កងកម្លាំងសន្តិសុខស៊ីរីបាញ់សម្លាប់បាតុករ
និងចាប់ខ្លួនមនុស្សច្រើននាក់ទៀត
ក្នុងប្រទេសស៊ីរីនៅតែមានការប៉ះទង្គិចគ្នាជាបន្តបន្ទាប់ទៀត រវាងកងកម្លាំងសន្តិសុខជាមួយហ្វូងបាតុករ ដោយក្នុងរយៈពេល៣ថ្ងៃចុងក្រោយនេះ កងកម្លាំងសន្តិសុខបានបាញ់សម្លាប់បាតុករ១០នាក់ និងបាតុករច្រើននាក់ទៀតត្រូវចាប់ខ្លួន។ ការប៉ះទង្គិចគ្នាកើតឡើងនៅក្នុងទីក្រុង Homs ដែលជាកន្លែងធ្វើបាតុកម្មយ៉ាងខ្លាំងក្លា ប្រឆាំងលោកប្រធានាធិបតីបាចា អាល់អាសាដ។
កាលពីថ្ងៃទី២៦ កក្កដា កន្លងមក ការផ្ទុះអាវុធធុនធ្ងន់ត្រូវបានគេឮនៅក្នុងទីក្រុង Homs រយៈពេលមួយថ្ងៃ ក្រោយពីបុរស២នាក់បានត្រូវបាញ់ស្លាប់ដោយកងកម្លាំងសន្តិសុខ ដែលដាក់ប៉ុស្តិ៍ឆែកឆេរនៅជុំវិញទីក្រុង Homs ។
ទន្ទឹមនឹងនេះ អង្គការសិទ្ធិមនុស្សជាតិរបស់ស៊ីរីបានស្តីបន្ទោសអាជ្ញាធរស៊ីរីថា បានធ្វើឱ្យប្រទេសក្លាយជាពន្ធនាគារមួយដោយចាប់ខ្លួនមនុស្សជាច្រើនរយនាក់ ទោះបីជាច្បាប់គ្រាអាសន្នត្រូវបានលុបចោលវិញហើយក៏ដោយ។ ប្រធានអង្គការនេះ លោក Ammar Orabi និយាយថា ពេលនេះប្រទេសស៊ីរីបានក្លាយជាពន្ធនាគារមួយដោយមនុស្សច្រើនពាន់នាក់ បានត្រូវចាប់ខ្លួនហើយឃុំឃាំង។ អាជ្ញាធរស៊ីរីនៅតែបន្តការចាប់ខ្លួនមនុស្សតាមទំនើងចិត្តដែលអ្នកត្រូវចាប់ខ្លួនមានដូចជា សកម្មជននយោបាយ អ្នកចេះដឹង និងជនស៊ីវិល ដែលនេះជាការរំលោភបំពានសិទ្ធិមនុស្សយ៉ាងកំរោល។
ក្រុមសិទ្ធិមនុស្សនិយាយថា អាជ្ញាធរស៊ីរីបានប្រើប្រាស់ការបង្ក្រាបដ៏សាហាវប្រឆាំងហ្វូងបាតុករដោយជនស៊ីវិល១.៤៨៦នាក់ បានស្លាប់បាត់បង់ជីវិត ចាប់តាំងពីពាក់កណ្តាលខែមីនាមក ហើយមនុស្សជាច្រើនពាន់នាក់ទៀតបានត្រូវចាប់ខ្លួន ទោះបីជាមានការថ្កោលទោសពីអង្គការសហប្រជាជាតិក៏ដោយ ៕
ពីគែហទំព័រ៖ កោះសន្តិភាព
No comments:
Post a Comment
yes