម្រាល​ទុក្ខ​លំបាក​បាន​ច្រើន​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន៕

No comments:

Post a Comment

yes