អ្នកស្រីទេព វណ្ណនី
ភ្នំពេញ៖ នៅពេលរំឭកដល់ជម្លោះដីធ្លីនៅតំបន់បឹងកក់
ប្រជាពលរដ្ឋក្រុងភ្នំពេញភាគច្រើនគិតដល់ឈ្មោះអ្នកស្រីទេព វណ្ណនី
ដែលជាស្ត្រីវ័យកណ្តាលម្នាក់ដែលបានដឹកនាំការតស៊ូយ៉ាងខ្លាំងក្លាប្រកបដោយវោហាសព្ទ។
ជាម្តាយកូនពីរនាក់ អ្នកស្រីទេព
វណ្ណនីស្ថិតនៅក្នុងគ្រួសារមួយក្នុងចំណោមគ្រួសារសរុបជាង៤០០០ដែលត្រូវបណ្តេញចេញពីតំបន់បឹងកក់
នៅពេលដែលរដ្ឋាភិបាលប្រគល់តំបន់បឹងស្រូបទឹកជំនន់ដ៏ធំកណ្តាលរាជធានីនេះ
ឲ្យក្រុមហ៊ុនស៊ូកាគូអ៊ីនសម្រាប់វិនិយោគលំនៅដ្ឋានទំនើបនិងមណ្ឌលពាណិជ្ជកម្ម។
នៅពេលនោះស្ត្រីសហគមន៍ក្រីក្រនេះមួយក្រុមបានងើបឡើងតវ៉ាដើម្បីទាមទារសំណងសមស្រប
និងត្រឹមត្រូវ។ ដោយសារភាពក្លៀវក្លារបស់អ្នកស្រី អ្នកស្រីទេព
វណ្ណនីត្រូវក្រុមអ្នកតវ៉ាជ្រើសតាំងជាតំណាងរបស់ពួកគេ។
អ្នកស្រីនិយាយថា៖«ដោយសារតែការអភិវឌ្ឍដោយបង្ខំ
ការអភិវឌ្ឍដោយគំរាមកំហែងពីសំណាក់ក្រុមហ៊ុន
ប្រសិនបើពួកគាត់នៅតែបន្តតស៊ូយ៉ូរៗទៅ
ពួកគាត់ខ្លាចត្រូវគេបណ្តេញចេញដោយគ្មានសំណង សូម្បីតែមួយកាក់
មួយសេន។ ជាក់ស្តែង យើងឃើញថា
ក្រុមហ៊ុនបានបូមភក់មកចាក់ពន្លិច១៨គ្រួសារ
ដោយគ្មានសំណងអ្វីទាំងអស់រហូតមកទល់សព្វថ្ងៃហ្នឹង»។
សម្លេងរបស់ស្ត្រីមួយក្រុមត្រូវបានដឹងឮ
មិនត្រឹមតែក្នុងប្រទេសទេ
ប៉ុន្តែការតស៊ូរបស់ពួកគេដែលពោរពេញដោយការបង្ក្រាប ការរារាំងបានឮសុះសាយក្នុងពិភពលោក។
ក្នុងរយៈពេលជិតប្រាំឆ្នាំ
ស្ត្រីនិងបុរសក្នុងសហគមន៍បឹងកក់ចំនួន១៥នាក់ត្រូវចាប់ខ្លួនដាក់ពន្ធនាគារ។
អ្នកស្រីទេព
វណ្ណនីហាក់ដូចជាដឹងពីការប្រឈមនេះជាមុនរួចជាស្រេច។
«ស្ត្រីបឹងកក់នេះ១៥នាក់ហើយដែលធ្លាប់ជាប់ពន្ធនាគារ
រួមទាំងបុរសម្នាក់ទៀត។
ឈានជើងចូលរួមជាមួយប្រជាពលរដ្ឋតំបន់បឹងកក់នេះគឺសុទ្ធចិត្តលះបង់ជីវិតទៀតផង
មិនត្រឹមតែមិនខ្លាចជាប់គុកទេគឺហ៊ានលះបង់ជីវិតទៀតផង
ធ្វើយ៉ាងដូចម្តេចដើម្បីបាននូវការគោរព និងយុត្តិធ៌ម
មិនមែនប្រឆាំងទៅនឹងការអភិវឌ្ឍរបស់រដ្ឋាភិបាលទេ»។
ដោយសារការលះបង់នៃក្រុមស្ត្រីបឹងកក់ទាំងនេះ
ទើបបានជាអ្នកស្រីទេព វណ្ណនី ត្រូវបានជ្រើសរើសជាជ័យលាភីពានរង្វាន់ Global
Partnership កាលពីខែវិច្ឆិកាឆ្នាំ២០១២នេះ។ រង្វាន់នេះផ្តល់ដោយស្ថាប័នVital
Voice Global Partnership បង្កើតដោយស្រីហ៊ីលឡារី គ្លីនតុន
រដ្ឋមន្ដ្រីការបរទេសសហរដ្ឋអាមេរិក។
ពានរង្វាន់ Global Partnership ផ្តល់ជូនស្ត្រីក្នុងពិភពលោកជារៀងរាល់ឆ្នាំចំនួនប្រាំនាក់សម្រាប់វីរភាពលេចធ្លោ
