មានភាពមិនប្រក្រតីក្នុងការប្រឡងទុតិយភូមិឆ្នាំនេះ
សិស្សថ្នាក់ទី១២កំពុងបន់ស្រន់នៅមុខព្រះអង្គ
ដងកើមួយថ្ងៃមុនប្រឡងទុតិយភូមិរបស់ពួកគេ ។
ភ្នំពេញៈការប្រឡងកម្រិតមធ្យមសិក្សាទុតិយភូមិឆ្នាំនេះនៅតែពោរ ពេញទៅដោយអំពើពុករលួយនិងភាពមិនប្រក្រតីជាច្រើននៅតាមមណ្ឌល ប្រឡងនីមួយៗដូចឆ្នាំមុនដែរ។ នេះបើយោងតាមការអង្កេតរបស់មន្រ្តីនៅសមាគមគ្រូបង្រៀនកម្ពុជា ឯករាជ្យ។
លោក ម៉ៃ សុភក្រ្តា សមាជិកគណៈកម្មាធិការនាយកនៃសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថា លោកបានចុះទៅមើលមណ្ឌលប្រឡងចំនួន៥ក្នុងរាជធានីភ្នំពេញដូចជា មណ្ឌលប្រឡងបឹងត្របែក ព្រះយុគន្ធរ ចតុមុខ ព្រះស៊ីសុវត្ថិ និងបឹងកេងកងហើយបានឃើញថា មណ្ឌលប្រឡងនីមួយៗមានភាពមិនប្រក្រតីដោយសារអំពើពុករលួយនៅក្នុងអំឡុងពេលប្រឡង។ លោកបានអះអាងថា វិញ្ញាសាប្រឡងមួយចំនួនបានលេចធ្លាយទៅដល់សិស្ស។
លោក ម៉ៃ សុភក្រ្តា បានបញ្ជាក់ថា៖ «ពិតណាស់ មណ្ឌលប្រឡងដែលមានភាពមិនប្រក្រតីច្រើនគឺមណ្ឌលព្រះយុគន្ធរ។ នៅមណ្ឌលនេះ សិស្សម្នាក់បានអានសំណួរចេញក្រៅ ហើយ៥នាទីក្រោយមកសាច់ញាតិរបស់សិស្សបានអានចម្លើយមកសិស្សនោះ វិញ»។ ជាងនេះទៅទៀត អនុរក្សនៃមណ្ឌលប្រឡងនេះជាអ្នកបានយកចម្លើយទៅឲ្យសិស្ស។
លោកបន្តថា៖ «សមាគមគ្រូបង្រៀនឯករាជ្យកម្ពុជានឹងស្នើសុំទៅក្រសួងអប់រំ យុវជន និងកីឡាឲ្យមានវិធានការច្បាស់លាស់ទៅលើមន្រ្តីរបស់ខ្លួន។ ប្រសិនបើឃើញថាមន្រ្តីរបស់ខ្លួន ពុករលួយ ត្រូវតែដាក់ ទណ្ឌកម្មពួកគេ»។
លោក បានបន្ថែមទៀតថា៖«ពីមួយឆ្នាំទៅមួយឆ្នាំ យើងឃើញថា ក្រសួងមិនមានអ្វីផ្លាស់ប្តូរ។ នៅតែមានអំពើពុករលួយ»។
ប៉ុន្តែ លោក អ៊ូ អេង អគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំនៃក្រសួងអប់រំ យុវជននិងកីឡា និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេសផងនោះ បានច្រានចោលចំពោះការចោទប្រកាន់នេះ ដោយលោកថ្លែងថា ដំណើរការនៃការប្រឡងគឺមានលក្ខណៈល្អប្រសើរ ហើយការចោទប្រកាន់នេះមិនមានភស្តុតាងគ្រប់គ្រាន់នោះទេ។ លោកទទួលស្គាល់ថា សិស្សមួយចំនួនពិតជាទិញវិញ្ញាសា ប៉ុន្តែវិញ្ញាសាទាំងនោះមិនដូចទៅនឹងវិញ្ញាសាប្រឡងនោះទេ។
លោក អ៊ូ អេង បានបញ្ជាក់ថា៖ «ពិតណាស់ មិនមានវិញ្ញាសាណាមួយលេចធ្លាយនោះទេ។ ខ្ញុំទទួលស្គាល់ថា បេក្ខជនប្រឡងបានទិញវិញ្ញាសា ប៉ុន្តែវាមិនដូចវិញ្ញាសាប្រឡងនោះទេ។ ការចោទប្រកាន់ថា មានលេចធ្លាយវិញ្ញាសាគឺមិនពិតនោះទេ។ វាគ្រាន់តែជាការបំផ្លើសរបស់បុគ្គលមួយចំនួនដែលមិនយល់អំពីការ ប្រឡង»។
ពាក់ព័ន្ធនឹងព័ត៌មានដែលចោទថាគ្រូនិងអនុរក្សយកលុយពីសិស្ស លោក អ៊ូ អេង បានព្រមានថា ប្រសិនបើក្រសួងរកឃើញថា គ្រូឬអនុរក្សយកលុយពីបេក្ខជនប្រឡង ក្រសួងនឹងចាត់វិធានការតាមផ្លូវច្បាប់ទៅលើពួកគេ ហើយហាមមិនឲ្យពួកគេចូលរួមការប្រឡងរយៈពេលពី១ទៅ២ឆ្នាំ។
លោក អ៊ូ អេង បានបន្តទៀតថា៖ «ប្រសិនបើយើងរកឃើញថា គាត់យកលុយពីបេក្ខជនប្រឡង យើងនឹងបញ្ជាឲ្យគាត់ចុះហត្ថលេខាទទួលស្គាល់ទង្វើរបស់គាត់។ ក្រសួងនឹងចាត់វិធានការរដ្ឋបាលទៅលើគាត់»។
លោក អ៊ូ អេង បានបន្ថែមទៀតថា ការប្រឡងមធ្យមសិក្សាទុតិយភូមិត្រូវបានធ្វើឡើងរយៈពេលពីរថ្ងៃ កន្លះ ដោយចាប់ផ្តើមពីថ្ងៃចន្ទទី២៥ រហូតដល់ថ្ងៃពុធទី២៧។ ឆ្នាំនេះមានបេក្ខជនចំនួន១១៣៧៩៥នាក់ចូលរួមការប្រឡង និងមានមណ្ឌលប្រឡងចំនួន២៤៣មណ្ឌលទូទាំងប្រទេស៕ PS
ពីគេហទំព័រ៖ ភ្នំពេញប៉ុស្តិ៏

No comments:
Post a Comment
yes