Sunday, May 29, 2011


បាតុកម្មនៅទីក្រុងឡាអេបានប្រព្រឹត្តទៅតាមការ

គ្រោងទុក
បាតុ​កម្ម​អហឹង្សា​នៅ​មុខ​តុលាការ​អន្តរ​ជាតិ​ទី​ក្រុង​ឡា​អេ​ ប្រទេស​​ហូឡង់​ប្រឆាំង​និង​ការ​ឈ្លាន​ពាន​របស់​ប្រទេស​ថៃ​លើ ​បូរណភាពទឹកដីនៃ​​ប្រទេស​កម្ពុជា​បាន​ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃ​សៅរ៍​នេះ​ ពោលគឺ​បាន​ធ្វើ​ឡើង​តាម​ការ​គ្រោង​ទុក​បើ​ទោះ​ជា​មាន​ការ​បដិសេធ​មិន​ចូលរួម​ពី​​សំណាក់​ក្រុម​ខ្មែរ ​មួយ​ក្រុម​ទៀតក៏​ដោយ ។

​សម្លេង​​កង​​រំពង​តាម​រយៈ​ឧឃោសន​ស័ព្ទ​ស្រែក​ប្រឆាំង​និង​អ្វី​ដែល​គេ​ចាត់​ទុក​ថា​ជា​ការ​ឈ្លាន​របស់​ថៃ​មក​លើ​ទឹក​ដី​កម្ពុជា បានត្រូវគេ​ស្តាប់​ឭ​នៅ​ពេល​ទូរស័ព្ទ​ទៅកាន់​ក្រុម​បាតុករ​ ។

​លោក​គីរី​ សេនា​ សមា​ជិក​គណ​កម្មការ​រៀប​ចំ​បាតុ​កម្ម​​បាន​អោយ​​ដឹង​កាល​ពី​រសៀល​ថ្ងៃ​សៅរ៍​ថា​ ក្រុម​បាតុករ​ប្រមាណ​ជិត ១០០​នាក់​មក​ពីបណ្តា​ប្រទេស​នានា​នៅ​ទ្វីប​អឺរុប​បាន​លើកបដា​តវ៉ា​ដែល​មាន​ខ្លឹម​សារ​ប្រឆាំង​និង​ការ​ឈ្លាន​ពាន​របស់​ថៃ​និង​ស្នើ​អោយ​ថៃ​ដកកង​ទ័ព​ជា​​បន្ទាន់​ចេញ​ពី​តំបន់​ជុំវិញ​ប្រាសាទ ព្រះ​វិហារ​និង​តំបន់​ដី​ខ្មែរ​តាម​បណ្តោយ
ព្រំ​ដែន​កម្ពុជា​ថៃ។

​តាម​ការ​បញ្ជាក់​របស់​បាតុករ​មួយ​រូប​ទៀត​ ​គឺ​លោក​វុទ្ធី​ ​មក​ពី​ប្រទេស​បែល​ស្ស៊ិក​ បាន​អោយ​ដឹង​ថា​ បាតុករ​បាន​ស្រែក​តវ៉ា​ប្រឆាំង​ការ​ ឈ្លាន​ពាន​របស់​ថៃ​ ​និង​ទាម​ទារ​អោយ​រដ្ឋាភិ​បាល​ថៃ​គោរព​សាលក្រម​តុលាការ​អន្តរ​ជាតិ​ទី​ ក្រុង​ឡា​អេ​ ​ដែល​បាន​កាត់​អោយ​កម្ពុជា​ឈ្នះ​ក្តី​លើ​ភាគី​ថៃ​ ​កាល​ពី​ឆ្នាំ​១៩៦២​ ។ ​នៅ​​ម៉ោង​​ប្រហែល​​១.៣០​នាទី​ ក្រុម​បាតុករ​បាន​ដង្ហែរ​ក្បួន​ទៅ​តវ៉ា​ប្រឆាំង​នឹង​ការ​ឈ្លាន​របស់​ថៃ​នៅ​​ មុខ​​ស្ថាន​ទូត​ថៃ​ ។​

​ពី​ដំបូង​ ​គេ​រំពឹង​ថា​ ​នឹង​មាន​អ្នក​ចូល​រួម​ចំនួន​២០០​នាក់​ ប៉ុន្តែ​បន្ទាប់​ពី​មាន​ការ​ធ្វើ​ពហិការ​ពី​សំណាក់​ខ្មែរ​មួយ​ក្រុម​ទៀត​ ចំនួន​អ្នក​​ចូល​​រួម​​បាន​​ថយ​​ចុះ​​ជាង​​ពាក់​​កណ្តាល​​ ។​

