សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, September 5, 2011

ប៉ូលិស​តាម​ចាប់​បក្ខ​ពួក​ចោរ​ប្លន់​អាជីវករ​ប្តូរ​ប្រាក់​

ពីរ​នាក់​ផ្សេង​ទៀត




 សមត្ថកិច្ច​នគរបាល​ក្រសួង​មហា​ផ្ទៃ​កំពុង​ស្រាវជ្រាវ​ស្វែង​រក​ចាប់​ខ្លួន​បក្ខ​ពួក​ជន​សង្ស័យ​ពីរ​នាក់​ទៀត បន្ទាប់​ពី​ធ្វើ​សកម្មភាព​ប្លន់​បាញ់​សម្លាប់​ស្ត្រី​អាជីវករ​ប្តូរ​ប្រាក់​ម្នាក់​នៅ​ក្បែរ​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ​ប្រមាណ​មួយ​អាទិត្យ​មុន​នេះ។


លោក ម៉ក់ ជីតូ ប្រធាន​នាយក​ដ្ឋាន​នគរបាល​កណ្ដាល​យុត្តិធម៌​នៃ​ក្រសួង​មហា​ផ្ទៃ បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន កាល​ពី​រសៀល​ថ្ងៃ​អាទិត្យ​ថា៖ «យើង​បាន​ចាប់​ខ្លួន​ជន​សង្ស័យ​ម្នាក់ ក្នុង​ចំ​ណោម​បី​នាក់​កាល​ពី​ថ្ងៃ​សៅរិ៍ ហើយ​យើង​កំពុង​បន្ត​ស្វែង​រក​ចាប់​ខ្លួន​បក្ខ​ពួក​គេ ចំនួន​២​នាក់​ទៀត»។


លោក​បាន​ប្រាប់​ឲ្យ​ដឹង​ថា ជន​សង្ស័យ​ឈ្មោះ ឡាយ វណ្ណៈ អាយុ​៣១​ឆ្នាំ អតីត​នគរបាល​ព្រហ្ម​ទ័ណ្ឌ ខណ្ឌ​ដូន​ពេញ ដែល​ជា​គូ​កន និង​ជា«អ្នក​ដៃ​ដល់​ក្នុង​ការ​បាញ់​ប្រហារ​លើ​ជន​រង​គ្រោះ» ត្រូវ​កម្លាំង​សមត្ថកិច្ច​នគរ​បាល​ចម្រុះ​ក្រសួង​មហា​ផ្ទៃ ចាប់​ខ្លួន​បាន​នៅ​ព្រឹក​ថ្ងៃ​សៅរិ៍ នៅ​ភូមិ ឃុំ​អរិយក្សត្រ ស្រុក​ល្វាឯម ខេត្ត​កណ្ដាល មួយ​សប្តាហ៍ បន្ទាប់​ពី​ជន​នេះ​និង​គូកន​២​នាក់​ទៀត ធ្វើ​សកម្មភាព​ប្លន់​ស្ត្រី​រង​គ្រោះ​ឈ្មោះ ជួន ធារ៉ា អាយុ​៥៤​ឆ្នាំ និង​កូន​ប្រុស​ឈ្មោះ​ផុន ឡាទី អាយុ​២១​ឆ្នាំ ជា​អាជីវករ​ប្តូរ​ប្រាក់​នៅ​រង្វង់​មូល​ចោម​ចៅ ក្បែរ​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ ពី​ថ្ងៃ​ទី​២៨ ខែ​សីហា។


