ជនប្រដាប់អាវុធចាប់ជំរិតថៅកែលក់ឡានយកទៅបាត់ ប៉ូលិសខេត្តកណ្តាលថាអត់ដឹង
ដោយ : សច្ចៈ CEN
កណ្តាល: បុរសម្នាក់ដែលគេស្គាល់ថាជាថៅកែការ៉ាស់ជួសជុលឡានបានជិះរថយន្ត ឡិចស៊ិស៤៧០មួយគ្រឿង ជាមួយក្រុមគ្រួសារ ៤នាក់ ដើម្បីទៅឲ្យលោកស្រោចទឹកនៅវត្តវិហារកំបោរ ពេលត្រឡប់មកវិញត្រូវជនប្រដាប់អាវុធមួយក្រុមភ្ជង់ចាប់ខ្លួនរុញបញ្ជូ លទៅក្នុងឡានរបស់ជនល្មើស បើកចេញទៅបាត់ រីឯប្រពន្ធ, កូន និងប្អូនថ្លៃជនរងគ្រោះពួកឧក្រិដ្ឋជនមិនបានធ្វើទារុណកម្មអ្វីទេ ប៉ុន្តែគម្រាមមិនឲ្យស្រែករកអន្តរាគមន៍ពីសមត្ថកិច្ច ។
>
>
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ២០និង៣០នាទីយប់ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១១ ត្រង់ចំណុចភូមិកណ្តោក ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
ការចាប់ខ្លួនថៅកែការ៉ាស់ឡានរូបនេះ លេចធ្លាយព័ត៌មានតាមរយៈព្រះសង្ឃវត្តវិហារកំបោរ ដែលបានទទួលទូរស័ព្ទពីប្រពន្ធជនរងគ្រោះតេប្រាប់ព្រះ ចៅ អធិការវត្ត ។ ចំណែកសមត្ថកិច្ចប៉ូលិសស្រុកកណ្តាលស្ទឹង និងប៉ូលិសស្នងការដ្ឋានខេត្តកណ្តាល ឆ្លើយថា អត់ដឹងហាក់ដូចមិនចាប់អារម្មណ៍ធ្វើការងារឧក្រិដ្ឋជនចាប់មនុស្សញាត់ចូលក្នុងឡានដឹកទៅបាត់នោះដែរ ។
ក្រោយទទួលពត៌មានចាប់ជនរងគ្រោះ និងមានការឆោឡោពីព្រះសង្ឃ សាក្សីជាច្រើននាក់បាននិយាយថា នៅម៉ោងប្រមាណជាង៨យប់ ថ្ងៃកើតហេតុ ជនរងគ្រោះ និងប្រពន្ធកូន រួមទាំងប្អូនថ្លៃ ជិះក្នុងរថយន្តម៉ាកឡិចស៊ិស៤៧០ ពណ៌ស្ក ពេលត្រឡប់ពីស្រោចទឹកបើកឡានផុតក្លោងទ្វារវត្តបត់ឡើងទៅផ្លូវលំ ឆ្ពោះទៅផ្លូវ ជាតិលេខ២ ដែលស្របពេលនោះមានរថយន្តម៉ាកកាមេរី (ឆ្លាម) ពណ៌ទឹក ប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ ២I ៥៧០៥ បានឈប់បាំងផ្លូវពីមុខរថយន្តជនរងគ្រោះ ហើយមនុស្សប្រុស ៤ នាក់នៅក្នុងរថយន្តជនល្មើសបានបើកទ្វារចុះ រួចទាញកាំ ភ្លើងអាការចំនួន ២ ដើម និងកាំភ្លើងខ្លីមួយដើម ភ្ជង់សងខាងឡានជនរងគ្រោះគម្រាមបាញ់ និងទាញកអាវជនរងគ្រោះទម្លាក់មកក្រៅឡានចាប់វាយខ្នោះ រុញបញ្ចូលឡានកាមារីរបស់ឧក្រិដ្ឋជនបើកចេញទៅបាត់ ។
សាក្សីបន្តថា ពួកជនល្មើសបានដឹកជនរងគ្រោះចេញ ហើយគម្រាមប្រពន្ធ, កូន និងប្អូនថ្លៃ ជនរងគ្រោះមិនឲ្យស្រែកហើយបញ្ជាឲ្យឡានជនរងគ្រោះបើកត្រឡប់ ក្រោយ ។ ករណីនេះប៉ូលិសស្រុកកណ្តាលស្ទឹងបាននិយាយថា ក្រុមគ្រួសារជនរងគ្រោះមិនបានប្តឹងសមត្ថកិច្ចមូលដ្ឋានធ្វើឲ្យមានការ លំបាកស្រាវជ្រាវ ។
ប្រភពស្និតនឹងក្រុមគ្រួសារជនរងគ្រោះបាននិយាយថា កន្លងមកឪពុកជនរងគ្រោះធ្លាប់ឧក្រិដ្ឋជនចាប់ជំរិតទារប្រាក់នៅ ខេត្តកំពង់ចាម ហើយជនរងគ្រោះបានយកលុយទៅឲ្យជនល្មើសលោះឪពុកត្រឡប់មកវិញ ។ បច្ចុប្បន្នជនរងគ្រោះមានរបរជាថៅកែលក់ឡាន និងបើកការ៉ាស់ជួសជុលឡាន នៅម្តុំស្ទឹងមានជ័យ រាជធានីភ្នំពេញ ។ ប្រភពស្និតនឹងក្រុមគ្រួសារជនរងគ្រោះដដែលបញ្ជាក់ថា ដោយសមត្ថកិច្ចប៉ូលិសខេត្តកណ្តាលមិនអើពើក្នុងរឿងនេះ ប្រពន្ធជនរងគ្រោះក៏សម្រេចចិត្តដាក់ពាក្យបណ្តឹងទៅស្នងការរាជធានី ភ្នំពេញ និងក្រសួងមហាផ្ទៃ ដើម្បីស្រាវជ្រាវរកមុខសញ្ញា ប៉ុន្តែរហូតមកដលើពេលនេះពុំទាន់មានប្រភពពីសមត្ថកិច្ចណាមួយទម្លាយ ឲ្យដឹងពីវាសនារបស់ជនរងគ្រោះទៅជាយ៉ាងណាឡើយ៕
No comments:
Post a Comment
yes