សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, July 25, 2011

រថភ្លើងលឿនបុកគ្នានៅចិនបានសម្លាប់៣៥នាក់



 ក្រុង​វ៉េន​ជូៈ  បុគ្គលិក​សង្គ្រោះ​ចិន កាល​ពី​ថ្ងៃ​អាទិត្យ បាន​គាស់​កកាយ​គំនរ​បាក់​បែក​ និង​កម្ទេច​កម្ទី​ដែក​ដែល​រមូរ​ចូល​គ្នា​នៃ​រថ​ភ្លើង​ពីរ​គ្រឿង​ ដែល​បាន​បុក​គ្នា​នៅ​តំបន់​ភាគ​ខាង​កើត​ប្រទេស​ចិន ដោយ​សម្លាប់​មនុស្ស​៣៥​នាក់ និង​ រង​របួស​២១០ នៅ​ក្នុង​មហន្តរាយ​រថ​ភ្លើង​ សម្លាប់​មនុស្ស​យ៉ាង​ច្រើន​បំផុត​តាំង​ពី​ឆ្នាំ​២០០៨ ខណៈ​ឧប​នាយក​រដ្ឋ​មន្ត្រី​ចិន លោក​ ចាង ដេ​ជាំង កំ​ពុង​ធ្វើ​ដំណើរ​ទៅ​កាន់​ក្រុង​​នេះ​ បន្ទាប់​ពី​រថ​ភ្លើង​លឿន​មួយ​គ្រឿង​បាន​បុក​រថភ្លើង​មួយ​ទៀត​រហូត​ធ្លាក់​ ផ្លូវ កាល​ពី​ថ្ងៃ​សៅរ៍។

 ក្នុង​សេច​ក្តី​ថ្លែង​ការណ៍​មួយ​ ការិយាល័យ​សង្គ្រោះ​បន្ទាន់​បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​ម៉ោង៩ និង​៣០​នាទី​ព្រឹក​ថ្ងៃ​អាទិត្យ មនុស្ស​៣៥​នាក់​ត្រូវ​បាន​បញ្ជាក់​ថា ស្លាប់ ក្នុង​នោះ​មាន​ជន​បរ​ទេស​២​នាក់។

 ទី​ភ្នាក់​ងារ​សារ​ព័ត៌មាន​ពាក់​កណ្តាល ផ្លូវ​ការ​ China News Service បាន​និយាយ​ថា ម្នាក់ក្នុង​ចំណោម​ពួក​គេ​គឺជា​នារី វ័យ​ខ្ទង់​២០​ឆ្នាំ។

 នៅ​ក្នុង​ពេល​ជា​មួយ​គ្នា​នោះ​ដែរ អត្ត​សញ្ញាណ​នៃ​មនុស្ស​៩​នាក់​ដែល​បាន​ស្លាប់​នៅ​ក្នុង​គ្រោះ​ថ្នាក់​នេះ ត្រូវ​បាន​គេ បញ្ជាក់​ហើយ។

 ប្រធានាធិបតី​ចិន លោក​ហ៊ូ​ ជីន​តាវ​ និង​នា​យក​រដ្ឋ​មន្ត្រី វេន​ ជា​ប៉ាវ បាន​អំពាវ​នាវ​ឲ្យ​ប្រឹង​ប្រែង​ឲ្យ​អស់​ពី​សមត្ថ​ភាព​ ដើម្បី​សង្គ្រោះ​អ្នក​ដំណើរ​ទាំង​អស់​និង​បាន​បញ្ជាឲ្យ​ធ្វើ​ការ​សង្គ្រោះ​ជា ​អាទិ​ភាព​។

 យោង​តាម​សេចក្តី​ថ្លែង​ការណ៍ ដែល​គេ​បង្ហោះ​តាម​គេហ​ទំព័រ​ក្រសួង​អយ​ស្ម័យយាន​សមាជិក​គណ​កម្មាធិ​ការ​កណ្តាល​នៃ​គណ​កម្មាធិការ​មជ្ឈិម​ការិយាល័យ​នយោ​បាយបក្ស​កុម្មុយ​និស្ត លោក​ជូ យ៉ុង​កាង និង​ចាង​ ដេ​ជាំង​ ក៏​បាន​ ណែ​​នាំ​ដល់​បណ្តា​នាយក​ដ្ឋាន​ពាក់​ព័ន្ធ​ទាំង​អស់​ចាត់​វិធាន​ការ​សង្គ្រោះ​ឲ្យ​បាន​ល្អ។

