សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, May 25, 2011

អ្វីទៅជាសិទ្ធិនិងសេរីភាពរបស់ពលរដ្ឋខ្មែរ?

RFA Photo/Leng Maly
១០-ធ្នូ-០៩: ក្បួនដង្ហែដើម្បីអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិខួបទី៦១

នៅតាមផ្លូវសុធារសក្នុង​រាជធានីភ្នំពេញ


កន្លង​មក​នេះ​មាន​ការ​ជជែក​ជា​ច្រើន​អំពី​សិទ្ធិ និង សេរីភាព។ តើ​អ្វី​ទៅជា​សេរីភាព ហើយ​អ្វី​ទៅ​ជា​សិទ្ធិ​នោះ?

ក្រុម​អ្នក​វិភាគ​ខ្លះ​បាន​បកស្រាយ​ថា ពាក្យ​ថា "សេរីភាព" គឺ​ពលរដ្ឋ​គ្រប់​រូប​អាច​ធ្វើ​អ្វីៗ​ដោយ​មិន​ចាំបាច់​សុំ​ការ​អនុញ្ញាត​ពី​ នរណា​ម្នាក់ ហើយ​សេរីភាព​របស់​មនុស្ស​គឺ​គ្មាន​ព្រំដែន តែ​មិន​ត្រូវ​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​របស់​អ្នក​ដទៃ​ឡើយ។


​ប្រធាន​អង្គការ​ការពារ​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា លោក​មេធាវី សុក សំអឿន មាន​ប្រសាសន៍​ថា បើ​ទោះ​បី​ជា​សេរីភាព​របស់​មនុស្ស​គ្មាន​ព្រំដែន​មែន​ពិត ប៉ុន្តែ​មិន​អាច​បំពាន​លើ​អ្នក​ដទៃ​បាន​ឡើយ ហេតុ​ដូច្នេះ​ហើយ​បាន​ជារដ្ឋ​ត្រូវ​ធ្វើ​ច្បាប់​ដើម្បី​ធានា និង​ការពារ​សិទ្ធិ​អ្នក​ដែល​ត្រូវ​គេ​បំពាន​តាមរយៈ​ដាក់​ទោស​ទណ្ឌ​ចំពោះ​ អ្នក​ប្រព្រឹត្ត​ល្មើស។


​លោក​មេធាវី​បន្ត​ថា ចំពោះ​ពាក្យ​ថា សិទ្ធិ​របស់​ពលរដ្ឋ​វិញ គឺ​ពាក់ព័ន្ធ​នឹង​កាតព្វកិច្ច​របស់​រដ្ឋ មាន​ន័យ​ថា ប្រសិន​បើ​ពលរដ្ឋ​គ្មាន​លទ្ធភាព​បំពេញ​សិទ្ធិ​នោះ​ទេ ដូច្នេះ​រដ្ឋ​ត្រូវ​មាន​កាតព្វកិច្ច​ជួយ​ឧបត្ថម្ភ​ជ្រោមជ្រែង​ឲ្យ​សិទ្ធិ​ ទាំង​នោះ​កើត​មាន​ពេញលេញ​ឡើង​ដល់​ពលរដ្ឋ​គ្រប់​រូប។


