ការវាយប្រហារជាលើកទីមួយនៃកងកម្លាំងសម្ព័ន្ធភាព
លោកខាងលិចទៅលើប្រទេសលីប៊ី
កងកម្លាំងសម្ព័ន្ធភាពនៃប្រទេសលោកខាងលិចទាំងប្រាំបានចាប់ផ្តើម ធ្វើ ការ វាយប្រហារជាលើកទីមួយកាលពីថ្ងៃសៅរ៍ម្សិលមិញទៅលើប្រទេសលីប៊ី ដោយបានបាញ់កាំជ្រួចមីស្ស៊ីលនិងទម្លាក់គ្រាប់បែកទៅលើទីតាំងយោធា លីប៊ីសំខាន់ៗ ដើម្បីបង្ខំឲ្យមូអាម៉ារកាដាហ្វីបញ្ឈប់ការវាយប្រហារទៅលើប្រជាពលរដ្ឋ ស្លូតត្រង់របស់ខ្លួន។
© REUTERS/Anthony Jeuland
កងកម្លាំងសម្ព័ន្ធភាពនៃប្រទេសលោកខាងលិចទាំងប្រាំដែលក្នុងនោះមាន៖ ប្រទេស បារាំង ប្រទេសអង់គ្លេស សហរដ្ឋអាមេរិក ប្រទេសអ៊ីតាលី និងប្រទេសកាណាដាបានរួបរួមគ្នាធ្វើអន្តរាគមន៍យោធាមួយដ៏ធំធេងទៅលើ ប្រទេសលីប៊ី។ អន្តរាគមន៍យោធារបស់កងកម្លាំងសម្ព័ន្ធភាពនៃប្រទេសលោក ខាង លិចទៅលើ ប្រទេសលីប៊ីនេះ ជាអន្តរាគមន៍យោធាដ៏ធំធេងពុំដែលកើតមាននៅក្នុងពិភពអារ៉ាប់ ចាប់តាំងពីមានអន្តរាគមន៍យោធានៅប្រទេស អ៊ីរ៉ាក់នៅឆ្នាំ២០០៣មក។ ប្រទេសកាតាដែលជាប្រទេសអារ៉ាប់ឋិតនៅតំបន់ឈូងសមុទ្រពែសឹ៍ក៏បាន សន្យាថា នឹងចូលរួបរួមជាមួយធ្វើអន្តរាគមន៍ ជាមួយកងកម្លាំងសម្ព័ន្ធភាពនៃ ប្រទេសលោកខាងលិច។
កម្មវត្ថុនៃអន្តរាគមន៍យោធារបស់កងកម្លាំងសម្ព័ន្ធភាពនៃប្រទេសលោក ខាង លិចនេះគឺ៖ទី១-អនុវត្តន៍សេចក្តីសម្រេចចិត្ត១៩៧៣អនុម័តកាលពីថ្ងៃព្រហស្បតិ៍ កន្លងទៅដោយក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ។ទី២-បង្កើតតំបន់មួយដែលដាក់ឲ្យឋិតនៅក្រោម“ការហាមឃាត់ពុំឲ្យមានយន្ត ហោះ ហោះហើរ”។ទី៣-ដាក់ល័ក្ខខ័ណ្ឌឲ្យឈប់បាញ់គ្នា។
ប៉ុន្មានម៉ោងក្រោយពីជំនួបកំពូលនៅទីក្រុងប៉ារីសកាលពីថ្ងៃសៅរ៍បានបិទបញ្ជប់ កងកម្លាំងអាកាសបារាំងបានធ្វើការវាយប្រហារភ្លាមទៅលើប្រទេស លីប៊ី។ ជំនួបកំពូលនៅទីក្រុងប៉ារីសដែលមានអ្នកដឹកនាំ២២ប្រទេស អង្គការសហប្រជាជាតិ សហភាពអឺរ៉ុប ហើយនិងអង្គការសម្ព័ន្ធភាពអារ៉ាប់មកចូលរួម។
