Sunday, May 8, 2011


នាយករដ្ឋមន្រ្តីកម្ពុជា-ថៃនឹងជួបគ្នាដោយមានការ

សម្របសម្រួលពីប្រធានាធិបតី​ឥណ្ឌូនេស៊ី


នាយករដ្ឋមន្រ្តីកម្ពុជា ហ៊ុន សែន និងប្រធានាធិបតីឥណ្ឌូនេស៊ី ស៊ូស៊ីឡូ បាំងបាង

យូតហូយ៉ូណូ (រូប៖AFP)


ក្រុម​មន្រ្តី​ដែល​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​បាន​ឲ្យ​ដឹង​ថា នាយក​រដ្ឋ​មន្រ្តី​កម្ពុជា​លោក ហ៊ុន សែន និង​នាយក​រដ្ឋ​មន្រ្តី​ថៃ អាប់ភីស៊ីត វាចាជីវ៉ា បាន​យល់​ព្រម​ជួប​គ្នា​នៅ​ថ្ងៃអាទិត្យ​ដើម្បី​ពិភាក្សា​អំពី​បញ្ហា​ជម្លោះ​ នៅ​តាមបណ្តោយ​ព្រំដែន​ប្រទេស​ជិត​ខាង​គ្នា​នេះ​ដោយ​មាន​ការ​សម្រប​សម្រួល​ ពី​ប្រធានា​ធិបតី​ឥណ្ឌូនេស៊ី ស៊ូស៊ីឡូ បាំងបាង យូតហូយ៉ូណូ។


កិច្ច​ប្រជុំ​ត្រី​ភាគី​ដែល​ធ្វើ​នៅ​ថ្ងៃអាទិត្យ ត្រូវ​គេ​កត់​សម្គាល់​ឃើញថា វា​គឺ​ជា​ការ​បោះ​ជំហាន​ទៅ​មុខ​មួយ​ទៀត​ក្នុង​ការ​ដោះ​ស្រាយ​ជម្លោះ ក្រោយ​ពី​ភាគី​ថៃ​បាន​អះអាង​កាល​ពី​គ្រា​មុន​ថា បញ្ហា​នេះ​អាច​ដោះ​ស្រាយ​រវាង​ខ្លួន និង​កម្ពុជា​ដោយ​គ្មាន​ភាគី​ទី​បី​ចូល​រួម​នោះ។


ជម្លោះ​ព្រំដែន​រវាង​ប្រទេស​កម្ពុជា​និង​ថៃ​បាន​កើត​មាន​ចាប់​តាំង​ពី​ឆ្នាំ ​២០០៨​មក ក្នុង​ពេល​ដែល​ប្រទេស​កម្ពុជា​បាន​ដាក់​បញ្ចូល​ប្រាសាទ​ហ៊ិនឌូ​ដែល​មាន​អាយុ ​ជិត​១ពាន់​ឆ្នាំ​នៅ​តាម​បណ្តោយ​ព្រំដែន​នោះ​ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ ពិភព​លោក។ ជម្លោះ​ព្រំដែន​រវាង​ប្រទេស​ភូមិ​ផង​ទាំង​ពីរ​នេះ បាន​ធ្វើ​ឲ្យ​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ដោយ​អាវុធ​ជា​ច្រើន​លើក​ ដែល​បាន​បណ្តាល​ឲ្យ​កង​ទ័ព​នៃ​ប្រទេស​ទាំង​ពីរ​ស្លាប់​ និង​របួស​រាប់​សិប​នាក់ និង​ធ្វើ​ឲ្យ​មាន​ជន​ភៀស​សឹក​រាប់​ពាន់​គ្រួសារ។


ទាក់​ទិន​នឹង​បញ្ហា​នេះ ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​ នាយក​រដ្ឋ​មន្រ្តី​ខ្មែរ ហ៊ុន សែន បាន​ធ្វើ​ការ​ព្រលះ​ប្រទេស​ថៃ​ដោយ​ប្រើ​ពាក្យសម្តី​ធ្ងន់ៗ​ចំពោះ​ជម្លោះ​ ព្រំដែន​ បើ​ទោះ​បី​ជា​បញ្ហា​នេះ​មិន​ស្ថិត​ក្នុងរបៀប​វារៈ​ផ្លូវ​ការ​នៃ​កិច្ច​ ប្រជុំ​កំពូល​អាស៊ាន​នោះក៏​ដោយ។


នាយក​រដ្ឋ​មន្រ្តី​ខ្មែរ​បាន​ហៅ​លក្ខខណ្ឌ​របស់​ប្រទេស​ថៃ​ដែល​ទាម​ទារឲ្យ​ កម្ពុជា​ដក​ទ័ព​ចេញ​ពី​ប្រាសាទ​ព្រះវិហារ​ថា ជា​លក្ខខណ្ឌ​គ្មាន​ហេតុផល និង​មិន​អាច​ទទួល​យក​បាន ហើយ​ថា គឺ​ថៃ​ទៅ​វិញ​ទេ​ដែល​ត្រូវ​ដក​កងទ័ព​ចេញ​ពី​តំបន់​ជុំ​វិញ​ប្រាសាទ​ ព្រះវិហារ ទៅ​តាម​សេចក្តី​សម្រេច​របស់តុលាការ​ក្រុង​ឡាអេ។


ជាមួយ​គ្នា​នេះ​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ក៏​បាន​ធ្វើ​ការ​ស្នើ​សុំ​ឲ្យ​អាស៊ាន​ចាត់​វិធាន​ការ​ដើម្បី​ឲ្យ​អ្នក​ សង្កេត​ការណ៏​ឥណ្ឌូនេស៊ី​បាន​ទៅ​ដល់​ព្រំដែន​ដែល​មាន​ជម្លោះ​ឆាប់ៗ ដោយ​បាន​ព្រមាន​ថា ប្រសិន​បើ​អាស៊ាន​មិន​​អាច​ជួយ​ឲ្យ​មាន​ការ​ឈប់​បាញ់​អចិន្រ្តៃយ៏​រវាង​ កម្ពុជា និង​ថៃ​ទេ នោះ​អាស៊ាន​អាច​នឹង​ត្រូវ​បាក់​មុខ​មាត់៕


ពីគេទំព័រៈ សារព័ត៌មានសេរី

No comments:

Post a Comment

yes