នាយករដ្ឋមន្ត្រីខ្មែរ លោក ហ៊ុន សែន បានអះអាងថា ប្រជាជនកម្ពុជានៅតែគាំទ្រគណបក្សប្រជាជនកម្ពុជារបស់លោក សម្រាប់ការបោះឆ្នោតថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ នោះបើយោងលើលទ្ធផលស្ទង់មតិ របស់វិទ្យាស្ថានសាធារណៈអន្តរជាតិ IRI របស់អាមេរិក។
លោកនាយករដ្ឋមន្ត្រី បានថ្លែងដូចនេះ ខណៈលោកបានទៅចូលរួម ជាអធិបតីក្នុងពិធីមួយ នៅខេត្តកំពង់ចាម នៅព្រឹកថ្ងៃព្រហស្បត្តិ ទី៣០ ខែឧសភា ឆ្នាំ២០១៣នេះ។
ក្នុងឱកាសនោះ លោកនាយករដ្ឋមន្ត្រីថ្លែងថា បើយោងតាមលទ្ធផលស្ទង់មតិ របស់វិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ IRI របស់អាមេរិក គឺមានអ្នកស្មោះស្ម័គ្រ ហើយសន្យាបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា របស់លោកមាន៤៨ ទៅ៤៩ភាគរយ ហើយអ្នកមិនច្បាស់លាស់មាន ២៨ភាគរយ។ លោកថា តាមតួលេខនេះ មានន័យថា នឹងមានអ្នកគាំទ្រលើស៥០ភាគរយ ដែលគណបក្សប្រជាជន ប្រាកដនឹងឈ្នះឆ្នោត ៖ "តើអ្នកអាចនឹងបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា គ្រប់ការបោះឆ្នោតឬទេ? ៤៨ភាគរយ ៤៩ភាគរយ ប្រាកដជាបោះជូន ២៨ភាគរយកទំនងជាបោះជូន ៧ភាគរយទំនងជាមិនបោះជូន ១៥ភាគរយប្រាកដជាបោះជូន មួយភាគរយកថាអត់ដឹង។ អញ្ចឹងទេ បូកសរុបនៅទីនេះ ទាំងអ្នកដាច់ខាតបោះជូន និងទំនងបោះជូន ៧៧ភាគរយ"។
បើតាមលោក ហ៊ុន សែន លទ្ធផលស្ទង់មតិរបស់វិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ IRI របស់អាមេរិក បានធ្វើឡើងទៅលើមនុស្ស មានអាយុ ១៨ឆ្នាំ ឡើងទៅមាន ២០០០នាក់។
ប៉ុន្តែលោក គល់ បញ្ញា នាយកប្រតិបត្តិគណៈកម្មាធិការឃ្លាំមើលការបោះឆ្នោតនៅកម្ពុជា និងជាអ្នកវិភាគលើប្រព័ន្ធបោះឆ្នោត ឆ្នាំ២០១៣ មានការយល់ផ្សេងពីលោកនាយករដ្ឋមន្ត្រី។ លោកព្រមានថា បើយោងតាមលទ្ធផលរបស់ IRI ពី៤៨ ទៅ៤៩ភាគរយ គាំទ្រគណបក្សកាន់អំណាច គឺអាចធ្លាក់ចុះថែមទៀត ហើយតួលេខនេះបង្ហាញថា គណបក្សកាន់អំណាច ទំនងមិនអាចដណ្ដើមសន្លឹកឆ្នោតលើស ៥០ភាគរយ នោះទេ។ លោកថានេះបើតាមការវិភាគបែបវិទ្យាសាស្ត្ររបស់លោក ៖ "គណបក្សប្រជាជន ឃើញដូចធ្លាក់សំឡេង ធ្លាប់សន្លឹកឆ្នោតគាត់ ២០០៨ គឺថាមានដល់ ៥៨ភាគរយ ភាគច្រើនអ្នកបោះឆ្នោតឲ្យគណបក្សប្រឆាំង គាត់អត់ហ៊ានបញ្ចេញមតិទេ អញ្ចឹងហើយក្នុងចំណោមតែ ៥២ភាគរយហ្នឹង ប្រហែលជាក្នុងចំណោមហ្នឹងមានអ្នកខ្លះបោះឆ្នោតឲ្យគណបក្សប្រឆាំង ប៉ិនគាត់អត់មានបញ្ចេញមតិ ព្រោះនៅប្រទេសយើង ប្រជាពលរដ្ឋយើងនៅមានការភ័យខ្លាច អញ្ចឹងគាត់អត់ហ៊ានបញ្ចេញមតិថា គាត់បោះឲ្យអ្នកនេះ គាត់បោះឲ្យអ្នកនោះទេ"។
សម្រាប់អ្នកវិភាគបញ្ហាសង្គម និងជាប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ បានបង្ហាញការវិភាគរបស់លោកថា បើតាមលទ្ធផលនេះ គឺគណបក្សប្រជាជនអាចមានហានិភ័យ។ លោកបានផ្ដល់អនុសាសន៍ថា គណបក្សប្រជាជន ត្រូវស្វែងរកជំនឿទុកចិត្តថែមទៀត ពីអ្នកបោះឆ្នោត ៖ "លទ្ធផលនៃការបោះឆ្នោតនេះ គឺវាប្រហែលជាសំឡេងគណបក្សប្រជាជនអាចធា្លក់បន្តិច ប៉ុន្តែជារឿងមួយដែលគណបក្សនយោបាយត្រូវរៀបចំយុទ្ធសាស្រ្ត ដើម្បីទាក់ទាញ ២៨ភាគរយ ដែលមិនទាន់សម្រេចហ្នឹង បើសិនជាគណបក្សប្រជាជនកម្ពុជា អត់ធ្វើអីដែលខុសច្រើន ឬមួយធ្វើអីដែលធ្ងន់ធ្ងរ អត់មានព្រឹត្តិការណ៍កើតឡើងធ្ងន់ធ្ងរទេ គណបក្សប្រជាជនប្រហែលនឹងឈ្នះហើយ នៅក្នុងការបោះឆ្នោតឆ្នាំ២០១៣ហ្នឹង ប៉ុន្តែវាអាស្រ័យទៅលើអញ្ចេក វានៅក្នុងស្ថានភាពបែបហ្នឹង យើងវិភាគថាតើនឹងបានសំឡេងប៉ុន្មាន មិនមែនសំឡេងទូទាំងប្រទេសទេ គឺប្រៀបធៀបទៅលើខេត្តទៀត"។
បើទោះជាយ៉ាងណា លោកនាយករដ្ឋមន្ត្រី បានថ្លែងថា របាយការណ៍របស់ IRI ជារឿងសម្ងាត់ សម្រាប់គណបក្សនិមួយៗ ហើយសម្រាប់រូបលោកមិនដឹងថា គណបក្សប្រឆាំងនឹងមានប្រតិកម្មបែបណាទេ ចំពោះការចេញលទ្ធផល នៃការស្ទង់មតិនេះ។
តែបើតាមអ្នកវិភាគ ការបោះឆ្នោត ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣នេះ ទំនងអាចមានតែគណបក្សពីរប៉ុណ្ណោះ ដែលអ្នកបោះឆ្នោតធ្វើការពិចារណា លើគោលនយោបាយរបស់គណបក្ស ហើយគណបក្សទាំងពីរនោះ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ៕
No comments:
Post a Comment
yes