គណបក្សប្រជាជនកម្ពុជា ប្រតិកម្មចំពោះ
សម្តីរបស់លោក សម រង្ស៊ី
ភ្នំពេញៈ គណបក្សប្រជាជនកម្ពុជាបានប្រតិកម្មតបទៅនឹងការអត្ថាធិប្បាយ របស់លោក សម រង្ស៊ី មេដឹកនាំគណបក្សសមរង្ស៊ី ដែលចោទប្រកាន់ថា គណបក្សប្រជាជនកម្ពុជាយកទ្រព្យសម្បត្តិជាតិធ្វើជាទ្រព្យ សម្បត្តិឯកជន។ គណបក្សប្រជាជនកម្ពុជាថ្លែងថា ការចោទប្រកាន់របស់លោក សម រង្ស៊ី គឺជាការញុះញង់ និងបរិហារកេរ្តិ៍។
ក្នុងសេចក្តីថ្លែងការណ៍ចេញកាលពីម្សិលមិញ ដោយអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ដែលភ្នំពេញ ប៉ុស្តិ៍ទទួលបាន បានឲ្យដឹងថា ការចោទប្រកាន់របស់លោក សម រង្ស៊ី មិនមានការទទួលខុសត្រូវ ហើយវាជាការញុះញង់ក្នុងបំណងបរិហារកេរ្តិ៍ ដើម្បីធ្វើឲ្យមានការភាន់ច្រឡំដល់មតិសាធារណៈ និងមតិអន្តរជាតិ អំពីភាពស្អាតស្អំរបស់គណបក្សប្រជាជនកម្ពុជា។
សេចក្តីថ្លែងការណ៍នេះបានបន្តថា៖ «រហូតមកដល់ពេលបច្ចុប្បន្ននេះ ទាំងទ្រព្យសម្បត្តិសាធារណៈ និងទាំងកម្មសិទ្ធិស្របច្បាប់របស់ឯកជន ត្រូវបានធានាយ៉ាងរឹងមាំបំផុតដោយច្បាប់។ អ្វីៗដែលបក្សប្រជាជនកម្ពុជាមានសព្វថ្ងៃ គឺសុទ្ធតែជាទ្រព្យសម្បត្តិស្របច្បាប់របស់ខ្លួន វាមិនអាច ហើយមិនដែលយកទ្រព្យសម្បត្តិរបស់រដ្ឋធ្វើជាកម្មសិទ្ធិខ្លួន ដូចការចោទប្រកាន់នោះទេ។ លើសពីនេះគណបក្សប្រជាជនកម្ពុជា មានសិទ្ធិធ្វើអាជីវកម្មស្របច្បាប់ដូចប្រជាពលរដ្ឋទូទៅ»។
ក្នុងសេចក្តីថ្លែងការណ៍នេះបន្ថែមទៀតថា៖ «អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ចាត់ទុកថា ការថ្លែងរបស់ថ្នាក់ដឹកនាំគណបក្សសមរង្ស៊ី រូបនេះជាការចោទប្រកាន់គ្មានមូលដ្ឋានពិតប្រាកដ និងដើម្បីតែចំណេញនយោបាយតែប៉ុណ្ណោះ គឺផ្ទុយពីសភាពការណ៍ពិតរបស់គណបក្សប្រជាជនកម្ពុជា ហើយទង្វើញុះញង់បែបនេះគឺជាអំពើផ្ទុយទៅនឹងច្បាប់»។
ប្រតិកម្មតាមសេចក្តីថ្លែងការណ៍ របស់គណបក្សប្រជាជនកម្ពុជានេះ ធ្វើឡើងបន្ទាប់ពីប្រធានគណបក្សប្រឆាំងលោកសមរង្ស៊ីថ្លែងតាមវីដេអូខនហ្វេរិន ពីទុយនេស៊ីកាលពីថ្ងៃទី២៣ ខែកក្កដា ក្នុងពិធីសម្ពោធទីស្នាក់ការកណ្តាលថ្មី ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅចំពោះមុខសកម្មជនចំនួន ២០០០ នាក់ ថា ទោះបីជាទីស្នាក់ការថ្មីរបស់គណបក្សតូចជាងមុន ប៉ុន្តែវាកើតឡើងដោយសមិទ្ធផលរួមនៃសមាជិករបស់គណបក្ស ដែលផ្ទុយពីគណបក្សប្រជាជនកម្ពុជាដែលយកទ្រព្យសម្បត្តិ ជាតិជាកម្មសិទ្ធិ។
ទាក់ទិនសេចក្តីថ្លែងការណ៍គណបក្ស ប្រជាជនកម្ពុជា លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសមរង្ស៊ីបានថ្លែងថា អ្វីដែលគណបក្សប្រជាជនកម្ពុជាលើកឡើងគឺគ្រាន់តែជាការបោកបញ្ឆោតមតិសាធារណៈជាតិនិង អន្តរជាតិ។ លោក យឹម សុវណ្ណ បានថ្លែងថា ក្នុងមួយឆ្នាំៗថវិការដ្ឋរាប់លានដុល្លារអាមេរិកបានបាត់បង់ដោយ សារអំពើពុករលួយនិងការលក់ទ្រព្យសម្បត្តិជាតិ។ លោក យឹម សុវណ្ណ បានថ្លែងបន្តថា៖ «យើងបានឃើញផ្ទាល់ភ្នែកថា ទ្រព្យសម្បត្តិជាតិ បានធ្លាក់ទៅ[ក្រុមហ៊ុន]ឯកជន។ ការលើកឡើងនេះ គឺគ្រាន់តែជាការគេចវេះពីការពិត និងគេចពីការទទួលខុសត្រូវតែប៉ុណ្ណោះ»៕ PS
ពីគេហទំព័រ៖ ភ្នំពេញប៉ុស្តិ៏

No comments:
Post a Comment
yes