Wednesday, June 8, 2011


គណបក្ស​សិទ្ធិមនុស្ស​អំពាវនាវឲ្យមានការ

រួបរួមគ្នាឡើងវិញ

លោក កឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្ស

ក្រោយ​ពី​មាន​ការ​បែក​ធ្លាយ​ខ្សែ​អាត់​សន្ទនា​តាម​ទូរស័ព្ទ​រវាង​លោក ហ៊ុន សែន និង​លោក កឹម សុខា ប្រធាន​គណ​បក្ស​សិទ្ធិ​មនុស្ស​រួច​មក កាល​ពី​ថ្ងៃ​អង្គារ​ម្សិល​មិញ​នេះ គណ​បក្ស​សិទ្ធិ​មនុស្ស​បាន​ចេញ​សេចក្តី​អំពាវ​នាវមួយ​ដោយ​ហៅ​ការ​ទម្លាយ​ កិច្ច​សន្ទនា​នោះ​ថា គឺជា​ឧបាយ​កល​បំបែក​បំបាក់​ខ្មែរ ហើយ​ស្នើ​ឲ្យ​អ្នក​នយោ​បាយ​ខ្មែរ​ធ្វើ​ការ​បង្រួប​បង្រួម​គ្នា​ឡើង​វិញ។


​លោក កឹម សុខា ប្រធាន​គណ​បក្ស​សិទ្ធិ​មនុស្ស​បាន​និយាយ​នៅ​ក្នុង​សេចក្តី​អំពាវ​នាវ​នោះ​ថា ឧបាយ​កល​បំបែក​បំបាក់​ខ្មែរ​ធ្វើ​មិន​ឲ្យ​ទុក​ចិត្ត​ខ្មែរគ្នា​ឯង បាន​មក​លង​ខ្មែរ​ទៀត​ហើយ ដូច​ជា​ព្រឹត្តិការណ៍​ថ្មីៗ​នេះ ទោះ​បី​គេដឹង​ថា អំពើ​លួច​ថត​សម្លេង​គេ​យក​មក​ផ្សព្វ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាតពី​សាម៉ី ​ខ្លួន គឺ​ជា​អំពើ​រំលោភ​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​មាត្រា​៤០ ដែល​ចែង​ថា អាថ៌​កំបាំង​នៃ​ការ​ឆ្លើយ​ឆ្លង​តាម​លិខិត តាម​សារ​ទូរលេខ ទូរពុម្ព ទូរគមន៍ និង​តាម​ទូរស័ព្ទ​ត្រូវ​បាន​ធានា ក៏​ដោយ ក៏​គេ​នៅ​តែ​ប្រើ​អំណាច​បំពាន​រដ្ឋ​ធម្មនុញ្ញ​ខ្មែរ​ដែរ។ ម្យ៉ាង​ទៀត​ទោះ​បី​គេ​ដឹង​ដែរ​ថា បរទេស​កំពុង​តែ​បន្ត​មហិច្ឆតា​ឈ្លានពាន​ត្រួត​ត្រា​ខ្មែរ​តាម​រូប​ភាព​ ផ្សេងៗ​គ្នា​ក៏​ដោយ ក៏​គេ​នៅ​តែ​ជួយ​បំបែក​សាមគ្គី​ខ្មែរ​ដើម្បី​ផ្តល់​ឱកាស​ឲ្យ​ប្រទេស​ត្រួត​ ត្រា​ខ្មែរ​ដែរ។


​ជាមួយ​គ្នា​នេះ​លោក កឹម សុខា បាន​ធ្វើ​ការ​អំពាវ​នាវ​ឲ្យ​អ្នក​នយោ​បាយ​ខ្មែរ​ដែល​ចង់​ជួយ​ស្រោច​ស្រង់​ ប្រទេស​ជាតិ និង​ប្រជាពលរដ្ឋ សូម​បែរ​មក​ជួប​ជុំ​គ្នា ចរចា​គ្នា បង្រួប​បង្រួម​គ្នា​វិញ​ដើម្បី​ទប់​ស្កាត់​មហិច្ឆតា​ឈ្លានពាន​ត្រួត​ត្រា​ របស់​បរទេស និង​ទប់​ស្កាត់​អំណាច​ផ្តាច់​ការ​របស់​អ្នក​នយោបាយ​ក្រាញ​អំណាច​។


​គួរ​បញ្ជាក់​ថា ក្រោយ​ពី​មាន​ការ​បែក​ធ្លាយ​កិច្ច​សន្ទនា​រវាង​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន និង​លោក កឹម សុខា ស្តីពី​ការ​បង្កើត​គណ​បក្ស​សិទ្ធិ​មនុស្ស​រួច​មក កិច្ច​ចរចា​សម្ព័ន្ធ​ភាព​រវាង​គណ​បក្ស​សម​រង្ស៊ី និង​គណ​បក្ស​សិទ្ធិមនុស្ស ត្រូវ​បាន​គណ​បក្ស​សម​រង្ស៊ី​ប្រកាស​រំលាយ​ចោល ដោយ​លើក​ហេតុ​ផលថា ការ​បង្ហាញ​ឯកសារ​នេះ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​អំពី​កល​ល្បិច​របស់​គណបក្ស​ សិទ្ធិ​មនុស្ស៕


ពីគេហទំព័រ៖ សារព័ត៌មានសេរី

No comments:

Post a Comment

yes