និងបង្ហាញពីភាពដឹកនាំ មានសេចក្តីក្លាយហានក្នុងការចេញមុខតស៊ូ
និងការពារសិទ្ធិស្ត្រី។
ការផ្តល់រង្វាន់នេះបានធ្វើឲ្យអ្នកស្រីទេព
វណ្ណនីមានការភ្ញាក់ផ្អើលជាខ្លាំង។
«ខ្ញុំមិនដែលដឹងថា
ការតស៊ូហ្នឹងនឹងធ្វើឲ្យខ្ញុំបានទទួលរង្វាន់អ្វីនោះទេ
ហើយការតស៊ូនេះគឺមានបំណងសម្រាប់តែការស្វែងរកយុត្តិធម៌សម្រាប់ប្រជាជននៅបឹងកក់តែប៉ុណ្ណោះ។
យើងមិនដឹងផងថា គេជ្រើសរើសយើង។ ខ្ញុំមានការភា្ញក់ផ្អើល
និងរំភើបដែរ និយាយដោយត្រង់តែម្តងទៅ»។
យ៉ាងណាក្តី ស្ត្រីវ័យ៣១ឆ្នាំរូបនេះក៏បានប្រាប់ដែរថា
ពាន់រង្វាន់មួយនេះពិតជាមានសារៈសំខាន់ណាស់
គឺមិនមែនសម្រាប់តែអ្នកស្រីម្នាក់នោះទេ
ប៉ុន្តែសម្រាប់ស្ត្រីនៅតំបន់បឹងកក់ទាំងអស់តែម្តងដែលបានជំនះរាល់ការលំបាកនានាក្នុងការតស៊ូក្នុងជម្លោះដីធ្លីនៅតំបន់ដែលខ្លួនធ្លាប់រស់នៅ។
លើសពីនោះទៅទៀតអ្នកស្រីបញ្ជាក់ថា
វាក៏ជាការលើកទឹកចិត្តមួយសម្រាប់ដល់ស្ត្រីទាំងអស់នៅកម្ពុជា។
អ្នកស្រីទេព
វណ្ណនីបានចាកចេញពីខេត្តកំពតមករស់នៅក្នុងរាជធានីភ្នំពេញនៅឆ្នាំ១៩៩៨
ហើយប្រាំបីឆ្នាំក្រោយមកក្រុមគ្រួសាររបស់អ្នកស្រីបានចូលមករស់នៅក្នុងភូមិ២២នៃតំបន់បឹងកក់
ហើយអ្នកស្រីបានរៀបការនៅទីនេះ។
ជាកូនទីប្រាំនៃគ្រួសារដ៏ក្រីក្រដែលមានសមាជិកចំនួន៩នាក់
អ្នកស្រីទេព វណ្ណនី បានបញ្ចប់ការសិក្សាត្រឹមថ្នាក់ទី៩ប៉ុណ្ណោះ។
ស្វាមីរបស់គាត់ធ្វើជាទាហានផងនិងឆ្លៀតថតរូបលក់ផងដើម្បីរកកម្រៃក្រៅពីប្រាក់ខែរាជការដែលមិនអាចឲ្យគាត់ទ្រទ្រង់ជីវភាពបាន។
អ្នកស្រីប្រាប់ថា ខ្សែជីវិតរបស់អ្នកស្រី
និងក្រុមគ្រួសារបានផ្លាស់ប្តូរនៅពេលដែលរដ្ឋាភិបាលបានសម្រេចផ្តល់ដីតំបន់បឹងកក់ដែលមានទំហំ១៣៣ហិចតាឲ្យក្រុមហ៊ុនស៊ូកាគូអ៊ីនវិនិយោគ។
«ពីមុនពេលនៃការអភិវឌ្ឍឆ្នាំ២០០៨
ខ្ញុំបានលក់ដូររបស់បន្តិចបន្ទួច របស់ញុំ គ្រឿងទេសផ្សេងៗ។
ប៉ុន្តែក្រោយពេលឆ្នាំ២០១០នៃការអភិវឌ្ឍរួចមក
យើងលែងបានលក់ដូរអ្វីទៀតហើយ។ ដោយហេតុថា
ប្រជាពលរដ្ឋមានការជ្រួលច្របល់ពីការផ្លាស់ប្តូរទៅលំនៅ។
យើងគិតតែបន្តការព្រួយបារម្ភនានា ពីការបណ្តេញចេញពីលំនៅដ្ឋាន»។
ប៉ុន្តែផលវិបាកមានច្រើនជាងនេះទៀត នៅពេលដែលអ្នកស្រីទេព
វណ្ណនី និងស្ត្រីជាងដប់នាក់ផ្សេងទៀតនៃសហគមន៍បឹងកក់ត្រូវចាប់ខ្លួនដាក់ពន្ធនាគារ។
នៅពេលនោះបន្ទុកទាំងអស់ត្រូវស្ថិតលើប្តីរបស់គាត់។
«ធ្វើអត់សូវដាច់ដូចមុនទេ ពីព្រោះថា
