កម្ពុជាជំរុញអោយយូណេស្កូចេញវិធានការបន្ទាន់ការពារ
និងអភិវឌ្ឍន៍ប្រាសាទព្រះវិហារ
ដោយ អ៊ឹម ណាវិន
លោកឧបនាយករដ្ឋមន្រ្តីសុខ អាន បានដឹកនាំគណៈប្រតិភូកម្ពុជា ទៅកាន់ទីស្នាក់ការកណ្តាល របស់អង្គការយូណេស្កូ នៅក្នុងទីក្រុងប៉ារីស ប្រទេសបារំាងនៅល្ងាចថ្ងៃចន្ទទី២៣ឧសភាម្សិលមិញនេះ ដើម្បីចូលរួមកិច្ចប្រជុំស្តីពីការខូចខាតប្រាសាទព្រះវិហារ។កិច្ច ប្រជុំដែលរៀបចំឡើងដោយអង្គការយូណេស្កូជាការផ្តល់ឱកាសអោយកម្ពុជា និងថៃ តទល់គ្នាចំពោះការបំផ្លិចបំផ្លាញសម្បត្តិបេតិកភណ្ឌពិភពលោកក្នុង ជម្លោះព្រំដែនប្រទេសទំាងពីរ។ ក្នុងនាមប្រទេសជាម្ចាស់ប្រាសាទព្រះវិហារលោក សុខ អាននឹងជំរុញអោយយូណេស្កូចេញវិធានការបន្ទាន់មួយដើម្បីការពារ អភិរក្សនិងអភិវឌ្ឍន៍ប្រាសាទព្រះវិហារ ពីការបំផ្លាញរបស់ប្រទេសថៃ។
©វណ្ណារ៉ា
លោកសុខ អាន ឧបនាយករដ្ឋមន្រ្តីកម្ពុជានឹងអង្គុយតុប្រជុំជាមួយសមភាគីរបស់លោកមក ពីប្រទេសថៃ ជារដ្ឋមន្រ្តីទទួលបន្ទុកបេតិកភណ្ឌ ជាកិច្ចប្រជុំក្រោមប្រធានបទស្តីពី ការខូចខាតប្រាសាទព្រះវិហារ ដោយសារគ្រាប់កំាភ្លើងរបស់ទាហានថៃ។ កិច្ចប្រជុំធ្វើឡើងក្រោមការសម្របសម្រួលដោយតំណាងអង្គការយូណេស្កូ ក្នុងទីក្រុងប៉ារីសនៅថ្ងៃនេះ។
នៅក្នុងកិច្ចប្រជុំនោះផងដែរ កម្ពុជានឹងជំរុញអោយអង្គការយូណេស្កូដាក់ចេញវិធានការឆាប់បំផុត ដើម្បីជួសជុលការពារនិងអភិវឌ្ឍន៏សម្បត្តិបេតិកភណ្ឌពិភពលោកមួយនេះ។ បើតាមលោកសុខ អានបញ្ជាក់ថាវិធានការរបស់អង្គការយូណេស្កូ នឹងជួយប្រាសាទព្រះវិហារ មិនអោយរងគ្រោះពីការឈ្លានពានរបស់ប្រទេសថៃបន្តទៀត។
ប្រាសាទព្រះវិហារបានទទួលរងការខូចខាតយ៉ាងខ្លំាង ដោយសារគ្រាប់កំាភ្លើងរបស់ទាហានថៃផ្លោងដាក់ក្នុងពេលប្រយុទ្ធជាមួយ ទាហានកម្ពុជាកាលពីដើមខែកុម្ភៈកន្លងទៅនេះ។ ក្នុងសង្រ្គាមឈ្លានពានកម្ពុជាក្នុងខែកុម្ភៈនោះទាហានថៃបានបាញ់ គ្រាប់ជាង៤០០គ្រាប់លើប្រាសាទព្រះវិហារ និងតំបន់ជុំវិញប្រាសាទ។
បើយោងតាមលោកសុខ អាន បញ្ហាប្រាសាទព្រះវិហារអង្គការយូណេស្កូ នឹងលើកយកទៅពិភាក្សាបន្តទៀត ក្នុងកិច្ចប្រជុំប្រចំាឆ្នាំរបស់ខ្លួនលើកទី៣៥ នៅក្នុងខែមិថុនាខាងមុខនេះ។ ជាកិច្ចប្រជុំផ្តោតសំខាន់លើផែនការអភិវឌ្ឍន៏ប្រាសាទព្រះវិហារក្នុង រយៈពេលយូរ។
ផែនការអភិវឌ្ឍន៍ប្រាសាទព្រះវិហារក៏ជាចំណុចមួយដែលប្រទេសថៃ តែងតែទាមទារអោយខ្លួនបានចូលរួមក្នុងការងារនេះផងដែរ។ នៅថ្ងៃទី៣០ឧសភាខាងមុខនេះ តុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេនឹងបកស្រាយសាលក្រមឆ្នាំ១៩៦២ ឡើងវិញតាមបណ្តឹងរបស់កម្ពុជា បណ្តឹងរបស់កម្ពុជាចង់អោយតុលាការអន្តរជាតិមួយនេះប្រាប់ប្រទេសថៃថា ប្រាសាទព្រះវិហារជាកម្មសិទ្ធិរបស់ខ្មែរតែមួយប៉ុណ្ណោះ៕
tags: កម្ពុជា
BY: fri
No comments:
Post a Comment
yes