ឃាតកន័រវែស ដឹងថាវាជាអំពើឃោរឃៅ
ប៉ុន្តែវាជារឿងចាំបាច់
ភូមិស៊ុនវូឡិនៈ បុរសស្តាំនិយមងប់ងល់សង្ស័យម្នាក់ ដែលគេចោទថា បានសម្លាប់មនុស្សយ៉ាងតិច៩២នាក់ បានទទួលស្គាល់ថា ទង្វើរបស់ខ្លួន «ឃោរឃៅ» ប៉ុន្តែ «ចាំបាច់ត្រូវធ្វើ» ខណៈប្រទេសន័រវែស បានកាន់ទុក្ខជនរងគ្រោះនៃការវាយប្រហារអាក្រក់បំផុតនៅក្នុងប្រទេសនេះ ចាប់តាំងពីសង្គ្រាមលោកលើកទីពីរ។
ប៉ូលិសកំពុងស៊ើបអង្កេត កាលពីថ្ងៃអាទិត្យក្រែងមានខ្មាន់កាំភ្លើងទីពីរចូលរួមនៅក្នុងការបាញ់សម្លាប់រង្គាល និងការវាយប្រហារ កាលពីថ្ងៃសុក្រដែលបានធ្វើឲ្យប្រទេសដែលធ្លាប់តែ សុខសាន្តនេះ ភ័យបាក់ស្បាត។
នៅក្នុងសេចក្តីពន្យល់លើកដំបូងរបស់ខ្លួនតាមរយៈមេធាវីម្នាក់ចាប់តាំងពីលោកត្រូវបានគេចាប់ខ្លួន ជនជាតិន័រវែសវ័យ៣២ឆ្នាំ លោកអានឌើរ បឺរីង ប្រេវីក បានបង្ហាញពីឆន្ទៈដើម្បីពន្យល់ពីខ្លួនឯងនៅក្នុងសវនាការតុលាការមួយ ដែលទំនងជាត្រូវគេធ្វើឡើងនៅថ្ងៃចន្ទអំពីការបន្ថែមការឃុំ ខ្លួន។
មេធាវី ហ្គេរ សីពពើស្តាដ បានថ្លែងប្រាប់ទូរទស្សន៍ឯករាជ្យ TV2 ថា៖ «គាត់បាននិយាយថា គាត់ជឿថា ទង្វើរបស់គាត់គឺឃោរឃៅ ប៉ុន្តែនៅក្នុងខួរក្បាលរបស់គាត់ គាត់គិតថា ទង្វើទាំងនេះគឺជារឿងចាំបាច់»។
ប៉ូលិស បាននិយាយថា លោកប្រេវីក បានប្រគល់ខ្លួន បន្ទាប់ពីសារភាពអំពីការសម្លាប់រង្គាលមួយដែលបានសម្លាប់មនុស្សយ៉ាងតិច៨៥នាក់ភាគច្រើនជាយុវជន ដែលបានចូលរួម ការបោះជំរំរដូវក្តៅមួយរបស់ក្រុមយុវជនរបស់គណបក្សការងារដែលកំពុងកាន់អំណាចរបស់ ន័រវែសនៅលើកោះដ៏ស្រស់ត្រកាលមួយ។
ប៉ូលិសន័រវែស បាននិយាយថា ប្រេវីក បានសារភាពថា បានដាក់គ្រាប់បែក និងការវាយប្រហារសម្លាប់រង្គាល កាលពីថ្ងៃសុក្រ បានអះអាងថា លោកបានធ្វើវាតែម្នាក់ឯងទេ។
ស្នងការស្តីទីលោក ស្វេនុង សពុនហេមបានប្រាប់សន្និសីទកាសែតអំពីជនសង្ស័យប្រេវីក ដែលត្រូវបានគេឃុំខ្លួនថា៖ «គាត់បានទទួលស្គាល់ទាំងការដាក់គ្រាប់បែក និងការសម្លាប់រង្គាលថ្វីបើគាត់ មិនបានទទួលស្គាល់កំហុសព្រហ្មទណ្ឌរបស់គាត់ក្តី។ គាត់បាននិយាយថា គាត់បានធ្វើវាតែឯងទេ ប៉ុន្តែប៉ូលិសត្រូវតែផ្ទៀងផ្ទាត់អ្វីៗគ្រប់បែបយ៉ាង ដែលគាត់ បាននិយាយ។ ការអះអាងរបស់សាក្សីខ្លះមកពីកោះអ៊ូតូយ៉ា បានធ្វើឲ្យយើងមិនប្រាកដថាតើមានអ្នកបាញ់តែម្នាក់ ឬច្រើននាក់ទេ»។
លោកប្រេវីក ក៏ត្រូវបានគេចាប់ខ្លួនពីបទបំផ្ទុះគ្រាប់បែកក្នុងសង្កាត់មួយក្នុងរដ្ឋធានីអូស្លូដែលសម្លាប់មនុស្ស៧នាក់ប៉ុន្មានម៉ោងមុន។
ក្រុមអ្នកនៅរស់ សាច់ញាតិរបស់អ្នកស្លាប់ និងក្រុមអ្នកគាំទ្រ បានដើរក្បួនមួយដើម្បីកាន់ទុក្ខឲ្យអ្នកស្លាប់នៅភូមិស៊ុនវ៉ូឡិន កាលពីថ្ងៃអាទិត្យ ក្បែរកោះអកុសនោះ៕ NR
ពីគេហទំព័រ៖ ភ្នំពេញប៉ុស្តិ៏

No comments:
Post a Comment
yes