ជប៉ុនបន្តបណ្តុះបណ្តាលមន្ត្រីរាជការវ័យក្មេងកម្ពុជា
ដោយ លី ម៉េងហួរ
រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយឥតសំណងចំនួន ៣,៣ លានដុល្លារសម្រាប់គាំទ្រកម្មវិធីអាហារូបករណ៍ដល់និស្សិតកម្ពុជា ដែលជាមន្ត្រីរាជការវ័យក្មេងចំនួន ២៤ រូប ដើម្បីទៅរៀននៅប្រទេសជប៉ុនរយៈពេលពីរឆ្នាំ។ ពិធីចុះហត្ថលេខាលើកញ្ចប់ប្រាក់ជំនួយឥតសំណងនោះ ត្រូវបានធ្វើឡើងនាព្រឹកមិញ នៅក្រសួងការបរទេសកម្ពុជា។
លោក ហោ ណាំហុង រដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោក ម៉ាសាហ្វូមី
ហ៊ូរ៉ូគី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា©RFI/Channa SIV
ពិធីចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុនចំនួន ២៧៣លានយ៉េន ស្មើប្រមាណ ៣,៣ លានដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស ត្រូវបានធ្វើឡើងដោយលោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោក ម៉ាសាហ្វូមី ហ៊ូរ៉ូគី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា កាលពីព្រឹកថ្ងៃទី ១៤ មិថុនា ឆ្នាំ២០១១ នៅទីស្តីការក្រសួងការបរទេសកម្ពុជា។ កម្មវិធីអាហារូបករណ៍របស់ជប៉ុននឹងត្រូវផ្តល់ជូនជាពិសេសដល់មន្ត្រី រាជការវ័យក្មេងកម្ពុជាដែលមានសមត្ថភាពដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ សង្គម និងសេដ្ឋកិច្ចកម្ពុជា។
ក្រោយពីពិធីចុះហត្ថលេខា លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានមានប្រសាសន៍ថា លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុងបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលជប៉ុន ដែលបានបន្តផ្តល់ជំនួយដ៏មានសារៈសំខាន់នេះដល់កម្ពុជា ព្រោះការអភិវឌ្ឍន៍ធនធានមនុស្ស គឺជាវិស័យអាទិភាពមួយក្នុងការអភិវឌ្ឍន៍ប្រទេស។ លោក កុយ គួង បានបន្ថែមថា លោកឯកអគ្គរាជទូតជប៉ុនបានឆ្លើយតបថា ទោះបីជាប្រទេសជប៉ុនទទួលរងនូវគ្រោះធម្មជាតិយ៉ាងណាក៏ដោយ ក៏ប្រទេសជប៉ុននៅតែបន្តប្តេជ្ញាចិត្តបន្តផ្តល់ជំនួយជាបន្តបន្ទាប់ ដល់កម្ពុជា ជាពិសេសក្នុងការអភិវឌ្ឍន៍ប្រទេស។ ក្នុងនោះ ការអភិវឌ្ឍន៍ធនធានមនុស្ស ជាអាទិភាពទី១ ក្នុងអាទិភាពទាំង៤ នៃផែនការយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលកម្ពុជា។
ចាប់តាំងពីឆ្នាំ២០០០ រដ្ឋាភិបាលជប៉ុនបានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ពិសេសមន្ត្រីរាជការវ័យក្មេង។ គិតមកដល់ឆ្នាំ២០១១នេះ រដ្ឋាភិបាលជប៉ុនបានផ្តល់ហិរញ្ញប្បទានឥតសំណងជាង ៣១ លានដុល្លារអាមេរិក សម្រាប់និស្សិតកម្ពុជាចំនួន ២២៤ នាក់ ទៅសិក្សានៅប្រទេសជប៉ុន។ ស្ថានទូតជប៉ុនប្រចាំកម្ពុជាបានប្រកាសថា និស្សិតកម្ពុជាដែលបានបញ្ចប់ការសិក្សានៅប្រទេសជប៉ុនកំពុងបម្រើ ការងារនៅតាមស្ថាប័នសាធារណៈនានាដែលជាការរួមចំណែកអភិវឌ្ឍន៍វិស័យ សាធារណៈនៅកម្ពុជា៕
BY: RFI
No comments:
Post a Comment
yes