​ក្រុម​ទី២​នេះ​ ​យល់​ថា​ ​ការ​ធ្វើ​បាតុ​កម្ម​ប្រឆាំង​ថៃ​លើក​នេះ​ មាន​ការ​ហាម​ប្រាម​មិន​ធ្វើ​ការ​រិះ​គន់​ព្រះមហាក្សត្រ​ រដ្ឋាភិបាល​កម្ពុជា​ ​និង​​បុគ្គល​នានា​ផង​ ដែល​ពួក​គេ​គិត​ថា​ ​ការ​ធ្វើ​បែប​នេះ​គឺ​ជា​ការ​នាំ​គ្នា​ទៅ​គាំ​ទ្រ​រដ្ឋាភិបាល​កម្ពុជា​ បច្ចុប្បន្ន​ ។​

​ទោះ​ជា​យ៉ាង​នេះ​ក្តី​ ​លោក​គីរី​ ​សេនា​ ​បាន​បញ្ជាក់​ថា​ ​ការ​ធ្វើ​បាតុ​កម្ម​នេះ​​គឺ​​ផ្អែក​​ទៅ​​លើ​​ច្បាប់​​ស្តី​ពី​​ការ​ធ្វើ​​បាតុ​​កម្ម​របស់​ប្រទេស​​ហូឡង់ដ៏​ផង​ និង​​ដើម្បី​​រក្សា​​នូវ​​សេច​ក្តី​​ថ្លៃ​​ថ្នូរ​ និង​​សាមគ្គី​ជាតិ​នៃ​ប្រជា​ជាតិ​ខ្មែរ​ទាំង​​មូល​​ផង​ ។​ លោក​បាន​ពន្យល់​ថា​ ការ​​ដោះ​ស្រាយ​បញ្ហា​ជាតិ​ ដោយ​​ផ្អែក​​លើ​មូល​ដ្ឋាន​​ច្បាប់​អន្តរ​ជាតិ​ ​គឹ​គេ​យក​រដ្ឋា​ភិបាល​នៃ​ជាតិ​នី​មួយៗ​ដែល​​ជាភាគី​វិវាទ​​មក​តទល់​គ្នា​ ហេតុ​នេះ​ការ​វាយ​ប្រហារ​រដ្ឋា​ភិបាល​កម្ពុជា​នៅ​​ក្នុង​ឪកាស​យើង​មាន​ជម្លោះ​ វា​នឹង​មិន​នាំ​មក​នូវ​ផល​ចំណេញ​សំរាប់​​ជាតិ​ទេ​ ។​​

​អ្នក​តាម​​សភាព​ការណ៏​​ជម្ឡោះ​នយោបាយ​​កម្ពុជា​ ថៃ​ បាន​ទទូច​ថា​ អ្នក​នយោ​បាយ​គួរ​ទុក​រឿង​នយោ​បាយ​ និង​​យុទ្ធនា​ការ​នយោ​បាយ​ ​របស់​ខ្លួន​មួយ​អន្លើ​​សិន​និង​ស្នើ​អោយ​គ្រប់​គណបក្ស​នយោ​បាយ​គិត​​អំពី​បញ្ហា​ជាតិ​ជា​សំខាន់​នៅ​ពេល​ដែល​ត្រូវ​ដោះ​ស្រាយ​បញ្ហា​ជម្លោះ ​​ជា​មួយ​ប្រទេស​ជិត​ខាង​ពោលគឺខ្មែរទាំង​អស់​គប្បី​គិត​ពីសាមគ្គី​ជាតិ​ជាធំ។

​គួរ​ជំរាប​ថា ​បាតុ​កម្ម​ប្រឆាំង​ការ​ឈ្លាន​ពាន​របស់​ថៃ​នេះ ​នឹង​ធ្វើឡើង​ម្តង​ទៀត​នៅ​ថ្ងៃ​ច័ន្ទ​ទី​៣០ ​ឧសភា ​វេលា​ម៉ោង​១២.៣០​នាទី ​នៅ​មុខ​​តុលាការ​ក្រុង​ឡា​អេ ​ប្រទេស​ហូ​ឡង់ ​គឺ​នៅ​ចំ​ពេល​ដែល​គណ​ប្រតិភូ​រដ្ឋា​ភិបាល​កម្ពុជា​ ​ដឹក​នាំ​ដោយ​លោក​ឧប​នាយក​រដ្ឋ​មន្ត្រី​ហោ ​ណាំ​​ហុង​មក​កាន់​តុលាការ​យុត្តិធម៌​អន្តរ​ជាតិ​មួយ​នេះ ​ដើម្បី​ស្តាប់​ការ​បក​ស្រាយ​សារជា​ថ្មី​លើ​សាល​ក្រម​កាលពី​ឆ្នាំ​១៩៦២ ដែលទាក់ទិននិង​ប្រាសាទ​ព្រះវិហារ ​និង​តំបន់​ជុំវិញ​ប្រាសាទ​ដែល​មាន​ទំហំ​៤,៦ ​គីឡូ​ម៉ែត្រ​ការ៉េ ៕​

ពីគេហទំព័រ៖ សារព័ត៌មានសេរី

No comments:

Post a Comment

yes