លោក ម៉ក់ ជីតូ បាន​បន្ត​ថា តាម​ចម្លើយ​សារ​ភាព​ជន​សង្ស័យ​ឡាយ វណ្ណៈ បាន​បញ្ជាក់​ថា គូកន​គេ​ពីរ​នាក់​ដែល​កំពុង​រត់​គេច​ខ្លួន ម្នាក់​ឈ្មោះ អ៊ឹង ងួន ជា «មេ​ខ្លោង​ក្នុង​ការ​រៀបចំ​គម្រោង​ប្លន់» និង​ឈ្មោះ​យាន សុភ័ក្ក្រ អ្នក​បើក​ម៉ូតូ។ អ្នក​ទាំង​ពីរ​ធ្លាប់​ត្រូវ​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​ពី​បទ​ចោរកម្ម និង​បង្ក​របួស​ស្នាម។
លោក ម៉ក់ ជីតូ ថ្លែង​ថា​៖«គេ​បាន សារ​ភាព​ថា គេ​ទទួល​បាន​ចំណែក ១៥​លាន​រៀល រួច​ហើយ​យក​ទៅ​ឱ្យ​ប្រពន្ធ​២​លាន​រៀល​និង​ឱ្យ​ម្តាយ​២​លាន​រៀល ក្រៅ​ពី​នោះ គឺ​បក្ខ​ពួក​របស់​គេ​ចែក​គ្នា»។
ក្រោយ​ការ​ចាប់​ខ្លួន​សមត្ថកិច្ច​បាន​រឹប​អូស​កាំភ្លើង​កែច្នៃ​ចំនួន​៣​ដើម​ដាវ​មួយ​ដើម​និង​លុយ​បួន​លាន​រៀល វិទ្យុ​ទាក់​ទង​១​គ្រឿង ប៉ុន្តែ រក​មិន​ឃើញ​កាំភ្លើង​ដែល​គេ​ប្រើ​ក្នុង​អំពើ​ប្លន់​បាញ់​សម្លាប់​លើ​ជន​រង​គ្រោះ​ឡើយ។
លោក​បញ្ជាក់​ថា៖ « ជំហាន​ដំបូង បន្ទាប់​ពី​ឃើញ​រូប​ភាព​វីដេអូ​គ្លីប...ខ្ញុំ​ក៏​មាន​ការ​សង្ស័យ​ថា អំពើ​ប្លន់​បាញ់​សម្លាប់​នេះ មាន​ពាក់​ព័ន្ធ​នឹង​សមាជិក​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ដែរ ប៉ុន្តែ ក្រោយ​ពី​ការ​ស្រាវ​ជ្រាវ​និង​ចាប់​ខ្លួន ឈ្មោះ ឡាយ វណ្ណៈ នេះ​មិន​មាន​តម្រុយ​ណា​មួយ​បង្ហាញ​ថា អំពើ​ល្មើស​នេះ​មាន​ពាក់​ព័ន្ធ​នឹង​សាច់​ញាតិ​របស់​ស្ត្រី​រង​គ្រោះ​ទេ»។
លោក​បាន​បន្ត​ថា ស្ត្រី​រង​គ្រោះ​និង​កូន​ប្រុស​បាន​ជិះ​ម៉ូតូ​ឌុប​គ្នា ជាមួយ​កេស​ប្រាក់​ជាង​១០០​លាន​រៀ​ល​ពី​ផ្សារ​អូឡាំពិក ជា​ទី​តាំង​ធំ ខាង​រក​ស៊ី​ទិញ​លក់​និង​ប្តូរ​ប្រាក់​។ នៅ​តាម​ផ្លូវ​ក្រុម​ចោរ​ដេញ​តាម​ប្រ​កិត ធ្វើ​ឱ្យ​ជន​រង​គ្រោះ​ភ័យ​ស្លន់​ស្លោ​បាន​បើក​ម៉ូតូ​រត់​។ លុះ​ទៅ​ដល់ ត្រង់​ចំណុច​កើត​ហេតុ​ជន​រង​គ្រោះ ក៏​ផ្តួល​ម៉ូតូ​រត់​រក​ឱ្យ​គេ​ជួយ ប៉ុន្តែ គ្មាន​នរណា​ជួយ​សោះ​ក៏​ត្រូវ​ចោរ​ដណ្តើម​ប្រាក់​បាន និង​មាន​ការ​​ប្រទាញ​ប្រទង់​រហូត​ត្រូវ​ពួក​ចោរ​ដក​កាំភ្លើង​បាញ់​ទំ​លុះ​ទ្រូង​ស្ត្រី​រង​គ្រោះ​ស្លាប់ ឯ​កូន​ប្រុស​បាន​រត់​គេច​ខ្លួន​រួច៕

ពីគេហទំព័រ៖ ភ្នំពេញប៉ុស្តិ៏

No comments:

Post a Comment

yes