យើងអត់សូវមានពេលវេលាធ្វើដូចមុនទេគឺរវល់ក្នុងការតវ៉ា។
បាត់បង់តួនាទីជាម្តាយដ៏ល្អ ភរិយាល្អ។ ខ្វះពេលវេលាសម្រាប់គ្រួសារ។
ខ្ញុំធ្លាប់ជាប់ពន្ធនាគារព្រៃសរយៈពេល១ខែ៣ថ្ងៃ។
ដូចពេល...គេចាប់យើងដោយបង្ខំ។ ពេលគេបិទទ្វារឡានអញ្ចឹងទៅ
វាធ្វើឲ្យយើងបាក់មេដៃ។ យើងឈឺចិត្ត ទាំងផ្លូវកាយ និងផ្លូវចិត្តតែម្តង»។
ស្វាមីរបស់អ្នកស្រីគឺលោកគង់
ជាត្រូវអង្គភាពផ្អាកពីការងារ
ដោយសារតែសកម្មភាពតវ៉ាយ៉ាងខ្លាំងក្លាដែលក្រុមអាជ្ញាធរចាត់ទុកថា
ជាសកម្មភាពប្រឆាំងនឹងរដ្ឋាភិបាល។
ប៉ុន្តែវិធានការនេះមិនបានបំបាក់ស្មារតីរបស់គាត់
មិនអាចឲ្យគាត់ឈប់គាំទ្រសកម្មភាពប្រពន្ធរបស់ខ្លួននោះទេ។
លោកនិយាយថា៖«ខ្ញុំមិននឹកស្មានដល់ដែរថា
គាត់ទទួលពាន់រង្វាន់ ពីព្រោះប្រពន្ធខ្ញុំហ្នឹង
កាលពីមុនគ្រាន់ជាអ្នកលក់ដូរ និងជាស្ត្រីមេផ្ទះ»។
អ្នកស្រីទេព
វណ្ណនីនៅតែមានសុទិដ្ឋិនិយមក្នុងការតស៊ូរបស់ប្រជាពលរដ្ឋសហគមន៍បឹងកក់
ជាពិសេសចំពោះការសន្យារបស់រដ្ឋាភិបាលក្នុងការកាត់ដីចំនួន១២,៤៤ហិចតាពីក្រុមហ៊ុនស៊ូកាគូអ៊ីនសម្រាប់ចែកជូនជនរងគ្រោះនៃការបណ្តេញចេញ។
ប៉ុន្តែអាជ្ញាធរក្រុងនៅមិនទាន់បែងចែកដីនេះដល់ប្រជាពលរដ្ឋជាង៧០០គ្រួសារនោះគ្រប់ចំនួននៅឡើយ
ហើយជាពិសេសប្រធានក្រុមហ៊ុនស៊ូកាគូអ៊ីនទទួលបានចំណែកដីក្នុងនោះដែរ
ដែលជាប្រការមិនប្រក្រតី។
មានសម្បុរខ្មៅស្រអែម អ្នកស្រីទេព
វណ្ណនីនឹងត្រូវធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកនៅខែមិនាឆ្នាំ២០១៣ដើម្បីទទួលពានរង្វាន់
Global Partnership ហើយអ្នកស្រីនឹងបន្តស្នាក់នៅទីនោះរហូតដល់ខែមេសា។
ដោយសារស្នាដៃតស៊ូជាមួយនឹងស្ត្រីសហគមន៍បឹងកក់ជាច្រើនទៀត
អ្នកស្រីទេព
វណ្ណនីត្រូវបានអញ្ជើញឲ្យទៅចែករំលែកបទពិសោធន៍របស់ខ្លួននៅប្រទេសថៃនិងសឹង្ហបូរី
ក៏ប៉ុន្តែអ្នកស្រីខកខានមិនបានទៅទីក្រុងហុងកុងទេក្នុងកំឡុងពេលដែលអ្នកស្រីជាប់ឃុំឃាំង។
យ៉ាងណាក៏ដោយ
ការតស៊ូជាច្រើនរបស់ស្ត្រីសហគមន៍បឹងកក់ត្រូវថតបញ្ចូលក្នុងខ្សែភាពយន្តមួយក្នុង
International
Movie That Matter។ អ្នកស្រីគឺជាតួអង្គសំខាន់ម្នាក់ក្នុងរឿងនេះ
ហើយអ្នកស្រីនឹងអញ្ជើញទៅចូលរួមក្នុងពិធីបញ្ចាំងខ្សែភាពយន្តនេះនៅទីក្រុងអាមស្ទើដាំ
ប្រទេសហូឡង់ នៅឆ្នាំក្រោយនេះ។
អ្នកស្រីទេព វណ្ណនីពោលជាចុងក្រោយថា៖«ក្តីប្រាថ្នារបស់ខ្ញុំនោះគឺចង់ឲ្យជម្លោះដីធ្លីនៅតំបន់បឹងកក់បានបញ្ចប់ដោយយុត្តិធម៌»
៕
No comments:
Post a Comment
yes