ស្ត្រីដែលជាបុគ្គលិកណាហ្គាម្នាក់នេះ ត្រូវបានសមត្ថកិច្ចចាប់សែងដោយហិង្សា
កាលពីថ្ងៃម្សិលមិញនៅពេលដែលគាត់និងបុគ្គលិកដទៃទៀតធ្វើការតវ៉ាដោយសន្ដិវិធី
នៅក្នុងការបង្ក្រាបមួយដែលត្រូវបានថ្កោលទោសដោយក្រុមសិទ្ធិការងារនគរបាលនិងកងសន្តិសុខ ដែលប្រដាប់ដោយអាវុធបានធ្វើការបំបែកទៅលើក្រុមអ្នកតវ៉ាដោយសន្តិវិធី ដែលភាគច្រើនជាស្រ្តីអង្គុយនៅលើស្មៅនៅខាងក្រៅកាស៊ីណូណាហ្គាវើល កាលពីម្សិលមិញហើយបានឃាត់ខ្លួនក្រុមអ្នកតវ៉ានិងមេដឹកនាំសហជីពចំនួន១៩នាក់មួយរយៈខ្លី។
ក្រុមអ្នកតវ៉ា១១នាក់ក្នុងចំណោម១៩នាក់ដែលសមត្ថកិច្ចចាប់ខ្លួននោះគឺជាស្រ្តីហើយមានស្រ្តីម្នាក់សន្លប់ត្រូវបញ្ជូនទៅមន្ទីរពេទ្យ ខណៈក្រុមតវ៉ាជាច្រើនទៀតបានយំស្រែកទាមទារនៅខាងក្រៅកាស៊ីណូក្នុងនោះ ក៏មានអ្នកខ្លះភ័យរន្ធត់ស្លន់ស្លោផងដែរ។
បុគ្គលិកកាស៊ីណូជាង ១០០នាក់ដែលធ្វើកូដកម្មចូលដល់នៅថ្ងៃទី៦ដើម្បីទាមទារប្រាក់ឈ្នួលបានមកផ្តុំគ្នានៅលើសួនច្បារ ខាងមុខកន្លែងធ្វើការរបស់ខ្លួនកាលពីព្រឹកថ្ងៃអង្គារ រហូតកម្លាំងចម្រុះបានមកព័ទ្ធពួកគេនៅវេលាម៉ោងប្រហែល៣រសៀល។ បរិយាកាសដូចជាពិធីបុណ្យមួយបានកើតឡើងនៅពេលកូដករនាំគ្នាទះដៃច្រៀងនិងវាយស្គរ។ ប៉ុន្តែ បរិយាកាសនេះបានផ្លាស់ប្តូរវិញនៅពេលកងសន្តិសុខកាស៊ីណូដែលគាំទ្រដោយនគរបាលប្រឆាំងកុបកម្ម និងកងយោធាបានលើកគ្នាមកបំបែកហ្វូងអ្នកតវ៉ា ដោយបណ្តេញចេញពីតង់ដែលពួកគេកំពុងជ្រកទឹកភ្លៀងរួចហើយធ្វើការបណ្តេញពួកគេទាំងអស់ចេញពីលើសួនច្បារ។សន្តិសុខ ដែលពាក់អាវពណ៌ខៀវបានចាប់ខ្លួនកម្មករដែលតវ៉ាហើយខ្លះទៀតបានចាប់ក្រុមស្រ្តីទាំងនោះចេញទាំងបង្ខំនិងធ្វើការបំបែកមេដឹកនាំសហជីពផង ខណៈដែលពួកគេកំពុងតែព្យាយាមនិយាយទៅកាន់សមាជិកខ្លួន។
អ្នកស្រី ឈឹម ស៊ីថា អនុប្រធានសហជីពនៅកាស៊ីណូនេះថ្លែង ខណៈក្រុមសន្តិសុខរុញគាត់ទាំងបង្ខំទៅរថយន្តនគរបាលនៅជិតនោះថា៖ «ពួកគេកំពុងចាប់ខ្លួនខ្ញុំ»។ «គេនិយាយថា នេះជាកូដកម្មខុសច្បាប់ប៉ុន្តែយើងបានធ្វើដោយគោរពទៅតាមច្បាប់»។
លោក ឌឿ ដារ៉ូ ជំនួយការប្រធានសហព័ន្ធសហជីពកម្មករផ្នែកសេវានិងទេសចរណ៍កម្ពុជា (CTSWF) ជាសហព័ន្ធរបស់សហជីពនៅកាស៊ីណូនេះបានថ្លែងការពារអំពីភាពស្របច្បាប់នៃកូដកម្មនេះនៅមុនពេលគាត់ត្រូវបានគេបណ្តេញទាំងបង្ខំឲ្យចេញឆ្ងាយ។
លោកបានថ្លែងថា៖ «យើងបានជម្រាបក្រុមហ៊ុនរួចហើយហើយពួកគេមិនអើពើចំពោះការទាមទាររបស់យើង។ នគរបាលមិនគួរបំបែកក្រុមអ្នកតវ៉ារបស់យើងទេពីព្រោះពួកគេបានធ្វើការតវ៉ានេះដោយសន្តិវិធី»។
