តុលាការថៃផ្តន្ទាទោសពលរដ្ឋខ្មែរអោយជាប់
ពន្ធនាគារ២ឆ្នាំ៣ខែពីបទរួមដំណើរ
ជាមួយជនសង្ស័យជាចារកម្ម
ប្រជាពលរដ្ឋខ្មែរឈ្មោះ អ៊ឹង គឹមថៃ ត្រូវបានតុលាការខេត្តស៊ីសាកេតប្រទេសថៃនៅព្រឹកថ្ងៃទី០៦
កញ្ញា ឆ្នាំ២០១១ បានសម្រេចផ្តន្ទាទោសអោយជាប់ពន្ធនាគាររយៈពេល២ឆ្នាំ៣ខែ ដោយចោទ
ប្រកាន់ពីបទរួមដំណើរជាមួយជនសង្ស័យដែលប្រព្រឹត្តចារកម្ម។
នៅក្នុងសវនាការខេត្តស៊ីសាកេតដែលចាប់ផ្តើមពីម៉ោង១០ព្រឹក ទៅដល់ម៉ោង១០ និង៤០នាទី
នាព្រឹកថ្ងៃទី០៦ កញ្ញា លើករណីប្រជាពលរដ្ឋខ្មែរឈ្មោះលោកអ៊ឹង គឹមថៃ មានការចូលរួមពីសំណាក់
ក្រុមគ្រួសារលោក អ៊ឹង គឹមថៃ និងមេធាវីការពារក្តីចំនួន៤នាក់ រួមទាំងមន្ត្រីអគ្គកុងស៊ុលខ្មែរប្រចាំនៅ
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាឯកឧត្តម កុយ គួង បានមានប្រសាសន៍អោយដឹងថា លោក អ៊ឹង គឹមថៃត្រូវបានតុលាការខេត្តស៊ីសាកេតប្រទេសថៃចោទពីបទរួមដំណើរជាមួយជនសង្ស័យ
ឈ្មោះ យ៉ា ពៅ ដែលប្រព្រឹត្តចារកម្មដែលនៅក្នុងរថយន្តបានបន្សល់ទុកផែនទីចំនួនមួយដែលលោក
អ៊ឹង គឹមថៃ ធ្វើដំណើរជាមួយដោយសម្រេចផ្តន្ទាទោសអោយជាប់ពន្ធនាគាររយៈពេល២ឆ្នាំ៣ខែ
ដោយគិតពីថ្ងៃចាប់ខ្លួន ។ ប៉ុន្តែតុលាការថៃមិនបានចោទលោក អ៊ឹង គឹមថៃ ពីបទចារកម្មនោះទេ។
លោក កុយ គួង មន្ត្រីអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានមានប្រសាសន៍បន្តថា ចំពោះការ
ប្តឹងឧទ្ធរណ៍ជំទាស់និងសាលក្រមរបស់តុលាការខេត្តស៊ីសាកេត នោះគឺរង់ចាំការសម្រេចចិត្តរបស់
លោក អ៊ឹង គឹមថៃ និងក្រុមគ្រួសារសិនហើយបើសម្រេចប្តឹងឧទ្ធរណ៍អគ្គកុងស៊ុលខ្មែរនិងជួយរក
មេធាវីជួយក្នុងការការពារក្តីជូនលោក អ៊ឹង គឹមថៃ ។
សូមជម្រាបថា នាពេលកន្លងមកលោក អ៊ឹង គឹមថៃ ធា្លប់បានធ្វើការបដិសេធចំពោះការចោទប្រកាន់
ថា លោកមិនបានចូលរួមក្នុងការធ្វើសកម្មភាពណាមួយទេ។ ហើយរដ្ឋាភិបាលកម្ពុជាកន្លងមកក៍បាន
បញ្ឆាក់ច្បាស់ណាស់ថា គ្មានភាពចាំបាច់ណាមួយដែលត្រូវបញ្ឆុនលោក អ៊ឹង គឹមថៃ ទៅធ្វើបទចារ
កម្មណាមួយទេកុំថាតែលោក អ៊ឹង គឹមថៃ អ្នកណាក៍ដោយគឺរាជរដ្ឋាភិបាលមិនដែលធ្វើសកកម្មភាព
បែបនេះទេ។
ការបើកសវនាការសាកសួរដេញដោលទៅលើលោក អ៊ឹង គឹមថៃ នេះគឺជាលើកទី៣ហើយ ដោយ
សវនាការលើកទី២កាលពីថ្ងៃទី១៥ សីហា ឆ្នាំ២០១១ តុលាការថៃបានចោទប្រកាន់លោក អ៊ឹង
គឹមថៃ ពីបទប្រើប្រាស់គ្រឿងញៀន និងចូលតំបន់យោធារបស់ថៃ។
សូមបញ្ឆាក់ថា លោក អ៊ឹង គឹមថៃ មានអាយុ៤៦ឆ្នាំមានស្រុកកំណើតនៅស្រុកលើកដែក ខេត្តកណ្តាល ត្រូវបានអាជ្ញាធរប្រទេសថៃចាប់ឃាត់ខ្លួនកាលពីថ្ងៃទី៧មិថុនា ឆ្នាំ២០១១ នៅក្នុង
ខេត្តស៊ីសាកេត ជាមួយនិងប្រជាពលរដ្ឋថៃកាត់មូស្លីមនិងប្រជាពលរដ្ឋវៀតណាមម្នាក់ទៀត៕
No comments:
Post a Comment
yes