Tuesday, June 14, 2011

ជប៉ុនបន្តបណ្តុះបណ្តាលមន្ត្រីរាជការវ័យក្មេងកម្ពុជា


 រដ្ឋាភិបាល​ជប៉ុន​បាន​ផ្តល់​ជំនួយ​ឥត​សំណង​ចំនួន ៣,៣ លាន​ដុល្លារសម្រាប់​គាំទ្រ​កម្មវិធី​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា ដែល​ជា​មន្ត្រីរាជការ​វ័យ​ក្មេង​ចំនួន ២៤ រូប ដើម្បី​ទៅ​រៀន​នៅ​ប្រទេស​ជប៉ុន​រយៈពេល​ពីរ​ឆ្នាំ​។ ពិធី​ចុះ​ហត្ថលេខា​លើ​កញ្ចប់​ប្រាក់​ជំនួយ​ឥតសំណង​នោះ ត្រូវ​បាន​ធ្វើ​ឡើង​នា​ព្រឹក​មិញ នៅ​ក្រសួង​ការបរទេស​កម្ពុជា។
លោក ហោ ណាំហុង រដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោក ម៉ាសាហ្វូមី
ហ៊ូរ៉ូគី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា©RFI/Channa SIV

ពិធី​ចុះ​ហត្ថលេខា​លើ​លិខិត​ប្តូរ​សារ ស្តីពី​ការ​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​របស់​ជប៉ុន​ចំនួន ២៧៣​លានយ៉េន ស្មើ​ប្រមាណ ៣,៣ លានដុល្លារអាមេរិក សម្រាប់អនុវត្ត​គម្រោង​អាហារូបករណ៍​អភិវឌ្ឍន៍​ធនធាន​មនុស្ស ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​លោក ហោ ណាំហុង ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា និង​លោក ម៉ាសា​ហ្វូ​មី ហ៊ូរ៉ូគី ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា កាល​ពី​ព្រឹក​ថ្ងៃទី ​១៤​ មិថុនា ឆ្នាំ​២០១១ នៅ​ទីស្តីការ​ក្រសួង​ការបរទេស​កម្ពុជា​។ កម្មវិធី​អាហារូបករណ៍​របស់​ជប៉ុន​នឹងត្រូវ​ផ្តល់​ជូន​ជា​ពិសេស​ដល់​មន្ត្រី ​រាជការ​វ័យក្មេង​កម្ពុជា​ដែល​មាន​សមត្ថភាព​ដើម្បី​ចូលរួម​ចំណែក​អភិវឌ្ឍន៍​ សង្គម និង​សេដ្ឋកិច្ច​កម្ពុជា​។

 ក្រោយ​ពី​ពិធី​ចុះ​ហត្ថលេខា លោក កុយ គួង អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា លោក​ឧបនាយក​រដ្ឋមន្ត្រី ហោ ណាំហុង​បាន​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល​ជប៉ុន ដែល​បាន​បន្ត​ផ្តល់​ជំនួយ​ដ៏​មាន​សារៈសំខាន់​នេះដល់​កម្ពុជា ព្រោះ​ការ​អភិវឌ្ឍន៍​ធនធាន​មនុស្ស គឺ​ជា​វិស័យ​អាទិភាព​មួយ​ក្នុង​ការ​អភិវឌ្ឍន៍​ប្រទេស។ លោក កុយ គួង បាន​បន្ថែម​ថា លោក​ឯកអគ្គរាជទូត​ជប៉ុន​បាន​ឆ្លើយតប​ថា ទោះបី​ជា​ប្រទេស​ជប៉ុន​ទទួល​រង​នូវ​គ្រោះ​ធម្មជាតិ​យ៉ាង​ណា​ក៏​ដោយ ក៏​ប្រទេស​ជប៉ុន​នៅ​តែ​បន្ត​ប្តេជ្ញាចិត្ត​បន្ត​ផ្តល់​ជំនួយ​ជា​បន្តបន្ទាប់ ​ដល់​កម្ពុជា ជាពិសេស​ក្នុង​ការអភិវឌ្ឍន៍​ប្រទេស​។ ក្នុង​នោះ ការអភិវឌ្ឍន៍ធនធាន​មនុស្ស ជា​អាទិភាព​ទី​១ ក្នុង​អាទិភាព​ទាំង​៤ នៃ​ផែនការ​យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល​កម្ពុជា​។

 ចាប់​តាំង​ពី​ឆ្នាំ​២០០០ រដ្ឋាភិបាល​ជប៉ុន​បាន​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា ពិសេស​មន្ត្រី​រាជការ​វ័យ​ក្មេង​។ គិត​មក​ដល់​ឆ្នាំ​២០១១​នេះ រដ្ឋាភិបាល​ជប៉ុន​បាន​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ជាង ៣១ លាន​ដុល្លារ​អាមេរិក សម្រាប់​និស្សិត​កម្ពុជា​ចំនួន ២២៤ នាក់ ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន​។ ស្ថានទូត​ជប៉ុនប្រចាំ​កម្ពុជា​បាន​ប្រកាស​ថា និស្សិត​កម្ពុជា​ដែល​បាន​បញ្ចប់​ការ​សិក្សា​នៅ​ប្រទេស​ជប៉ុន​កំពុង​បម្រើ​ ការងារ​នៅ​តាម​ស្ថាប័ន​សាធារណៈ​នានា​ដែល​ជា​ការ​រួម​ចំណែក​អភិវឌ្ឍន៍​វិស័យ​ សាធារណៈ​នៅ​កម្ពុជា​៕

BY: RFI

No comments:

Post a Comment

yes