សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, November 15, 2012

ករណី​ចលនា​ក្បាល​ខ្លា​នៅ​ជាប់​ទោស​ដដែល

121115_03c
សោម ឯក​ ត្រូវ​បាន​នាំ​មក​សាលា​ឧ​ទ្ធរណ៍​កាល​ពី​ម្សិលមិញ​

ភ្នំពេញៈ សាលា​ឧទ្ធរណ៍​កាល​ពី​ម្សិលមិញ​បាន​តម្កល់​សេចក្តី​សម្រេច​ឆ្នាំ ២០១០ របស់​សាលា​ដំបូង​រាជធានី ដែល​បាន​ដាក់​ទោស​សមាជិក​នៃ«​ចលនា​ក្បាល​ខ្លា»​ឬ«​រណសិរ្ស​រួប​រួម​ជាតិ​ ខ្មែរ» ៤នាក់ ដាក់​ពន្ធនាគារ​ពី​២០​ទៅ​២៨​ឆ្នាំ​ម្នាក់ៗ ក្រោម​ការ​ចោទ​ពីបទ​ប្រព្រឹត្ត​អំពើ​ភេរវកម្ម ក្នុង​ឆ្នាំ​២០០៩​ នៅ​រាជធានី​ភ្នំពេញ។

លោក ឃុន លាងម៉េង ប្រធាន​ចៅ​ក្រម​ប្រឹក្សា​នៃ​សាលា​ឧទ្ធរណ៍ បាន​ថ្លែង​ថា សោម ឯក មេ​ដឹក​នាំ​«ចលនា​ក្បាល​ខ្លា» ឬ «​រណសិរ្ស​រួប​រួម​ជាតិ​ខ្មែរ» ត្រូវ​ចោទ​ប្រកាន់​ដោយ​តុលាការ​ពី​បទ​ដឹក​ជញ្ជូន មក​រក្សា​ទុក បញ្ជូន​ចេញ ​និង​បំផ្ទុះ​គ្រឿង​ផ្ទុះ​នៅ​កន្លែង​សាធារណៈ​និង​ជ្រើស​រើស​កម្លាំង​ប្រដាប់​អាវុធ​បង្កើត​ចលនា​ក្បាល​ខ្លា ​រីឯ​សមាជិក​បី​នាក់​ទៀត​មាន​ឈ្មោះ ឡឹក ប៊ុនញ្ញាណ ពៅ វណ្ណារ៉ា និង​ ជា​ គឹមយ៉ាន ត្រូវ​ចោទ​ពី​បទ​សម​គំនិត ជាមួយ​សោម ឯក។

