តំណាងប្រជាពលរដ្ឋ៤០៥គ្រួសារដែលមាន
ជម្លោះដីធ្លីនៅស្រុកស្នួលខេត្តក្រចេះ នៅព្រឹកថ្ងៃសុក្រនេះ
បដិសេធការវិលត្រឡប់ទៅខេត្តដើម្បីដោះស្រាយបញ្ហាតាមការស្នើសុំរបស់
អាជ្ញាធរ និងមន្ត្រីរដ្ឋាភិបាលកាលពីថ្ងៃព្រហស្បតិ៍។
កាលពីថ្ងៃព្រហស្បតិ៍
អភិបាលរងរាជធានីភ្នំពេញ លោក ឃួង ស្រេង មានប្រសាសន៍ថា
ការមករស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងវត្តសាមគ្គីរង្សី នៅខណ្ឌមានជ័យ
គឺខុសច្បាប់។ លោកបន្ថែមថា ពលរដ្ឋទាំងអស់ត្រូវទៅខេត្តក្រចេះវិញ
ដើម្បីដោះស្រាយបញ្ហាដីធ្លី «ត្រូវដោះស្រាយដីជូនប្រជាជន
ព្រោះយើងបានដោះស្រាយរួចហើយ អូនឃើញឬនៅ អូនយល់ទេ អូនដឹងហើយណា
ហើយសម្តេចបានជម្រាបទៅក្រសួងដែនដីទៀតថា
ត្រូវរៀបចំដីឲ្យប្រជាជនណាដែលខ្វះដីពិតប្រាកដ
ឲ្យដាក់ពាក្យតាមសង្កាត់ តាមស្រុក តាមខេត្ត
ដើម្បីប្រគល់ដីធ្វើកសិកម្មជូនដល់ប្រជាជនដែលខ្វះខាតប្រាកដ។
អាចទៅខេត្តតែម្តង ព្រោះខ្ញុំមិនដឹងថាគេដុតមិនដុតដែរ
ប៉ុន្តែខ្ញុំមិនសង្ឃឹមថា ក្រោមការដឹកនាំរបស់សម្តេចតេជោ
មានមន្ត្រីដុតផ្ទះគេទេ អត់មានទេ ខ្ញុំជឿជាក់ថាអ៊ីចឹង»។
តំណាងប្រជាពលរដ្ឋមានជម្លោះដីធ្លី លោក
ភី ឆាយ ប្រាប់VODនៅព្រឹកថ្ងៃសុក្រនេះថា
ពលរដ្ឋដែលស្នាក់នៅក្នុងវត្តសាមគ្គីរង្សីជាង២០០នាក់
បានឯកភាពគ្នាដាក់លក្ខខណ្ឌ៧ចំណុចទៅឲ្យអាជ្ញាធរ។
លក្ខខណ្ឌទាំងនោះរួមមាន ទី១.
ពលរដ្ឋត្រូវការចូលទៅរស់នៅទីតាំងដើម និងមិនមែនជាដីដោះដូរ ទី២.
ស្នើឲ្យមានការយល់ព្រមជាលាយល័ក្ខអក្សរពីអភិបាលខេត្ត និងអភិបាលស្រុក
ទី៣.
ស្នើឲ្យមានការធានាសុវត្ថិភាព១០០ភាគរយពីសំណាក់អាជ្ញាធរគ្រប់
លំដាប់ថ្នាក់ ទី៤. ស្នើឲ្យអាជ្ញាធរទទួលស្គាល់ជាលក្ខណៈផ្លូវច្បាប់
នៅទីតាំងដីរបស់គ្រួសារនីមួយៗ ចំណុចទី៥.