 រថ​ភ្លើង​លឿន​មួយ​គ្រឿង​ដែល​ចេញ​ពី​ក្រុង​ប៉េកាំង​ទៅ​ក្រុង​ហ្វូ​ជូ កាល​ពី​ថ្ងៃ​សៅរ៍ បាន​បុក​រថ​ភ្លើង​ ដែល​រលត់​ម៉ាស៊ីន​មិន​ដំណើរ​ការ​មួយ​គ្រឿង​ទៀត​ពី​ក្រោយ​ពេញ​ទំហឹង​នៅ​ក្បែរ​ក្រុង​វ៉េន​ជូ ចម្ងាយ​១៣៨០​គ.ម.​ខាង ត្បូង​ក្រុង​ប៉េ​កាំង​ ដោយ​បង្ក​ភាព​មន្ទិល​ថ្មី​ៗ​អំពី​សុវត្ថិ​ភាព​នៃ​បណ្តាញ​ផ្លូវ​ដែក​ដែល កំពុង​រីក​លូត​លាស់​យ៉ាង​ខ្លាំង​នេះ។

 ទូរទស្សន៍​រដ្ឋ​មួយ​បាន​និយាយ​ថា  គ្រោះ​ថ្នាក់​នេះ បាន​កើត​ឡើង​នៅ​លើ​ស្ពាន​មួយនៅ​ក្បែរ​ក្រុង​វ៉េន​ជូ នៅ​ក្នុង​ខេត្ត​ជេ​ជាំង បន្ទាប់​ពី​រថ​ភ្លើង​ទីមួយ​ បាន​បាត់​បង់​ថាមពល​អគ្គិស​នី​ព្រោះ​តែ​រន្ទះ​បាញ់ ហើយ​ដែល​កំពុង​រត់​ពី​ក្រោយ​យ៉ាង​លឿន​ ក៏​បាន​បុក​វាយ៉ាង​ពេញ​ទំហឹង​តែ​ម្ដង។

 ក្រុម​ការ​ងារ​សង្គ្រោះ បាន​និយាយ​ថា ពួក​គេ​នៅ​តែ​បន្ត​ស្វែង​រក​អ្នក​នៅ​រស់​ដោយ​ព្យាយាម​ទៅ​ឲ្យ​ដល់​ទូររថភ្លើង​ខូច​ខាត​ជា ច្រើន​នៅ​ខាង​ក្រោម​ស្ពាន​នោះ។

 បុគ្គលិក​សង្គ្រោះ​ លោក​វ៉ាង ជុន វ័យ​៣៥​ឆ្នាំ បាន​និយាយ​ថា​៖ «ភារ​កិច្ច​របស់​ពួក​យើង​ពេល​នេះ គឺសម្អាត​គំនរ​ដែក និង​ពិនិត្យ​មើល​ថា​ តើ​មាន​អ្នក​នៅ​រស់នៅ​ក្នុង​កន្លែងនោះ​ឬ​ទេ? ពេល​នេះ ពួក​យើង នៅ​តែ​មិន​ដឹង​ថា​តើនៅ​មាន​អ្នក​នៅ​រស់​ប៉ុន្មាន​នាក់​ទៀត នោះ​ហើយ​ ជា​ការងារ​សំខាន់​របស់​យើង​នៅ​ពេល​នេះ។ យើង​ក៏​កំពុង​ព្យាយាម​ធ្វើ​ឲ្យ​ផ្លូវ​ដែក​នេះ​ដំណើរ​ការ​ឡើង​វិញ​ដែរ»។

 បុគ្គលិក​សង្គ្រោះ និង​ក្រុម​ពន្លត់​អគ្គី​ភ័យ​រាប់​សិប​នាក់ បាន​ប្រើ​អេស្កាវ៉ាទ័រ​ដើម្បី កាយ​បំណែក​រថ​ភ្លើង​ទាំង​ពីរ ខណៈ​ពួក​គេ​ជឿ​ថា​ មាន​សាក​សព​ច្រើន​ទៀត​នៅ​ក្នុង​ទូ​មួយ​ដែល​ជាប់​នៅ​ចំហៀង​ស្ពាន។ គេ​មិន​ច្បាស់​ថា​មាន​មនុស្ស​ប៉ុន្មាន​នាក់​នៅ​ក្នុង​រថភ្លើង​នោះ​ក្នុង​ពេល ​ជួប​គ្រោះ​ថ្នាក់​នោះ​ទេ។

 ទី​ភ្នាក់​ងារ​សារ​ព័ត៌​មាន​ស៊ីន​ហួ បាន ឲ្យ​ដឹង​ថា អាជ្ញាធរ​ចិន​បាន​ផ្អាក​ដំណើរ​ការ​រថ​ភ្លើង​របស់​​ខ្លួន​​២១​គ្រឿង បន្ទាប់​ពី​មាន​ហេតុការណ៍​បុក​គ្នា​នេះ៕ IN


ពីគេហទំព័រ៖ ភ្នំពេញប៉ុស្តិ៏

No comments:

Post a Comment

yes