​លោក​បាន​លើក​អំណះអំណាង​ក្នុង​ករណី​ព្រហ្មទណ្ឌ និង​ករណី​រដ្ឋប្បវេណីអំពី​សិទ្ធិ និង​សេរីភាព​មាន​មេធាវី​យ៉ាង​ដូច្នេះ ៖ «ឧទាហរណ៍ ​ជាក់​ស្ដែង គឺ​សិទ្ធិ​មាន​មេធាវី។ ក្នុង​រឿង​ព្រហ្មទណ្ឌ​គឺ​ជន​ជាប់​ចោទ​មាន​សិទ្ធិ​មាន​មេធាវី ខុស​ពី​រឿង​រដ្ឋប្បវេណី​ដែល​ជន​ជាប់​ចោទ​អត់​មាន​សិទ្ធិ​មាន​មេធាវី​ទេ តែ​មាន​សេរីភាព​មាន​មេធាវី។ ពាក្យ​ថា​សេរីភាព​មាន​មេធាវី គឺ​មាន​ន័យ​ថា យើង​ចង់​មាន​មេធាវី ១០​នាក់ ឬ ២០​នាក់​ក៏​បាន​ដែរ​ឲ្យ​តែ​យើង​មាន​លុយ​ជួល។ ក៏​ប៉ុន្តែ​បើ​យើង​អត់​មាន​លុយ​ជួល​មេធាវី​ទេ ផ្លូវ​រដ្ឋ​អត់​មាន​កាតព្វកិច្ច​ជួល​យើង​ទេ ព្រោះ​ក្នុង​រឿង​រដ្ឋប្បវេណី យើង​អត់​មាន​សិទ្ធិ​មាន​មេធាវី​ទេ ក៏​ប៉ុន្តែ​ចំពោះ​រឿង​ព្រហ្មទណ្ឌ ជនជាតិ​ចោទ​មាន​សិទ្ធិ​មាន​មេធាវី។ នៅ​ពេល​ដែល​គេ​មាន​លុយ គេ​មាន​សេរីភាព​ជួល​មេធាវី ១០ ឬ ២០​នាក់​ក៏​បាន​ដែរ តែ​បើ​គេ​អត់​លុយ​គេ​នៅ​តែ​មាន​មេធាវី​ដដែល គឺ​រដ្ឋ​ត្រូវ​ជួល​មេធាវី​ឲ្យ​ជំនួស។ ដូច្នេះ​មាន​ន័យ​ថា កាល​ណា​យើង​និយាយ​ពី​សិទ្ធិ វា​ខុស​ពី​សេរីភាព។ សេរីភាព​រដ្ឋ​អត់​មាន​កាតព្វកិច្ច​ជំនួស​ប្រជាជន​ទេ ក៏ប៉ុន្តែ​ចំពោះ​សិទ្ធិ រដ្ឋ​ត្រូវ​មាន​កាតព្វកិច្ច​ជួយ​ប្រជាជន​ឲ្យ​អនុវត្ត​សិទ្ធិ​របស់​ខ្លួន​ បាន»។


​ជំពូក​ទី​៣ នៃ​រដ្ឋធម្មនុញ្ញ​ដែល​ចែង​អំពី​សិទ្ធិ និង​ករណីយកិច្ច​របស់​ពលរដ្ឋ​ខ្មែរ​យ៉ាង​ច្បាស់​ថា ពលរដ្ឋ​គ្រប់​រូប​មាន​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ សេរីភាព​ខាង​សារព័ត៌មាន សេរីភាព​ខាង​ការ​បោះពុម្ព​ផ្សាយ សេរីភាព​ខាង​ការប្រជុំ សេរីភាព​ខាង​ជំនឿ​សាសនា និង​សេរីភាព​ខាង​ការ​ដើរហើរ។


​ចំណែក​ពាក្យ​ថា "សិទ្ធ" វិញ ពលរដ្ឋ​មាន​សិទ្ធិ​រស់​រាន​មាន​ជីវិត សិទ្ធិ​ស្មើ​គ្នា​ចំពោះ​មុខ​ច្បាប់ សិទ្ធិ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ជីវភាព​នយោបាយ សិទ្ធិ​សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌ សិទ្ធិ​ទទួល​ការ​រ៉ាប់រង​ដោយ​សង្គម សិទ្ធិ​ធ្វើ​បាតុកម្ម និង​កូដកម្ម​ដោយ​សន្តិវិធី។