គួរកត់សម្គាល់ថាយន្តហោះប្រដេញបារាំងម្ភៃប្លាយគ្រឿងបានចូលរួមបេសក កម្មយោធានេះ ដោយបានហោះទៅទម្លាក់គ្រាប់បែកនៅម្តុំទីក្រុងបេនហ្កាហ្ស៊ី ដោយបានកំទេចរថក្រោះជាច្រើនគ្រឿងរបស់កងកម្លាំងស្មោះស្ម័គ្រនឹង មូអាម៉ារ កាដាហ្វី។
ហើយចាប់ពីម៉ោង១៩ម៉ោងសកល នាវាចម្បាំងនិងនាវាមុជទឹកនៃកងកម្លាំងយោធាអង់គ្លេសនិងអាមេរិកាំង បានបាញ់កាំជ្រួចមីស្ស៊ីលTomahawkជាង១១០ដើមទៅលើទីតាំងសំខាន់ៗនៃ កងកម្លាំងយោធាការពារដែនអាកាសរបស់កាដាហ្វីដោយបានធ្វើឲ្យមានការខូចខាតយ៉ាងដំណំ។ នេះបើយោងតាមអ្នកទទួលខុសត្រូវនៃក្រុមប្រឹក្សាសន្តិសុខជាតិ អាមេរិកាំង។
ចំណែកឯលោកប្រធានាធិបតីបារាំងនីកូឡាសាកូហ្ស៊ីវិញបានថ្លែងគូស បញ្ជាក់ ថា “ច្រកទ្វារនៃវិស័យការទូតនឹងបើកចំហឡើងវិញនៅខណៈពេលដែលមូអាម៉ារកាដាហ្វីបញ្ឈប់ទង្វើឈ្លានពានរបស់ខ្លួន”។
ដូច្នេះតើកាដាហ្វីមានប្រតិកម្មយ៉ាងដូចម្តេចដែរនៅចំពោះមុខអន្តរាគមន៍ យោធា នៃកងកម្លាំងសម្ព័ន្ធភាពនៃប្រទេសលោកខាងលិចទាំងប្រាំ?
មេដឹកនាំផ្តាច់ការលីប៊ីមូអាម៉ារកាដាហ្វីដែលបានវាយប្រហារនិងវាយ បង្ក្រាបប្រជាពលរដ្ឋលីប៊ីបះបោរនៅប៉ែកខាងកើតនៃប្រទេសកាលពី១ខែមុន បានថ្លែងថា "អន្តរាគមន៍យោធានៃកងកម្លាំងសម្ព័ន្ធភាពនៃប្រទេសលោក ខាងលិចគឺជា ទង្វើឈ្លានពានរបស់ពួកអាណានិគមនិយម”។
ហើយមូអាម៉ារកាដាហ្វីបានថ្លែងប្រកាសទៀតថា ចាប់ពីពេលនេះតទៅ តំបន់មេឌីទែរ៉ាណេនិងតំបន់អាហ្វ្រិកខាងជើងក្លាយជា“សមរភូមិប្រយុទ្ធ”ហើយផ្ទាំងស៊ីប្លឺ៍ទាំងយោធាទាំងស៊ីវិលនឹងឋិតនៅក្រោមគ្រោះថ្នាក់នៃ ការគំរាម។ ហើយមេដឹកនាំផ្តាច់ការលីប៊ីមូអាម៉ារកាដាហ្វីនឹងចែកសព្វាវុធឲ្យ ប្រជាជនលីប៊ីប្រមាណជាងមួយលាននាក់ដើម្បីការពារឯករាជភាព និងកិត្តិយសរបស់ប្រទេសលីប៊ី៕
ពីវិទ្យុ បារាំងអន្តរជាតិ
No comments:
Post a Comment
yes