សមត្ថកិច្ចក្រសួងមហាផ្ទៃ បង្ក្រាបនិងចាប់
អ្នកជួញដូរគ្រឿងញៀនបានចំនួន៨នាក់
និងមេក្លោងព្រមទាំងគ្រឿងញៀន
ចំនួន១៣លានគ្រាប់
នៅក្នុងប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន ដែលធ្វើឡើងពីសំណាក់អាជ្ញាធរជាតិ
ប្រឆាំងគ្រឿងញៀនបានធ្វើឡើងកាលពីយប់ថ្ងៃទី២៧ ឈានចូលដល់យប់ថ្ងៃទី២៨ ឆ្នាំ២០១០ នៅចំណុចស្ទឹងមានជ័យ និងចំណុចខណ្ឌឬស្សីកែវ និងខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ សូមជំរាបថា
ដែលការចាប់គ្រឿងញៀនទាំង៣ខណ្ឌនេះបានឃាត់ខ្លួនជនល្មើស៨នាក់ និងបានដកហូតសារធាតុ
ផ្សំគ្រឿងញៀន និងគ្រឿងញៀនបានចំនួន១៣លានគ្រាប់ ហើយប្រតិបត្តិការនេះគឺដឹកនាំដោយលោក
ឯក ឆេងហួត ព្រះរាជអាជ្ញារងអមសាលាដំបូងក្រុងភ្នំពេញ និងកំលាំងនគរបាលប្រឆាំងគ្រឿងញៀន
យោងតាមប្រភពពីមន្រ្តីប៉ូលីសបានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានសំងាត់ថាមានការដឹកជញ្ជូន
ថ្នាំញៀនដែលមានសារធាតុញៀនប្រមាណ៦០%ពីប្រទេសកូរ៉េ តាមរយៈកំពង់ផែក្រុងព្រះសីហនុចូល
មកកម្ពុជា ដូច្នេះហើយទើបតំណាងឯកយ្យការអមសាលាដំបូងក្រុងភ្នំពេញ និងសមត្ថកិច្ចនគរបាល
ប្រឆាំងគ្រឿងញៀន តាមឃ្លាំមើលនិងសុំបទបញ្ជារចុះបង្ក្រាប ។ នៅក្នុងប្រតិបត្តិការនោះដែរក្រុមសមត្ថ
កិច្ចប្រឆាំងគ្រឿងញៀន បានរកឃើញកុងតន័រដែលដឹកថ្នាំពេទ្យមានសារធាតុញៀននេះចូលមកទុកនៅ
ក្នុងផែស្ងួត សូរងួន ដែលមានទីតាំងនៅតាមបន្តោយផ្លូវវេងស្រេង សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ
ក្រុងភ្នំពេញ អស់រយៈពេលប្រមាណមួយខែមកទើបនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១០ វេលាម៉ោង៩យប់
សមត្ថកិច្ចបានឃើញកុងតន័រនេះបើកចេញពីផែស្ងួត ឆ្ពោះទៅផ្លូវម៉ូនីរ៉េត ហើយឈប់នៅផ្ទះមួយស្ថិត
នៅក្នុងភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ប្រភពព័ត៌មានបានឲ្យដឹង
ទៀតថាលោក ឯក ឆេងហួត ព្រះរាជអាជ្ញារងអមសាលាដំបូងក្រុងភ្នំពេញ បានដឹកនាំកំលាំងប៉ូលីស
ចុះចាប់ភ្លាមៗ ហើយនៅពេលនោះខណៈដែលពួកគេកំពុងគាស់កុងតន័រដើម្បីចែកទំនិញ ហើយលោក
ក៏បានបញ្ជាឲ្យកំលាំងសមត្ថកិច្ចសំរុកចូលទៅបង្ក្រាបជាក់ស្តែងតែម្តង។ ក្រោយពីកំលាំងសមត្ថកិច្ច
ប្រឆាំងគ្រឿងញៀនសំរុកចូលទៅនោះគឺចាប់បានបុរសចំនួន៨នាក់ ព្រមទាំងវត្ថុតាងនិងកេសកាតុង
ដែលគាស់ចេញពីកុងតន័រចំនួន៦៦ដែលជាវត្ថុតាង ។
ជនជាប់ចោទដែលត្រូវចាប់ខ្លួនទាំង៨នាក់នោះមានឈ្មោះ ១ តេង សុផល ជាមេការ ២ ជា ប៉ោហុក ជាបុគ្គលិក ៣ សាក់ វុទ្ធី និងមិត្តភក្ត័របស់តេង សុផលដែលជាមេការចំនួន៥នាក់ទៀត ចំណែកឯអ្នក
បើកបរកុងតន័រ និងម្ចាស់ផ្ទះនៅភូមិទ្រាពុំត្រូវបានប្រាប់ឈ្មោះឲ្យដឹងនោះទេ។ គួរជំរាបផងដែរថា បន្ទាប់ពីចំលើយរបស់ជនជាប់ចោទទាំង៨នាក់ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួនជាបន្តរបន្ទាប់នោះ ទើប
ឈានទៅដល់ការចាប់មេខ្លោងឈ្មោះ ហេង ជា អាយុ៦៧ឆ្នាំ និងប្រពន្ធរួមជាមួយកូនស្រីម្នាក់ទៀត
ដែលមានលំនៅដ្ឋានផ្ទះលេខ១៤១D ផ្លូវ១៨ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ក្រុងភ្នំពេញ យកទៅធ្វើការសាកសួរ ប៉ុន្តែក្រោយមកសមត្ថកិច្ចបានធ្វើការដោះលែងប្រពន្ធនិងកូនស្រីឲ្យមានសេរី
ភាពមកវិញ ដោយសមត្ថកិច្ចបានអះអាងថាពុំមានជាប់ពាក់ពន្ធ័និងការជួញដូរគ្រឿងញៀននោះទេ។
ចំនែកឯអ្នកបើកបរកុងតន័រត្រូវមានសមត្ថកិច្ចធ្វើការឃាត់ខ្លួនដើម្បីសាកសួរចំលើយ ហើយមកដល់
ពេលនេះតុលាការដំបូងក្រុងភ្នំពេញបានធ្វើការចោទប្រកាន់ជនជាប់ចោទទាំង៨នាក់ និងមេក្លោងពីបទ
ចរាចរណ៏និងជួញដូរគ្រឿងញៀននៅក្នុងប្រទេសកម្ពុជា ៕
No comments:
Post a Comment
yes