Wednesday, July 27, 2011


មានភាពមិនប្រក្រតីក្នុងការប្រឡងទុតិយភូមិឆ្នាំនេះ


 សិស្សថ្នាក់ទី១២កំពុងបន់ស្រន់នៅមុខព្រះអង្គ
ដងកើមួយថ្ងៃមុនប្រឡងទុតិយភូមិរបស់ពួកគេ ។

 ភ្នំពេញៈការ​ប្រឡង​កម្រិត​មធ្យម​សិក្សា​ទុតិយភូមិ​ឆ្នាំ​នេះ​​នៅ​តែ​ពោរ​ ពេញ​ទៅ​ដោយ​​អំពើ​ពុក​រលួយ​និង​ភាព​មិន​ប្រក្រតី​ជា​ច្រើន​នៅ​​តាម​មណ្ឌល​ ប្រឡង​នីមួយ​ៗ​ដូច​ឆ្នាំ​មុន​ដែរ​។ ​នេះ​បើ​យោង​តាម​ការអង្កេត​​របស់​មន្រ្តី​នៅ​​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ ឯក​រាជ្យ​​។

 លោក ម៉ៃ​ សុភក្រ្តា​ សមាជិក​គណៈ​កម្មាធិការ​នាយក​នៃ​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ បាន​ប្រាប់​ភ្នំ​ពេញ​ប៉ុស្តិ៍​កាល​ពី​ម្សិល​មិញ​ថា លោក​បាន​ចុះ​ទៅ​មើល​មណ្ឌល​ប្រឡង​ចំនួន​៥​ក្នុង​រាជ​ធានី​ភ្នំ​ពេញ​ដូច​ជា​ មណ្ឌល​​ប្រឡង​បឹង​ត្របែក ព្រះ​យុ​គន្ធរ ចតុមុខ​ ព្រះ​ស៊ីសុវត្ថិ និង​បឹង​កេង​កង​ហើយ​បាន​ឃើញ​ថា ម​ណ្ឌល​​ប្រឡង​នីមួយ​ៗមាន​ភាព​មិន​ប្រក្រតី​ដោយ​សារ​​អំពើ​ពុក​រលួយ​នៅ​ក្នុង​អំឡុង​ពេល​ប្រឡង​។ លោក​បាន​អះ​អាង​ថា វិញ្ញា​សា​ប្រឡង​មួយ​ចំនួន​បាន​លេច​ធ្លាយ​ទៅ​ដល់​សិស្ស​។

 លោក ម៉ៃ​ សុភក្រ្តា​ បាន​បញ្ជាក់​ថា​៖ «​ពិត​ណាស់ មណ្ឌល​ប្រឡង​​ដែល​​មាន​ភាព​មិន​ប្រក្រតី​ច្រើន​គឺ​មណ្ឌល​ព្រះ​យុគន្ធរ​។ ​នៅ​មណ្ឌល​នេះ​ ​សិស្ស​ម្នាក់បាន​អាន​សំណួរ​ចេញ​ក្រៅ​ ហើយ​៥នាទី​ក្រោយ​មក​សាច់​ញាតិ​របស់​សិស្ស​បាន​អាន​ចម្លើយ​មក​សិស្ស​នោះ​ វិញ​​»។ ជាង​នេះ​ទៅ​ទៀត​ អនុរក្ស​នៃមណ្ឌ​ល​ប្រឡង​នេះ​ជា​អ្នក​បាន​យក​ចម្លើយ​ទៅ​ឲ្យ​សិស្ស​​។

 លោក​បន្ត​ថា​៖ «​សមាគម​គ្រូ​បង្រៀន​ឯក​រាជ្យ​កម្ពុជា​នឹង​ស្នើ​សុំ​​ទៅ​ក្រសួងអប់​រំ​ យុវជន​ និង​កីឡា​ឲ្យ​មាន​វិធានការ​ច្បាស់​លាស់​ទៅ​លើ​មន្រ្តី​របស់​ខ្លួន​។ ​ប្រសិន​បើ​ឃើញ​ថា​មន្រ្តី​របស់​ខ្លួន​ ពុក​រលួយ​ ត្រូវ​តែ​ដាក់​ ទណ្ឌកម្ម​ពួក​គេ​»។

 លោក បាន​បន្ថែម​ទៀត​ថា៖​«​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​​ យើង​ឃើញ​ថា ​ក្រសួង​មិន​មាន​អ្វី​ផ្លាស់​ប្តូរ​។ នៅ​តែ​មាន​អំពើ​ពុក​រលួយ​»។