​លោក សុក សំអឿន បាន​ធ្វើការ​បកស្រាយ​ចំពោះ​ពាក្យ​ថា សិទ្ធិ និង សេរីភាព ខាង​លើ​នេះ​ដោយ​ផ្អែក​លើ​គោល​ចម្បង​របស់​រដ្ឋធម្មនុញ្ញ​យ៉ាង​ដូច្នេះ ៖ «សេរីភាព ​ដើរហើរ ឧទាហរណ៍​បើ​យើង​ចង់​ទៅ​កំពង់សោម ទៅៗ ទៅ​បាត់ដំបង ទៅៗ ជា​សេរីភាព​របស់​យើង ប៉ុន្តែ​បើ​យើង​អត់​លុយ​ជិះ​ឡាន​ទៅ យើង​មិន​អាចទៅ​ទាមទារ​អភិបាល​ក្រុង ឬ​រដ្ឋាភិបាល​ថា ខ្ញុំ​ចង់​ទៅ​លេង​កំពង់សោម លោក​ត្រូវ​ចេញ​លុយ​ឲ្យ​ខ្ញុំ គឺ​អត់​ទេ ពីព្រោះ​នេះ​មិន​មែន​ជា សិទ្ធិ ប៉ុន្តែ​ជា សេរីភាព។ ក៏​ប៉ុន្តែ​បើ​គេ​ចែង​ថា​ជា សិទ្ធិ វិញ គឺ​រដ្ឋ​ត្រូវ​តែ​ទៅ​ជួយ ដូច្នេះ​ក្នុង​ចំណុចនេះ​យើង​ត្រូវ​យល់​ឲ្យ​បាន​ច្បាស់​ថា អ្វី​ទៅ​ជា​សិទ្ធិ និង​សេរីភាព ហើយ​នៅ​ពេល​ដែល​ធ្វើ​ច្បាប់​គេ​មិន​អាច​បិទ​សិទ្ធិ​វិញ​បាន​ទេ ពីព្រោះ​រដ្ឋធម្មនុញ្ញ​បាន​ធានា​សិទ្ធិ​ហើយ បាន​ធានា​សេរីភាព​ហើយ ដូច្នេះ​យើង​ត្រូវ​កំណត់​គោលការណ៍​ហ្នឹង​ឲ្យ​បាន​ច្បាស់​លាស់។ រដ្ឋ​អាច​ធ្វើ​ច្បាប់​បាន តែ​ក្នុង​ន័យ​ការពារ​កុំ​ឲ្យ​អ្នក​សេរីភាព​នោះ បំពាន​ទៅ​សិទ្ធិ​សេរីភាព​អ្នក​ដទៃ​តែប៉ុណ្ណោះ»។


​ក្រុម​អ្នក​វិភាគ​និយាយ​ថា ពលរដ្ឋ​កម្ពុជា មួយ​ចំនួន​នៅ​មិន​ទាន់​ស្គាល់​ពី​សិទ្ធិ​របស់​ខ្លួន​បាន​ច្បាស់​នៅ​ឡើយ។ នៅ​ពេល​ដែល​ពួក​គាត់​ក្រីក្រ​គ្មាន​អាហារ​ទទួល​ទាន​នោះ ពួកគាត់​នឹង​ដើរ​សុំ​ទាន សុំ​អាហារ​តាម​វត្តអារាម តាម​គេហដ្ឋាន ឬ​តាម​ភោជនីយដ្ឋាន​ជាដើម ដោយសារ​ពួក​គាត់​អាច​យល់​ថា គាត់ក្រ​ដោយសារ​ព្រេងវាសនា​បាន​កំណត់​រួច​ហើយ។ ក្រុម​អ្នក​វិភាគ​ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា ពលរដ្ឋ​ខ្មែរ​នៅ​មិន​ទាន់​បាន​ដឹង​ថា បញ្ហា​ក្រីក្រ និង​ការ​អត់​ឃ្លាន​របស់​ពួកគាត់ គឺ​ជា​ការ​ទទួល​ខុស​ត្រូវ​ធំ​បំផុត​របស់​រដ្ឋាភិបាល។


