កម្មករចូលរួមបាតុកម្មដើម្បីទាមទារប្រាក់ខែគោល ១៦០$
នាពេលកន្លងមក (រូបថត៖ តាត ឧត្តម)
VOD
សហព័ន្ធសហជីព សមាគម និងកម្មករនិយោជិតនៅគ្រប់វិស័យ អំពាវនាវដល់កម្មករនិយោជិត ធ្វើពហិការធ្វើការថែមម៉ោងនៅគ្រប់បណ្តារោងចក្រសហគ្រាស និងគ្រឹះស្ថានទាំងអស់ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ខែកុម្ភៈ ដើម្បីទាមទារឲ្យមានដោះស្រាយបញ្ហាកម្មករ និងដោះលែងជនជាប់ចោទទាំង២១នាក់ និងទម្លាក់ចោលការចោទប្រកាន់អ្នកទាំង២៣នាក់ទាំងស្រុង។
នៅក្នុងសេចក្តីអំពាវនាវរបស់សហព័ន្ធសហជីព សមាគម និងកម្មករនិយោជិតនៅគ្រប់វិស័យ ចេញផ្សាយនៅថ្ងៃទី១៣ខែកុម្ភៈ បានអំពាវនាវដល់សមាជិក សមាជិកា កម្មករនិយោជិត មន្ត្រីរាជការ និងប្រជាពលរដ្ឋ ចូលរួមកូដកម្មតវ៉ា ដោយធ្វើពហិការដោយមិនធ្វើការថែមម៉ោងនៅគ្រប់បណ្តារោងចក្រសហគ្រាស និងគ្រឹះស្ថានទាំងអស់ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ខែកុម្ភៈ ព្រមទាំងចូលរួមវេទិកាសាធារណៈនៅថ្ងៃទី០៨ខែមីនា នៅទីលានប្រជាធិបតេយ្យ ដែលសហព័ន្ធសហជីព នឹងអញ្ជើញលោកស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកឧបនាយករដ្ឋមន្ត្រី គាត ឈន់ លោកអ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងលោក ជីវ កេង ប្រធានសាលាដំបូងរាជធានីភ្នំពេញដើម្បីឆ្លើយបំភ្លឺនៅមុខមហាជន។
សេចក្តីអំពាវនាវ បន្តថា ការធ្វើកូដកម្មនេះ ក្នុងគោលបំណងទាមទារឲ្យរដ្ឋាភិបាល និងនយោជកដោះស្រាយបញ្ហាចំនួន៧ចំណុច ក្នុងនោះមាន សុំឲ្យដោះលែងជនជាប់ចោទទាំង២១នាក់ និងទម្លាក់ចោលរាល់ការចោទប្រកាន់ទាំងអស់លើអ្នកទាំង២៣នាក់, សុំឲ្យមានការចរចាឡើងវិញលើប្រាក់ឈ្នួលគោល១៦០ដុល្លារក្នុងមួយខែ, ត្រូវដាក់ទោសដល់ជនល្មើសដែលបានប្រើហិង្សានិងសម្លាប់កម្មករ ព្រមទាំងផ្តល់សំណងជំងឺចិត្តដល់ជនរងគ្រោះ ដែលបានបាត់បង់ជីវិត រងរបួស និងជាប់ឃុំឃាំង, រដ្ឋាភិបាលត្រូវដកបម្រាមនៃការជួបជុំជាសាធារណៈរបស់ប្រជាពលរដ្ឋចេញ វិញ និងលុបចោលការព្យួរការចុះបញ្ជីការអង្គការវិជ្ជាជីវៈពីក្រសួងការងារ, តំណាងក្រុមហ៊ុនទាំងអស់ត្រូវដកបណ្តឹងដែលប្រឆាំងសហជីព និងកម្មករនិយោជិត, សុំទទួលយកកម្មករដែលត្រូវបញ្ឈប់ពីការងារឲ្យចូលធ្វើការវិញ ព្រមទាំងផ្តល់ប្រាក់រម្លឹក និងអត្ថប្រយោជន៍ផ្សេងៗ និងត្រូវទូទាត់ប្រាក់ឈ្នួល និងប្រាក់រង្វាន់ទៀងទាត់ជូនដល់កម្មករ ដែលនិយោជកបានកាត់ ក្នុងអំឡុងពេលធ្វើកូដកម្ម។
នៅក្នុងសេចក្តីអំពាវនាវនោះ សហព័ន្ធសហជីព សមាគម និងកម្មករនិយោជិតនៅគ្រប់វិស័យ ក៏បានព្រមានធ្វើកូដកម្មទ្រង់ទ្រាយធំនៅទូទាំងប្រទេស ចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៥ ខែមិនា ដោយកម្មករនិយោជិត និងមន្ត្រីរាជការ នឹងធ្វើកូដកម្មមិនទៅធ្វើការ។ ចំណែកថ្ងៃទី១៦ដល់ថ្ងៃទី១៩ ខែមិនា កម្មករនិយោជិតនឹងទៅកន្លែងធ្វើការ តែមិនបំពេញការងារ៕

No comments:
Post a Comment
yes