Tuesday, June 21, 2011

ក្រុមយោធាថៃប្រកាន់ជំហរលំអៀងខណៈការ
បោះឆ្នោតខិតជិតមកដល់

ក្រុង​បាងកកៈ បន្ទាប់​ពី​ក្រុម​យោធា​ប្រទេស​ថៃ​បាន​ទម្លាក់​បង​ប្រុស​របស់​លោក​ស្រី​ចេញ​ ពី​អំណាច​ក្នុង​រដ្ឋ​ប្រហារ​យោធា​មិន​បង្ហូរ​ឈាម​មួយ​នៅ​រាត្រី​ខែ​កញ្ញា​​ ដែល​មាន​អាកាស​ធាតុ​ក្តៅ​ កាល​ពី​៥​ឆ្នាំ​មុន​បេក្ខ​នារី​នាំ​មុខ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ដែល​ពិបាក​ នឹង​យក​​ឈ្នះ​គ្នា​នៅ​ខែ​ក្រោយ​នេះ មាន​ហេតុ​ផល​ល្អ​​ដែល​ត្រូវ​ព្រួយ​បារម្ភ ព្រោះ​ក្រុម​ឧត្តម​សេនីយ៍​នឹងតាម​យា​យី​លោក​ស្រី​ទៀត។


 ទង្វើ​នា​ថ្មី​ៗ​ពី​ក្រុម​យោធា​បាន​បង្ហាញ​ថា លោក​ស្រី​គួរ​តែ​ធ្វើ​ឲ្យ​គេ​បារម្ភ។ក្រុម អ្នក​វិភាគ​និយាយ​ថា
ខណៈ​លោក​ស្រី​ យីងឡាក់ ស៊ីណាវ៉ាត្រា ប្អូន​ស្រី​របស់​អតីត​នាយក​រដ្ឋ​មន្ត្រី​ថាក់​ស៊ីន​គេ​បណ្តេញ​ចេញ​ពី​អំណាច ​​នាំ​មុខ​នៅ​ក្នុង​​ការ​ឃោស​នា​ប្រកួត​ប្រជែង​ដើម្បី​​ក្លាយ​ខ្លួន​ទៅ​ជា​ នាយក​រដ្ឋ​មន្ត្រី​អាណត្តិ​ក្រោយ ក្នុង​ការ​បោះ​ឆ្នោត​នៅ​ខែ​ក្រោយ​ កង​ទ័ព​បាន​បោះ​បង់​ចោល ​នូវ​ជំហរ​អព្យា​ក្រឹត​របស់​ខ្លួន និង​មើល​ទៅ​មាន​បំណង​ធ្វើ​ឲ្យ​លោក​ស្រីបែក​អារម្មណ៍​ថា តើ​ពួក​គេ​អាច​ទៅ​បាន​ឆ្ងាយ​ប៉ុន​ណា គេ​នៅ​តែ​មិន​ច្បាស់។

 ប្រសិន​បើ​លោក​ស្រី​យក​ឈ្នះ​បក្ស​ប្រជា​ធិបតេយ្យ​ដែល​កំពុង​កាន់​អំណាច​របស់ ​លោក​អាភីស៊ីត ​វេចា​ជី​វ៉ា និង​បង្កើត​រដ្ឋាភិបាល​ថ្មី​មួយ រដ្ឋ​ប្រហារ គឺជា​ជម្រើស​មួយ ថ្វី​បើ​ជា​ជម្រើស​មិន​ទំនង​ ដោយ​សារ​តែ​ប្រ​ឈម​នឹង​គ្រោះ​ថ្នាក់​នៃ​ការ​ទាក់​ទាញ​ក្រុម​អាវ​ក្រហម​របស់​ លោក ថាក់ស៊ីន រាប់​ម៉ឺន​នាក់​ ​មក​ធ្វើ​ការ​តវ៉ា​នៅ​​តាម​ដង​ផ្លូវ​ ជា​ការ​សង​សឹក​នឹង​ការ​ប៉ះ​ទង្គិច​បង្ហូរ​ឈាម​ជា​មួយ​ទាហាន​​ កាល​ពី​ឆ្នាំ​មុន​​ក្តី។

 អ្នក​វិភាគ និង​អ្នក​ការទូត​ភាគ​ច្រើន បាន​លើក​ឡើង​ថា លោក​ស្រី​អាច​កាត់​ផ្តាច់​ទំនាក់​ទំនង​ជា​មួយ​ក្រុម​​យោធា​ដើម្បី ការ​ពារ​រដ្ឋាភិបាល​របស់​លោក​ស្រី និង​រារាំង​រលក​ថ្មី​នៃ​កុបកម្ម​តាម​ដង​ផ្លូវ។