​រដ្ឋាភិបាល​មាន​កាតព្វកិច្ច មាន​បន្ទុក និង​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់ ដើម្បីការពារ​ទប់​ស្កាត់​មិន​ឲ្យ​មាន​ការ​អត់​ឃ្លាន និង​ជំរុញ​លើក​ស្ទួយ​ជីវភាព​រស់​នៅ​របស់​ពលរដ្ឋ​ឲ្យ​មាន​ភាព​រីកចម្រើន​តាម​ រយៈ​ការ​បង្ក​លក្ខណៈ​ឲ្យ​មាន​ការងារ​ធ្វើ និង​ឧបត្ថម្ភ​ដល់​អាហារ​ហូប​ចុក។ រដ្ឋ​ក៏​ត្រូវ​រៀបចំគោលនយោបាយ​ឲ្យ​មាន​ប្រព័ន្ធ​អប់រំ​បាន​ល្អ តាម​រយៈ​ការ​បង្កើត​សាលារៀន បង្កើត​គ្រូបង្រៀន​ដែល​មាន​ប្រាក់ខែ​សមរម្យ និង​បង្កើត​មន្ទីរពេទ្យ និង​គ្រូពេទ្យ​ល្អៗ​ជាដើម។


​ទាក់ទិន​បញ្ហា​នេះ លោក ជាម យៀប ដែល​ជា​តំណាងរាស្ត្រ​ពី​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​គណបក្ស​កាន់​អំណាច មាន​ប្រសាសន៍​ថា រដ្ឋធម្មនុញ្ញ​ខ្មែរ​បាន​ចែង​ច្បាស់​អំពី​តួនាទី​របស់​រដ្ឋាភិបាល​ក្នុង​ការ ​ការពារ​សិទ្ធិ និង​កិច្ច​គាំពារ​ទាំង​ឡាយ​ដល់​ពលរដ្ឋ​របស់​ខ្លួន។


​លោក​មាន​ប្រសាសន៍​បន្ត​ដូច្នេះ ៖ «រដ្ឋធម្មនុញ្ញ​មាន​ចែង​ហើយ រដ្ឋ​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ប្រជាជាតិ​ទាំង​មូល មិន​មែន​តែ​ក្នុង​ប្រទេស​ទេ ក្រៅ​ប្រទេស​ដែល​​មាន​សញ្ជាតិ​ជា​ខ្មែរ រស់​នៅ​ទី​ណា​ក៏​ដោយ រដ្ឋ​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់ ហើយ​ត្រូវ​តែ​ការពារ​សិទ្ធិ​សេរីភាព​ដល់​គេ​ជានិច្ច មិន​អាច​គេចវេះ​បាន​ទេ»។


​ទាក់ទិន​នឹង​ពាក្យ​ថា សិទ្ធិ និង សេរីភាព នេះ​ដែរ លោក គុជ ចាន់លី ដែល​ជា​បញ្ញវន្ត​ខ្មែរ​ម្នាក់​ពី​រដ្ឋ​ម៉ារីឡែន (Maryland) សហរដ្ឋ​អាមេរិក មាន​ប្រសាសន៍​ថា សិទ្ធិ និង សេរីភាព​របស់​មនុស្ស​ម្នាក់ៗ គឺ​មាន​តាំង​ពី​កំណើត។


​ទោះ​បី​ជា​សិទ្ធិ និង​សេរីភាព​របស់​ពលរដ្ឋ​ខ្មែរ​ត្រូវ​បាន​ធានា​ក្នុង​រដ្ឋធម្មនុញ្ញ​យ៉ាង​ណា ​ក៏ដោយ ក៏​គេ​សង្កេត​ឃើញ​សិទ្ធិ​មួយ​ចំនួន​កំពុង​រង​ការ​រឹតត្បិត​ខ្លាំង​ទៅៗ​ពី​ រដ្ឋាភិបាល ដូចជា​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ សិទ្ធិ​ទទួល​ព័ត៌មាន សិទ្ធិ​ធ្វើ​បាតុកម្ម ឬ​កូដកម្ម​ដោយ​សន្តិវិធី​ជាដើម។


