ប្រមុខដឹកនាំជប៉ុន ចិន និងកូរ៉េខាងត្បូងទៅធ្វើ
ទស្សនកិច្ចនៅហ៊្វូគូស្ហ៊ីម៉ា
ដោយ សេង ឌីណា
នៅថ្ងៃសៅរ៍ ២១ ឧសភា ២០១១ លោកណាអូតូ កាន់ នាយករដ្ឋមន្រ្តីជប៉ុន លោកវេន ជៀប៉ាវ នាយករដ្ឋមន្រ្តីចិន និងលោកលី ម្យ៉ុងបាក់ ប្រធានាធិបតីកូរ៉េខាងត្បូង បានទៅបំពេញទស្សនកិច្ចរួមគ្នា នៅហ្វ៊ូគូស្ហ៊ីម៉ា ក្បែររោងចក្រនុយក្លេអ៊ែរ ដែលមានលេចធ្លាយសារធាតុវិទ្យុសកម្ម។ ដំណើរទស្សនកិច្ចនេះ ត្រូវបានធ្វើឡើង នៅមុនពេលបើកជំនួបកំពូលត្រីភាគីចិន-ជប៉ុន-កូរ៉េខាងត្បូង នៅទីក្រុងតូក្យូ។ សុវត្ថិភាពនុយក្លេអ៊ែរ និងសុវត្ថិភាពចំណីអាហារ ស្ថិតក្នុងចំណោមប្រធានចម្បងៗ នៃជំនួបកំពូលនេះ។
ថ្ងៃសៅរ៍ ២១ ឧសភា ២០១១
©Reuters
©Reuters
ដំណើរទស្សនកិច្ចរបស់ប្រមុខដឹកនាំចិន និងកូរ៉េខាងត្បូង ទៅកាន់តំបន់រញ្ជួយដី គឺជាកាយវិការមួយ បង្ហាញអំពីសាមគ្គីភាព ព្រមទាំងការចូលរួមរំលែកទុក្ខជាមួយប្រជាជនជប៉ុន។ ម្យ៉ាងទៀត សម្រាប់រដ្ឋាភិបាលជប៉ុន ដំណើរទស្សនកិច្ចរបស់ប្រមុខដឹក
នាំបរទេសទៅកាន់តំបន់ជុំវិញរោងចក្រ នុយក្លេអ៊ែរហ្វ៊ូគូស្ហ៊ីម៉ា គឺជាការបង្ហាញ
អំពីការជឿនលឿននៃការដោះស្រាយវិបត្តិ នុយក្លេអ៊ែរ។
អំពីការជឿនលឿននៃការដោះស្រាយវិបត្តិ នុយក្លេអ៊ែរ។
នៅល្ងាចថ្ងៃសៅរ៍ ប្រមុខដឹកនាំទាំងបីធ្វើដំណើរត្រឡប់ទៅកាន់ទីក្រុងតូក្យូវិញ ដើម្បីបើកជំនួបកំពូលត្រីភាគី។ កាលពីដំបូង ជប៉ុនគ្រោងបើកធ្វើជំនួបកំពូលនេះ នៅក្នុងទីក្រុងហ្វ៊ូគូស្ហ៊ីម៉ា ក៏ប៉ុន្តែ ក្រោយមកក៏បានលុបចោលគម្រោងនេះវិញ។ តាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានក្យូដូ ការលុបចោលគម្រោងបើកជំនួបកំពូល នៅហ្វ៊ូគូស្ហ៊ីម៉ា គឺបណ្តាលមកពីមានបញ្ហា ក្នុងការស្វែងរកទីតាំង ដើម្បីប្រជុំ។ ក៏ប៉ុន្តែ មានសេចក្តីរាយការណ៍ខ្លះទៀតថា ប្រមុខដឹកនាំចិន និងកូរ៉េខាងត្បូង ជាអ្នកបដិសេធមិនឲ្យបើកជំនួបកំពូលនៅហ្វ៊ូគូស្ហ៊ីម៉ា ដោយសារតែមានការអាក់អន់ចិត្តនឹងអាជ្ញាធរជប៉ុន ដែលបានបង្ហូរទឹកមានសារធាតុវិទ្យុសកម្មចូលទៅក្នុងសមុទ្រ ដោយមិនបានជជែកជាមួយចិន និងកូរ៉េខាងត្បូងជាមុន។
ចិន និងកូរ៉េខាងត្បូងមានព្រំដែនសមុទ្រជាប់នឹងប្រទេសចិន។ ហេតុដូច្នេះហើយបានជារដ្ឋាភិបាលនៃប្រទេសទាំងពីរនេះ បារម្ភខ្លាចសារធាតុវិទ្យុសកម្មជប៉ុនរាលដាលទៅដល់ដែនទឹករបស់ខ្លួន ហើយអាចនឹងប៉ះពាល់ជាពិសេសដល់ការនេសាទ។
នៅក្នុងជំនួបកំពូលត្រីភាគី រយៈពេលពីរថ្ងៃនេះ (ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ) ជប៉ុន ចិន និងកូរ៉េខាងត្បូងនឹងពិភាក្សាគ្នាជុំវិញបញ្ហាធំៗចំនួន៥៖ សុវត្ថិភាពនុយក្លេអ៊ែរ, សហប្រតិបត្តិការក្នុងពេលមានគ្រោះមហន្តរាយ, សុវត្ថិភាពចំណីអាហារ និងទំនាក់ទំនងពាណិជ្ជកម្ម។
គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០៨មក ចិន ជប៉ុន និងកូរ៉េខាងត្បូង បានចាប់ផ្តើមរៀបចំឲ្យមានជំនួបកំពូលត្រីភាគីជាទៀងទាត់រៀងរាល់ឆ្នាំ ដោយផ្លាស់ប្តូរវេនធ្វើជាម្ចាស់ផ្ទះម្តងម្នាក់។ ជំនួបកំពូលឆ្នាំ២០០៨ ត្រូវបានរៀបចំធ្វើនៅប្រទេសជប៉ុន, ឆ្នាំ២០០៩ នៅប្រទេសចិន និងឆ្នាំ២០១០ នៅប្រទេសកូរ៉េខាងត្បូង។
ឆ្លៀតក្នុងឱកាសជំនួបកំពូលត្រីភាគីឆ្នាំនេះ នាយករដ្ឋមន្រ្តីចិនគ្រោងនឹងជួបពិភាក្សាទ្វេភាគីជាមួយសមភាគីជប៉ុន ក្នុងគោលដៅពង្រឹងទំនាក់ទំនងជាមួយគ្នាឡើងវិញ ក្រោយពីមានភាពតានតឹងជុំវិញជម្លោះព្រំដែនសមុទ្រ នៅក្នុងតំបន់ប្រជុំកោះ Senkaku ហៅតាមភាសាជប៉ុន (ឬ Diaoyu ហៅតាមភាសាចិន)៕
BY: rfi
No comments:
Post a Comment
yes