លោក​បញ្ជាក់​ថា ពួក​គេ​ត្រូវ​ចាប់​ខ្លួន​នៅ​ខែ​មករា ឆ្នាំ​២០០៩​ ពាក់ព័ន្ធ​នឹង​ការ​ដាក់​គ្រឿង​ផ្ទុះ​នៅ​ក្រៅ​ក្រសួង​ការពារជាតិ និង​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ ៣ ក្នុង​រាជធានី​ភ្នំពេញ។
លោក​បន្ថែម​ថា សោម ឯក ត្រូវ​សាលា​ដំបូង​ភ្នំពេញ​កាត់​ទោស​ក្នុង​ឆ្នាំ​២០១០ ដាក់​ពន្ធនាគារ​២៨​ឆ្នាំ ហើយ ឡឹក ប៊ុនញ្ញាណ ពៅ វណ្ណារ៉ា និង​ ជា​ គឹមយ៉ាន ត្រូវ​បាន​កាត់​ទោស​ដាក់​ពន្ធនាគារ​ម្នាក់​ៗ ចំនួន ២០​ឆ្នាំ ។
លោក​ប្រកាស​សាល​ដីកា​ថា៖ «ផ្អែក​តាម​សវនាការ និង​ភស្តុតាង​ជាក់​ស្តែង សាលា​ឧទ្ធរណ៍​យល់​ថា ​សេចក្តី​សម្រេច ឆ្នាំ​២០១០ របស់​សាលា​ដំបូង​រាជធានី ចំពោះ​ចុង​ចោទ​ទាំង​បួន​នាក់ គឺ​ត្រឹមត្រូវ និង​ធ្វើ​ទៅ​តាម​ច្បាប់។ ហេតុ​នេះ សាលា​ឧទ្ធរណ៍​សម្រេច​តម្កល់​សេចក្តី​សម្រេច​របស់​សាលា​ដំបូង​នេះ និង​ឲ្យ​បន្ត​ឃុំ​ខ្លួន​ពួក​គេ​»។
លោក​បន្ថែម​ថា៖ «ពួក​គេ​អាច​ប្តឹង​សារ​ទុក្ខ​ទៅ​តុលាការ​កំពូល​បាន​ទៅ​តាម​ច្បាប់ បើ​ពួក​គេ​មិន​ទទួល​យក​សាលដីកា​នេះ»។
ក្រោយ ការ​ប្រកាស​សាល​ដីកា​កាល​ពី​ម្សិលមិញ ​ជន​សង្ស័យ​ទាំង​បួន​ស្រែក​ឡើង​ថា៖ «​អយុត្តិ​ធម៌​ណាស់​»​ហើយ​ថា ពួក​គេ​មិន​បាន​ប្រព្រឹត្ត​ខុស​ឬ​បទ​ល្មើស​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ ។
ឡឹក ប៊ុនញ្ញាណ ថ្លែង​ថា គាត់​គឺជា​ជន​រងគ្រោះ​នៃ​ការ​ចាប់​ខ្លួន​នេះ​។ គាត់​មិន​មែន​ជា​សមាជិក ចលនា​ក្បាល​ខ្លា​ឬ​រណសិរ្ស​រួប​រួម​ជាតិ​ខ្មែរ និង​​ជាប់​ពាក់​ព័ន្ធ​ជាមួយ​ការ​បំផ្ទុះ​នៅ​ភ្នំ​ពេញ​ក្នុង​អំឡុង ឆ្នាំ​២០០៩​ នោះ​ទេ។
គាត់​លើក​ថា​៖ «​ខ្ញុំ​ជា​ជន​ស្លូត​ត្រង់​ ប៉ុន្តែ​ត្រូវ​បាន​ចោទ​ប្រកាន់ និង​កាត់​ឲ្យ​ជាប់​ពន្ធនាគារ​២០​ឆ្នាំ តើ​យុត្តិធម៌​នៅ​ឯណា?​ ខ្ញុំ​នឹង​សូម​ឲ្យ​សម្លាប់​ខ្ញុំ ​ឬ​សម្លាប់​សមាជិក​គ្រួសារ​ខ្ញុំ បើ​ខ្ញុំ​ពិត​ជា​បាន​ប្រព្រឹត្ត​ដូច​ចោទ​ប្រកាន់»។
សោម ឯក បាន​ថ្លែង​ថា សេចក្តី​សម្រេច​របស់​តុលាការ​គឺ​អយុត្តិធម៌​ណាស់ ហើយ​គាត់​មិន​អាច​ទទួល​យក​បាន​ទេ។
គាត់​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ក្នុង​កិច្ច​សម្ភាស​ផ្ទាល់​ថា៖ «ខ្ញុំ​បាន​ប្រាប់​តុលាការ​ពី​មុន​ថា ខ្ញុំ​មិន​បាន​ពាក់ព័ន្ធ​ក្នុង​ការ​ដាក់​បង្កប់​គ្រឿង​ផ្ទុះ​នៅ​ក្រៅ ក្រសួង​ការពារជាតិ​និង​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៣​នោះ​ទេ ហើយ​ខ្ញុំ​ក៏​មិន​បាន​បណ្តុះ​បណ្តាល​ភេរវករ ឬ​ជ្រើសរើស​កម្លាំង​ប្រដាប់​អាវុធ​ឲ្យ​ប្រឆាំង​រដ្ឋាភិបាល​ដូច ការ​ចោទ​នោះ​ដែរ​»។
លោក​ថា៖«ខ្ញុំ​ត្រូវ​នគរបាល​បង្ខំ​ឲ្យ​សារ​ភាព អំពី​សកម្មភាព​និង​និយាយ​តាម​ចម្លើយ​របស់​នគរបាល​ដែល​គេ​ប្រាប់​ឲ្យ និយាយ។ ដោយ​សារ​ពេល​ខ្ញុំ​ត្រូវ​បាន​ចាប់​ខ្លួន នគរបាល​បាន​ចាប់​ប្រពន្ធ​ខ្ញុំ​ដែល​មាន​ផ្ទៃពោះ​៦​ខែ ដើម្បី​គំរាម​ខ្ញុំ​។ ពួក​គេ​បាន​គំរាម​ចាប់​ខ្លួន និង​ដាក់​ពន្ធនាគារ​ទាំង​ប្រពន្ធ​ខ្ញុំ​ដែល​មាន​ផ្ទៃ​ពោះ​ប្រសិន បើ​ខ្ញុំ​មិន​ឆ្លើយ ដូច​ចម្លើយ​ដែល​ពួក​គេ​ចង់​បាន​»។  គាត់​គិត​ថា ដើម្បី​ស្វែង​រក​ការ​ពិត និង​យុត្តិធម៌ គាត់​នឹង​បន្ត​ប្តឹង​សារទុក្ខ​ទៅ​តុលាការ​កំពូល​ទៀត។
តាម​ឯកសារ តុលាការ​ សោម ឯក ​ត្រូវ​ចាប់​ខ្លួន​នៅ​ក្រុង​ប៉ោយប៉ែត ក្នុង​ខេត្ត​បន្ទាយ​មានជ័យ​កាល​ពី​ខែ​មករា ឆ្នាំ​២០០៩ ​ពាក់ព័ន្ធ​នឹង​ការ​ដាក់​គ្រឿង​ផ្ទុះ​នៅ​ក្រៅ​ក្រសួង​ការពារជាតិ និង​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ ៣ និង​មេ​គំនិត​នៅ​ពី​ក្រោយ​ផែនការ​ដាក់​គ្រាប់​បែក​នៅ​ស្តូប​មិត្ត ភាព​កម្ពុជា‑វៀតណាម នៅ​ភ្នំពេញ​កាល​ពី​ខែ​កក្កដា​ឆ្នាំ​២០០៧៕

No comments:

Post a Comment

yes