Wednesday, May 25, 2011


កម្ពុជាជំរុញអោយយូណេស្កូចេញវិធានការបន្ទាន់ការពារ

និងអភិវឌ្ឍន៍ប្រាសាទព្រះវិហារ


លោក​ឧបនាយក​រដ្ឋមន្រ្តី​សុខ អាន បាន​ដឹក​នាំ​គណៈប្រតិភូ​កម្ពុជា ទៅកាន់​ទីស្នាក់ការ​កណ្តាល​ របស់​អង្គការ​យូណេស្កូ នៅ​ក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារំាង​នៅ​ល្ងាច​ថ្ងៃ​ចន្ទ​ទី​២៣​ឧសភា​ម្សិលមិញ​នេះ ដើម្បី​ចូលរួម​កិច្ច​ប្រជុំ​ស្តីពី​ការ​ខូចខាត​ប្រាសាទ​ព្រះវិហារ។​កិច្ច​ ប្រជុំ​ដែល​រៀបចំ​ឡើង​ដោយ​អង្គការ​យូណេស្កូ​ជា​ការ​ផ្តល់​ឱកាស​អោយ​កម្ពុជា និង​ថៃ តទល់គ្នា​ចំពោះ​ការ​បំផ្លិច​បំផ្លាញសម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ក្នុង​ ជម្លោះ​ព្រំដែន​ប្រទេស​ទំាង​ពីរ។ ក្នុង​នាម​ប្រទេស​ជា​ម្ចាស់​ប្រាសាទ​​ព្រះវិហារ​លោក សុខ អាន​នឹង​ជំរុញ​អោយ​យូណេស្កូ​ចេញ​វិធានការ​បន្ទាន់​មួយ​ដើម្បី​ការពារ​ អភិរក្ស​និង​អភិវឌ្ឍន៍​ប្រាសាទ​ព្រះវិហារ ពី​ការ​បំផ្លាញ​របស់​ប្រទេស​ថៃ។

ជម្លោះនៅព្រះវិហារអាចជាពេលវេលាផ្សះមុខរបួសនយោបាយផ្ទៃក្នុងខ្មែរ
©វណ្ណារ៉ា


​លោក​សុខ អាន ឧបនាយក​រដ្ឋមន្រ្តី​កម្ពុជា​នឹង​អង្គុយ​តុប្រជុំ​ជាមួយ​សមភាគី​របស់​លោក​មក​ ពី​ប្រទេស​ថៃ ជា​រដ្ឋមន្រ្តី​ទទួលបន្ទុក​បេតិកភណ្ឌ ជា​កិច្ចប្រជុំ​ក្រោម​ប្រធានបទ​ស្តីពី ការ​ខូចខាត​ប្រាសាទ​ព្រះវិហារ ដោយសារ​គ្រាប់កំាភ្លើង​របស់​ទាហាន​ថៃ។ កិច្ចប្រជុំ​ធ្វើ​ឡើង​ក្រោមការ​សម្របសម្រួល​ដោយ​តំណាង​អង្គការ​យូណេស្កូ ​ក្នុង​ទីក្រុង​ប៉ារីស​នៅ​ថ្ងៃ​នេះ។


​នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ​ផង​ដែរ កម្ពុជា​នឹង​ជំរុញ​អោយ​អង្គការ​យូណេស្កូ​ដាក់​ចេញ​វិធានការ​ឆាប់​បំផុត​ ដើម្បី​ជួសជុល​ការពារ​និង​អភិវឌ្ឍន៏​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​មួយ​នេះ។ បើតាម​លោក​​សុខ អាន​បញ្ជាក់​ថា​វិធានការ​របស់​អង្គការ​យូណេស្កូ នឹង​ជួយ​ប្រាសាទ​ព្រះ​វិហារ មិន​អោយ​រងគ្រោះ​ពី​ការ​ឈ្លានពាន​​របស់​ប្រទេស​ថៃ​បន្ត​ទៀត។


​ប្រាសាទ​ព្រះវិហារ​បាន​ទទួល​រង​ការ​ខូចខាត​យ៉ាង​ខ្លំាង ដោយសារ​គ្រាប់​កំា​ភ្លើង​របស់​ទាហាន​ថៃ​ផ្លោង​ដាក់​ក្នុង​ពេល​ប្រយុទ្ធ​ជាមួយ ​ទាហាន​កម្ពុជា​កាលពី​ដើម​ខែ​កុម្ភៈ​កន្លង​ទៅនេះ។ ក្នុង​សង្រ្គាម​ឈ្លានពាន​កម្ពុជា​ក្នុង​ខែកុម្ភៈ​នោះ​ទាហាន​ថៃ​បាន​បាញ់​ គ្រាប់​ជាង​៤០០​គ្រាប់​លើ​ប្រាសាទ​ព្រះវិហារ និង​តំបន់​ជុំវិញ​ប្រាសាទ។


​បើយោងតាម​លោក​សុខ អាន​​ បញ្ហា​ប្រាសាទ​ព្រះវិហារ​អង្គការ​យូណេស្កូ នឹង​លើក​យក​ទៅ​ពិភាក្សា​បន្ត​ទៀត ក្នុង​កិច្ចប្រជុំ​ប្រចំា​ឆ្នាំ​របស់​ខ្លួន​លើក​ទី​៣៥ នៅ​ក្នុង​ខែ​មិថុនា​ខាង​មុខ​នេះ។ ជា​កិច្ចប្រជុំ​ផ្តោត​សំខាន់​លើ​ផែនការ​អភិវឌ្ឍន៏​ប្រាសាទ​ព្រះវិហារ​ក្នុង​ រយៈ​ពេល​យូរ។


​ផែនការ​អភិវឌ្ឍន៍​ប្រាសាទ​ព្រះវិហារ​ក៏​ជា​ចំណុច​មួយ​ដែល​ប្រទេស​ថៃ តែងតែ​ទាមទារ​អោយ​ខ្លួន​បាន​ចូល​​រួម​​ក្នុង​ការងារ​នេះ​ផង​ដែរ។ នៅ​ថ្ងៃ​ទី​៣០​ឧសភា​ខាង​មុខ​នេះ ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុងឡាអេ​នឹង​បកស្រាយ​សាលក្រម​ឆ្នាំ​១៩៦២​ ឡើង​វិញ​តាម​បណ្តឹង​របស់​កម្ពុជា​ បណ្តឹង​របស់​កម្ពុជា​ចង់អោយតុលាការ​អន្តរជាតិ​មួយ​នេះ​ប្រាប់​ប្រទេស​ថៃ​ថា ប្រាសាទ​ព្រះវិហារ​​ជា​កម្មសិទ្ធិ​​របស់​ខ្មែរ​តែ​មួយ​ប៉ុណ្ណោះ៕



BY: fri

No comments:

Post a Comment

yes