 ប៉ុន្តែ​ លោក អ៊ូ អេង អគ្គ​នាយក​នៃ​អគ្គ​នាយក​ដ្ឋាន​អប់រំ​នៃ​ក្រសួង​អប់​រំ​ យុវជននិង​កីឡា និង​ជា​ប្រធាន​គណៈ​មេ​ប្រយោគ​ទូទាំង​ប្រទេស​​ផង​នោះ​ ​បាន​ច្រាន​ចោល​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ ដោយ​លោក​ថ្លែង​ថា ដំណើរ​ការ​នៃ​ការ​ប្រឡង​គឺ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ ហើយ​ការ​ចោទ​ប្រកាន់​នេះ​មិន​មាន​ភស្តុ​តាង​​គ្រប់​គ្រាន់​នោះ​ទេ​។ ​លោក​ទទួល​ស្គាល់​ថា សិស្ស​មួយ​ចំនួនពិត​ជា​ទិញ​វិញ្ញាសា​ ប៉ុន្តែ​វិញ្ញា​សា​​ទាំង​នោះ​មិន​ដូច​ទៅ​នឹង​វិញ្ញាសា​ប្រឡង​នោះ​ទេ​។

 លោក អ៊ូ អេង បាន​បញ្ជាក់​ថា​៖ «​​ពិត​ណាស់​ មិន​មាន​វិញ្ញាសា​ណា​មួយ​លេចធ្លាយ​នោះ​ទេ​។ ខ្ញុំ​ទទួល​ស្គាល់​ថា ​បេក្ខជន​ប្រឡង​បាន​ទិញ​វិញ្ញាសា ប៉ុន្តែ​វា​មិន​ដូច​វិញ្ញាសា​ប្រឡង​នោះ​ទេ។ ការ​ចោទ​ប្រកាន់​ថា​ មាន​លេច​ធ្លាយ​វិញ្ញាសា​គឺ​មិន​ពិត​នោះ​ទេ​។ ​វា​គ្រាន់​តែ​ជា​ការ​បំផ្លើស​របស់​បុគ្គល​មួយ​ចំនួន​​ដែល​មិន​យល់​អំពី​ការ ​ប្រឡង​»។

  ពាក់​ព័ន្ធ​នឹង​ព័ត៌​មាន​ដែល​ចោទ​ថាគ្រូ​និង​អនុរក្ស​យក​លុយ​ពី​សិស្ស​​ លោក អ៊ូ អេង បាន​ព្រមាន​ថា ប្រសិន​បើ​ក្រសួង​រក​ឃើញ​ថា គ្រូ​ឬ​អនុរក្ស​យក​លុយ​ពី​បេក្ខជន​ប្រឡង​ ​ក្រសួង​នឹង​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់​ទៅ​លើ​ពួកគេ​ ​ហើយ​ហាម​មិន​ឲ្យ​ពួក​គេ​ចូល​រួម​ការ​ប្រឡង​​រយៈ​ពេល​ពី​១​ទៅ២​ឆ្នាំ​។

 លោក អ៊ូ អេង បាន​បន្ត​ទៀត​ថា​៖ «​ប្រសិន​បើ​យើង​រក​ឃើញ​ថា គាត់​យក​លុយ​ពី​បេក្ខជន​ប្រឡង​ យើង​នឹង​បញ្ជា​ឲ្យ​គាត់​ចុះ​ហត្ថ​លេខា​ទទួល​ស្គាល់​ទង្វើ​របស់​គាត់​។ ​ក្រសួង​នឹង​ចាត់​វិធាន​ការ​រដ្ឋបាល​​​ទៅ​លើ​គាត់​»។



លោក អ៊ូ អេង ​បាន​បន្ថែម​ទៀត​ថា ការ​ប្រឡង​មធ្យម​សិក្សា​ទុតិយ​ភូមិ​​ត្រូវ​បានធ្វើ​ឡើង​​រយៈ​ពេល​ពីរ​​ថ្ងៃ ​កន្លះ​ ដោយ​ចាប់​ផ្តើម​ពី​ថ្ងៃ​ចន្ទ​ទី​២៥ រហូតដល់​ថ្ងៃ​ពុធ​ទី​២៧។ ឆ្នាំ​នេះ​​មាន​បេក្ខ​ជន​ចំនួន​១១៣​៧៩៥​​នាក់​​​ចូល​រួម​​ការ​ប្រឡង​ និង​មាន​មណ្ឌល​ប្រឡង​ចំនួន​២៤៣​មណ្ឌល​ទូទាំង​ប្រទេស៕ PS
 
ពីគេហទំព័រ៖ ភ្នំពេញប៉ុស្តិ៏

No comments:

Post a Comment

yes