គេនៅតែមិនច្បាស់អំពីមូលហេតុដែលក្រុមសន្តិសុខជាជាងនគរបាលគឺជាអ្នកដែលធ្វើការចាប់ខ្លួនកូដករឬមូលហេតុអ្វីបានជាកូដកម្មនេះទទួលការឆ្លើយតបទាំងកម្លាំងបាយប៉ុន្តែមន្រ្តីរដ្ឋាភិបាលម្នាក់ដែលនិយាយនៅនឹងកន្លែងនោះផ្ទាល់បានប្រាប់ទៅក្រុមតវ៉ាទាំងនោះថា ពួកគេកំពុង«តវ៉ាខុសច្បាប់»។
មន្រ្តីរូបនេះដែលភ្នំពេញ ប៉ុស្តិ៍មិនអាចសួរបញ្ជាក់បាននិយាយទៅកាន់កូដករថា៖ «អ្នកទាំងអស់គ្នាមិនបានផ្តល់ព័ត៌មានទៅអាជ្ញាធរទេ។ ប្រសិនបើអ្នកទាំងអស់គ្នាជម្រាបមកយើង ប្រហែលជាយើងស្វែងរកកន្លែងសមស្របសម្រាប់ការតវ៉ានេះ»។
មន្រ្តីរូបនេះបន្តទៀតថា សប្តាហ៍នេះមិនមែនជាពេលវេលាល្អមួយសម្រាប់ពួកគេធ្វើការតវ៉ា ទេដោយសារមានគណៈប្រតិភូបរទេសមករាជធានីភ្នំពេញកិច្ចប្រជុំបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។
មន្រ្តីរូបនេះបន្តទៀតថា៖ «ខ្ញុំយល់អំពីភាពលំបាករបស់អ្នកប៉ុន្តែ អ្នកក៏គួរតែគិតអំពីកិត្តិយសប្រទេសជាតិដែរ។ ខ្ញុំសូមឲ្យអ្នករាល់គ្នាទៅផ្ទះពីរបីថ្ងៃសិន»។
បុគ្គលិករហូតដល់១ពាន់នាក់បានធ្វើការតវ៉ានៅខាងក្រៅកាស៊ីណូណាហ្គាវើលកាលពីខែកុម្ភៈទាមទារឲ្យទទួលយកមេដឹកនាំសហជីពដែលត្រូវបានបណ្តេញពីការងារឲ្យចូលធ្វើការវិញនិងទាមទារដំឡើងប្រាក់ឈ្នួលអប្បបរមារហូតដល់១៥០ដុល្លារក្នុងមួយខែនិងលក្ខខណ្ឌដទៃៗទៀត។
បញ្ហាប្រាក់ឈ្នួលគឺជាចំណុចមួយនៃចំណុចពីរដែលកម្មករនិយាយថា ថ្នាក់ដឹកនាំរបស់ណាហ្គាវើលបានសន្យាកាលនោះថា នឹងដោះស្រាយ៣ខែក្រោយ។
អ្នកនាង សុខ មុលីកា បុគ្គលិកនៅកាស៊ីណូនេះ បានថ្លែងថា ពេលវេលាមកដល់ហើយ។
អ្នកនាងបន្តថា៖ «ក្រុមហ៊ុនតែងតែព្យាយាមពន្យារពេលបញ្ហានេះ។ នោះហើយជាមូលហេតុដែលយើងនាំគ្នាធ្វើការតវ៉ា។ យើងមិនមែនកំពុងធ្វើការតវ៉ាហិង្សានោះទេ។ នគរបាលមិនគួរចាប់ខ្លួនអ្នកតវ៉ានិងធ្វើឲ្យស្ថានភាពអាក្រក់បែបនេះទេ»។
អ្នកស្រី ឈឹម ស៊ីថា ដែលត្រូវចាប់ខ្លួន និងនិយាយតាមមីក្រូហ្វូនថា ការទាមទាររបស់បុគ្គលិក គឺតិចតួចបើប្រៀបធៀបនឹងប្រាក់ចំណេញប្រចាំឆ្នាំរបស់ណាហ្គាវើល។ អ្នកស្រីបន្ដថាបុគ្គលិកទាំង១៩នាក់ដែលត្រូវបានចាប់ខ្លួនត្រូវបានដោះលែងកាលពីយប់មិញ។ គាត់ថា៖«យើងបានប្រាប់ពួកគេថា យើងបានជូនដំណឹងជាមុនមួយសប្តាហ៍ហើយ។ ពួកគេដោះលែងយើងដោយគ្មានការចោទប្រកាន់ទេ បន្ទាប់ពីមានបញ្ជាពីថ្នាក់លើ»៕
No comments:
Post a Comment
yes