​ក្រុម​ឃ្លាំមើល​និយាយ​ថា នេះ​ជា​ការ​បិទ​សិទ្ធិ និង​ខុស​ពី​ការ​ធានា​របស់​រដ្ឋ។ ប៉ុន្តែ​លោក ជាម យៀប មាន​ប្រសាសន៍​ថា ការ​ធ្វើ​បាតុកម្ម​នៅ​កម្ពុជា គួរ​សុំ​ច្បាប់​អាជ្ញាធរ​ជា​មុន ដើម្បី​អាច​ឲ្យ​អាជ្ញាធរ​ការពារ​សណ្ដាប់ធ្នាប់ និង​របៀបរៀប​រយ​សាធារណៈ។


​ទោះ​បី​ជា​យ៉ាងណា​ក៏ដោយ ការ​ធ្វើ​កូដកម្ម និង​បាតុកម្ម​នៅ​ប្រទេស​លោក​ខាង​លិច​មាន​លក្ខណៈ​ខុស​ពី​កម្ពុជា។ ដូចជា​នៅ​សហរដ្ឋអាមេរិក ពលរដ្ឋ​អាមេរិកាំង​គ្រប់​រូប និង​គ្រប់​ជាតិ​សាសន៍ អាច​ធ្វើ​បាតុកម្ម​នៅ​មុខ​សេតវិមាន​របស់​ប្រធានាធិបតី នៅ​មុខ​ស្ថាប័ន​កំពូលៗ​របស់​រដ្ឋ ឬ​នៅ​មុខ​សភា​តំណាងរាស្ត្រ និង​ព្រឹទ្ធ​សភា​ដោយ​សេរី។


​គេ​សង្កេត​ឃើញ​ការ​ធ្វើ​បាតុកម្ម ឬ​កូដកម្ម​នៅ​កម្ពុជា តែង​រង​ការ​បង្ក្រាប​យ៉ាង​ហិង្សា​ជា​ញឹកញាប់​ពី​សំណាក់​អាជ្ញាធរ​មាន​ សមត្ថកិច្ច ខណៈ​សហគមន៍​អន្តរជាតិ​បារម្ភ​អំពី​ស្ថានភាព​ប្រជាធិបតេយ្យ​នៅ​កម្ពុជា កំពុង​មាន​ការ​ដើរ​ថយក្រោយ។


​អ្នក​ឃ្លាំមើល​ដំណើរ​ការវិវត្តន៍​នូវ​សិទ្ធិ និង​សេរីភាព​នៅ​កម្ពុជា​និយាយ​ថា រដ្ឋាភិបាល​កម្ពុជា ចូល​ចិត្ត​បង្កើត​ច្បាប់​មុន​ពិនិត្យ​មើល​សេចក្ដី​ត្រូវការ​របស់​ពលរដ្ឋ​ ខ្លួន។


​ឧទាហរណ៍ ​លោក គ្រីស្តូហ្វ ប៉េស៊ូ (Christophe Peschoux) អតីត​ប្រធាន​ការិយាល័យឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា មាន​ប្រសាសន៍​ថា កម្ពុជា​មិន​ត្រូវ​ការ​ច្បាប់​គ្រប់គ្រង​សមាគម និង​អង្គការ​ក្រៅ​រដ្ឋាភិបាល ដែល​នាំ​មក​នូវ​ការ​រឹតត្បិត​សេរីភាព​ថែម​ទៀត​ទេ ពីព្រោះសកម្មភាព​របស់​សមាគម និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​នៅ​ក្នុង​ប្រទេស​កម្ពុជា ត្រូវ​បាន​គ្រប់គ្រង​ដោយ​ច្បាប់​នានា ដែល​មាន​ស្រាប់​រួច​ទៅ​ហើយ។


​អង្គការ​ឃ្លាំ​មើល​សេរីភាព​ពិភពលោក Freedom House ដែល​មាន​មូលដ្ឋាន​ក្នុង​សហរដ្ឋអាមេរិក កាល​ពី​ដើម​ខែ​ឧសភា ឆ្នាំ​២០១១ នេះ បាន​បង្ហាញ​ថា កម្ពុជា​ជា​ប្រទេស​ដែល​គ្មាន​សេរីភាព៕


ពីវិទ្យុ អាស៊ីសេរី

No comments:

Post a Comment

yes