គណបក្ស សម រង្ស៊ី បង្ហាញជំហរមិនរួបរួមជាមួយ
គណបក្សសិទ្ធិមនុស្ស
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសមរង្ស៊ី
បើទោះបីជាមានការអំពាវនាវរបស់គណបក្សសិទ្ធិមនុស្សកាលពីពេលថ្មីៗនេះ ដើម្បីឲ្យមានការរួបរួមគ្នាឡើងវិញនោះ គណបក្សសមរង្ស៊ីបានបង្ហាញជំហររបស់ខ្លួនយ៉ាងដាច់ណាត់មិនរួបរួម ជាមួយគណបក្សសិទ្ធិមនុស្សឡើយ។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសមរង្ស៊ីបានថ្លែងប្រាប់ក្រុមអ្នករាយការណ៏ ព័ត៌មានថា គណបក្សសមរង្ស៊ីនឹងមិនអាចរួបរួមជាមួយគណបក្សមួយដែលធ្វើជា អាយ៉ងគណបក្សប្រជាជនកម្ពុជាបានទេ។ «អ្នកណាដែលទៅធ្វើអាយ៉ងឲ្យគណបក្សប្រជាជនកម្ពុជា យើងមិនប្រថុយប្រថានទៅចរចាជាមួយមនុស្សមិនស្មោះត្រង់បែបនេះទេ»។
ប៉ុន្តែលោក យឹម សុវណ្ណ បានបញ្ជាក់ថា គណបក្សសមរង្ស៊ីស្វាគមន៍មេដឹកនាំដទៃទៀតដែលស្មោះត្រង់នឹងជាតិ ស្មោះត្រង់នឹងកម្លាំងប្រជាធិបតេយ្យ។
គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ គណបក្សសិទ្ធិមនុស្សរបស់លោក កឹម សុខា បានធ្វើការអំពាវនាវមួយឲ្យអ្នកនយោបាយខ្មែរដែលចង់ជួយស្រោចស្រង់ ប្រទេសជាតិ និងប្រជាពលរដ្ឋ មកធ្វើការចរចាបង្រួបបង្រួមគ្នាឡើងវិញ ដើម្បីទប់ស្កាត់មហិច្ឆតាឈ្លានពានត្រួតត្រារបស់បរទេស និងអំណាចផ្តាច់ការរបស់អ្នកនយោបាយក្រាញអំណាច៕
ពីគេហទំព័រ៖ សារព័ត៌មានសេរី

No comments:
Post a Comment
yes