 ប៉ុន្តែ​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ឈាន​ទៅ​កាន់ ​ការ​បោះ​ឆ្នោត​ថ្ងៃ​ទី​៣ ​កក្កដា​ប៉ុណ្ណោះ​ កង​ទ័ព​កំពុង​​ធ្វើ​អ្វី​ដែល​ខ្លួន​អាច​ធ្វើ​បាន​ ដើម្បី​បញ្ឈប់​សន្ទុះ​របស់​លោក​ស្រី និង​បំផ្លាញ​ផែន​ការ​របស់​លោក​ស្រី​សម្រាប់​ការ​​​លើក​លែង​ទោស​ជា​ទូទៅ​ ដែល​នឹង​បើក​ផ្លូវ​​ឲ្យ​លោក ថាក់ស៊ីន ​ត្រឡប់​ពី​និរទេស​ដោយ​ខ្លួន​ឯង​នៅ​ក្រុង​ឌូបៃ ជា​ទី​ដែល​លោក រស់​នៅ​ដើម្បី​គេច​ពី​ការ​ជាប់​ពន្ធនាគារ បន្ទាប់​ពី​ត្រូវ​បាន​កាត់​ទោស​ពី​បទ​ពុក​រលួយ ដែល​លោក​បាន​និយាយ​ថា ជា​ហេតុ​ផល នយោបាយ។

 ប្រមុខ​កង​ទ័ព​ថៃ ​លោក ឧត្តម​សេនីយ៍​ ប្រាយុទ្ធ​ ចាន-អូចា ជា​ឧបករណ៍​នៅ​ក្នុង​រដ្ឋ​ប្រហារ ដែល​បាន​​​ទម្លាក់​លោក ថាក់ស៊ីន និង​ការ​វាយ​ប្រហារ​ដើម្បី​បង្ក្រាប​ការ​បះ​បោរ​តាម​ដង​ផ្លូវ​របស់​ក្រុម​ អាវ​ក្រហម​ប្រឆាំង​រដ្ឋាភិបាល​ពី​ឆ្នាំ​២០០៩ និង​២០១០ បាន​ថ្លែង​សុន្ទរ​កថា​ក្នុង​ទឹក​មុខ​មាំ​តាម​បណ្តាញ​ទូរទស្សន៍​ដែល​គ្រប់​ គ្រង​ក្រុម​យោធា​ពីរ កាល​ពី​សប្តាហ៍​មុន​ ដោយ​សង្កត់​ធ្ងន់​ថា យោធា​ នឹង​មិន​ជ្រៀត​ជ្រែក​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ទេ​។ ប៉ុន្តែ​សារ​របស់​លោក​ ​មាន​ផល​ផ្ទុយ​ពី​សម្តី​ទៅ​វិញ។

 លោក​ប្រាយុទ្ធ​បាន​ព្រមាន​ថា ​នឹង​មាន​ការ​គំរាម​កំហែង​ប្រឆាំង​នឹង​របប​រាជាធិបតេយ្យ​របស់​ប្រទេស​ថៃ និង​បាន​ជំរុញ​ឲ្យ​សាធារណ​ជន​បោះ​ឆ្នោត​​ឲ្យ ​«មនុស្ស​ល្អ​»​និង​ដើម្បី​ចៀស​វាង​ការ​បោះ​ឆ្នោត​ម្តង​ហើយ​ម្តង​ទៀត​ដូច​ពី ​មុន ជា​ការ​និយាយ​សំដៅ​ដល់​ការ​ឈ្នះ​ឆ្នោត​មួយ​ទសវត្សរ៍​របស់​ក្រុម​សម្ព័ន្ធ​ មិត្ត​របស់​ថាក់​ស៊ីន​ ​។

 លោក ប្រាយុទ្ធ បញ្ជាក់​ថា​៖​ «ប្រសិន​បើ​អ្នក​អនុញ្ញាត​ឲ្យ​ការ​បោះ​ឆ្នោត​មាន​លទ្ធផល​ដូច​ពេល​មុន​នោះ អ្នក​នឹង​មិន​ទទួល​បាន​អ្វី​ថ្មី​ឡើយ ហើយ​លោក​​អ្នក​នឹង​មិន​បាន​ឃើញ​ការ​វិវ​ត្តថ្មី​នោះ​ឡើយ»។

 សម្តី​របស់​លោក​ប្រាយុទ្ធ ត្រូវ​បាន​គេ​មើល​ឃើញ​ជា​ទូទៅ​ថា​ ជាទង្វើ​​មួយ​ដើម្បី​បង្ខូច​មុខ​មាត់​បក្ស​ភឿ​ថៃ របស់​លោក​ស្រី យីងឡាក់​ និង​ទប់​ស្កាត់​សន្ទុះ​របស់​បក្ស បន្ទាប់​ពី​ការ​ស្ទង់​មតិ​បាន​បង្ហាញ​ថា បក្ស នេះ​ទំនង​ជា​ឈ្នះ​ឆ្នោត​៕ DT


ពីគេហទំព័រ៖ ភ្នំពេញប៉ុស្តិ៏

No comments:

Post a Comment

yes