ជនជាតិដើមភាគតិចជាង៤០គ្រួសារលើកគ្នាមកមុខ
តុលាការដើម្បីគាំទ្រដល់អ្នកដែលត្រូវបានកោះហៅ
ឱ្យមកបំភ្លឺជុំវិញបណ្ដឹងរបស់រដ្ឋបាលព្រៃឈើ
ខេត្ដស្ទឹងត្រែង ៖ ជនជាតិដើមភាគតិចប្រមាណជាង៤០គ្រួសារបានលើកគ្នាមកមុខសាលាដំបូងខេត្ដដើម្បីគាំទ្រផ្ដល់កម្លាំងចិត្ដដល់ជនជាតិដើមដូចគ្នា៤នាក់ដែលតុលាការចេញដីកាកោះហៅឱ្យចូលខ្លួនមកបំភ្លឺជុំវិញបណ្ដឹងរបស់សង្កាត់រដ្ឋបាលព្រៃឈើក្បាលរមាស ក្នុង ករណីថាបានកាប់រានដីព្រៃខុសច្បាប់កាលពីពេលកន្លងទៅ។ ការលើកគ្នាមកជួយគាំទ្រនោះ បានប្រព្រឹត្ដទៅនៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១១។
ជនជាតិដើមភាគតិចទាំងជាង៤០គ្រួសារបានលើកឡើងថា ការដែលពួកគាត់លើកគ្នាមកឈរត្រៀបត្រានៅពីមុខសាលាដំបូងខេត្ដនាពេលនេះ គឺមិនមែនមកធ្វើវិទ្ធង្សនាជាមួយតុលាការឬក៏តវ៉ាជាមួយអាជ្ញាធរអ្វីនោះទេ ពួកគាត់គ្រាន់តែមកជួយផ្ដល់កម្លាំងចិត្ដដល់អ្នកដែលត្រូវបានចូលខ្លួនមកបំភ្លឺតុលាការប៉ុណ្ណោះ។ ម្យ៉ាងពួកគាត់មានការព្រួយបារម្ភខ្លាចមានការចោទប្រកាន់ខុសទំនង ហើយចាប់ពលរដ្ឋដែលសុទ្ធតែជាជនជាតិដើមភាគតិចទាំងនោះដាក់ពន្ធធនាគារដោយមិនទាន់មានការស៊ើបអង្កេត ។
លោកវឿន ទូច ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិព្រៅ រស់នៅភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសាន បានឱ្យដឹងថា លោកត្រូវតែគោរពទៅតាមដីកាបង្គាប់របស់តុលាការក្នុងការចូលបំភ្លឺ ហើយលោកបានបញ្ជាក់ថា ដីដែលគាត់បានកាប់នេះគឺជាដីបុស្សចាស់ដែលជាកេរដំណែលដូនតារបស់ពួកគាត់បានបន្សល់ទុកឱ្យក្រោយពេលស្លាប់ទៅ ហើយពួកគាត់បានអាស្រ័យផលនៅលើដីនោះជារៀងរាល់ឆ្នាំ ។
លោកទូច បានបន្ដថា បើតាមទំនៀមទំលាប់របស់ជនជាតិដើភាគតិច ដីដែលកាប់ធ្វើចំការដាំដំណាំរដូវ មានពោត ស្រូវ ចេក ល្ង។ល។ ក្រោយពេលទទួលផលបាន១ឆ្នាំឬ២ឆ្នាំ ជនជាតិពួកគាត់តែងតែធ្វើបម្លាស់ទីទៅកាប់នៅកន្លែងផ្សេងៗទៀត ដើម្បីទទួលបានផលខ្ពស់ ព្រោះថាដីចំការកាប់ថ្មីវាមានជីជាតិមិនចាំបាច់ដាក់ជីក៏ល្អដែរ។ ដូច្នេះហើយពួកគាត់ចេះតែអនុវត្ដតាមទំនៀមទំលាប់ចាស់បុរាណរបស់ពួកគាត់ទៅ។ តែមួយរយៈចុងក្រោយនេះដោយមាន ការហាមប្រាមពីច្បាប់ ពួកគាត់មិនហ៊ានទៅកាប់រានដីព្រៃរដ្ឋយកមកធ្វើជាកម្មសិទ្ធិទៀតទេ ហើយក៏ងាកមកធ្វើលើដីបុស្សចាស់វិញ។ នៅគ្រាដែលគាត់កំពុងធ្វើលើដីបុស្សចាស់ក៏ស្រាប់តែលេចនូវកម្លាំងរដ្ឋបាលព្រៃឈើក្បាលរមាស៣នាក់មកបញ្ឈប់សកម្មភាពកាប់ឆ្ការដីបុស្សដែលពួកគាត់កំពុង ដាំ ស្រូវ ដំឡូង ពោត សណ្ដែក។ល។ ដោយយល់ឃើញថាគ្មានទោសកំហុសពួក គាត់ក៏បានប្រកែកមិនព្រមឡើងរថយន្ដជាមួយទេ ខណៈនោះលោកអឿ គឹមហេង នាយសង្កាត់រដ្ឋបាលព្រៃឈើក្បាលរមាសក៏បានស្រែកគំរាមពួកគាត់ថាពួកហ្អែងចង់ជាប់គុកឬ? និយាយមិន ទាន់ចប់ផង លោកអឿ គឹមហេង ក៏បានដើរទៅទាញយកកាំភ្លើងខ្លីចេញពីក្នុងរថយន្ដមកបាញ់ក្បែរគុម្ពត្រចៀករបស់ពួកគាត់នៅកណ្ដាលព្រៃនោះធ្វើឱ្យពួកគាត់មានការតក់ស្លុតយ៉ាងខ្លាំង រួចហើយក៏នាំគ្នាឡើងឡានចេញទៅអស់។ ករណីបាញ់គំរាមពួកគាត់នេះបានកើត ឡើងនៅដើមខែឧសភា ឆ្នាំ២០១១ នៅបុស្សចាស់ ក្នុងភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសាន ខេត្ដស្ទឹងត្រែង ។
ជនជាតិដើមភាគតិចទាំងជាង៤០គ្រួសារបាននិយាយនៅមុខតុលាការថា ប្រជាពលរដ្ឋតូចតាចកាប់ដីចាស់ធ្វើចំការចោទថាខុសច្បាប់ ត្រង់លោកអឿ គឹមហេងខ្លួនឯងយកម៉ាស៊ីនត្រង់សឺន័រទៅកាប់អាររានដីព្រៃរដ្ឋថ្មីធ្វើផ្ទះដំរីចូលរលុង(ធំសម្បើម) នៅទីនោះម្ដេចក៏គ្មានទោសផង?
ពីសារគេហទំព័រ៖ នគរវត្ត

No comments:
Post a Comment
yes