ប្រសិនបើពលរដ្ឋចូលទៅរស់នៅហើយ មានការគំរាមកំហែងដល់អាយុជីវិត
អាជ្ញាធរត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។
ពលរដ្ឋក៏ទាមទារឲ្យមានការវិលត្រឡប់ទៅខេត្តវិញដោយមធ្យោបាយខ្លួនឯង
ទាមទារឲ្យមានការចូលរួមសង្កេតការណ៍ពីសំណាក់អ្នកសារព័ត៌មាន
និងអង្គការសង្គមស៊ីវិល ធានាសុវត្ថិភាពរបស់ប្រជាពលរដ្ឋទាំងអស់។
លោក ភី ឆាយ បញ្ជាក់ថា
ពលរដ្ឋនឹងមិនត្រឡប់ទៅវិញនោះទេ បើមិនទទួលបានការសន្យាជាក់លាក់
ហើយប្ដេជ្ញាលះបង់ជីវិត
ប្រសិនបើមានការប្រើកម្លាំងបំបែកពីសំណាក់អាជ្ញាធរ។
ព្រះតេជគុណ ថាច់ ថាវរី
គង់នៅវត្តសាមគ្គីរង្សី មានសង្ឃដីកាថា
វត្តនៅតែទទួលប្រជាជនឲ្យស្នាក់នៅ
បើទោះមានការគំរាមកំហែងពីសំណាក់អាជ្ញាធរក៏ដោយ។ ព្រះអង្គបន្តថា
អាជ្ញាធរគ្រោងនឹងមកជួបប្រជាពលរដ្ឋនៅព្រឹកថ្ងៃសុក្រនេះម្ដងទៀត
ដើម្បីធ្វើការបញ្ជូនប្រជាពលរដ្ឋទាំងអស់ត្រឡប់ទៅខេត្តវិញ
ខណៈប្រជាជនទាំងអស់ប្ដេជ្ញាលះបង់ជីវិតមិនព្រមចេញពីវត្តនោះទេ។
អភិបាលរងខេត្តក្រចេះ
លោក ខាន់ ចំណាន មានប្រសាសន៍ថា នៅព្រឹកថ្ងៃសុក្រនេះ
លោកបានចុះជួបប្រជាពលរដ្ឋរួចរាល់ហើយ ដោយឯកភាពគ្នាចំនួនពីរចំណុច
ដែលទី១គឺយល់ព្រមឲ្យពលរដ្ឋត្រឡប់ទៅវិញដោយមធ្យោបាយខ្លួនឯង
និងទី២យល់ព្រមឲ្យមានការចូលរួមសង្កេតការណ៍ពីសំណាក់សង្គមស៊ីវិល
រួមនឹងអ្នកការសែតជាតិ និងអន្តរជាតិ។ប៉ុន្តែលោកថា
បើទោះពលរដ្ឋមិនព្រមត្រឡប់ទៅវិញក៏ដោយ
ក៏លោកនឹងយកបញ្ជីឈ្មោះដែលបានចុះទៅធ្វើការស្រាវជ្រាវ
និងដោះស្រាយនៅថ្នាក់មូលដ្ឋាន។
ប្រជាពលរដ្ឋ
ក្នុងទំនាស់ដីធ្លីនេះ ឲ្យដឹងថា ពលរដ្ឋបានកាន់កាប់ដីនៅតំបន់នោះ
តាំងពីឆ្នាំ២០០៨មកម្ល៉េះ ដែលមាន៦០គ្រួសារ និងក្នុងឆ្នាំ២០០៩
មាន១៨១គ្រួសារ ហើយក្រោយមកកើនដល់៤០៥គ្រួសារ នៅដើមឆ្នាំ២០១២។
ប្រជាពលរដ្ឋ ឲ្យដឹងថា កាលពីថ្ងៃទី៣០ខែមេសាអាជ្ញាធរខេត្តក្រចេះ
បានសហការជាមួយក្រុមហ៊ុនវៀតណាមឈ្មោះ ប៊ិញភឿក២
ដោយយកគ្រឿងចក្រឈូសកម្ទេចផ្ទះពួកគេ៤០៥ខ្នងនៅចំណុចពាមប៉ោអូបី
ភូមិស្រែថ្មី ឃុំឃ្សឹម ស្រុកស្នួល
ដើម្បីយកដី២០២៥ហិកតាឲ្យក្រុមហ៊ុនវៀតណាម៕
No comments:
Post a Comment
yes