មន្រ្តីជាន់ខ្ពស់គណបក្សកាន់អំណាច ប្រតិកម្ម
នឹង CCHR ដែលថា ក្នុងនាមជារដ្ឋ គឺកម្ពុជា
នៅខ្សោយខ្លាំងណាស់
មន្រ្តីជាន់ខ្ពស់របស់គណបក្សគ្រប់គ្រងអំណាចប្រតិកម្មនឹងមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដែលរកឃើញថា កម្ពុជា បរាជ័យក្នុងការអនុឡោមតាមន័យគោល នៃពាក្យថា រដ្ឋ ពីព្រោះកម្ពុជា បរាជ័យក្នុងការគោរពរដ្ឋធម្មនុញ្ញ និងបញ្ញត្តិគោលការលទ្ធិប្រជាធិបតេយ្យ។
លោក ជាម យៀប សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ នៃរដ្ឋសភា និងមន្រ្តីជាន់ខ្ពស់ក្នុងគណប្រជាជនបក្សកម្ពុជា ថ្លែងនៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា លោកមិនអាចទទួលយកបាន របាយការណ៍នេះទេ។ លោកថ្លែងថា បើទោះជាកម្ពុជា នៅមានចំណុចខ្វះខាតខ្លះ តែកម្ពុជា មានអធិបតេយ្យភាពពេញលេញ និងមានលក្ខណៈសម្បត្តិល្អច្រើន ដែលរបបមុនៗមិនធ្លាប់មាន ៖”យើងនៅមានការខុសឆ្គង ការខ្វះខាតមិនមានភាពសុក្រឹតអីទេ អញ្ចឹងទេនេះប៉ុន្តែជាប្រពៃណីមនុស្សលោកក្នុងសង្គមណាក៏ដូចសង្គមណាដែរ គ្រាន់តែប្រទេសខ្លះគេមានតិចមានច្រើន ហើយអញ្ចឹងទេអ្នកដែលបានលើកឡើងហើយថា រដ្ឋកម្ពុជាមិនមែនជារដ្ឋ ខ្ញុំអត់មានវាយគងវាយឃ្មោះ អំពាវនាវអ្នកឯងថា កម្ពុជាជារដ្ឋល្អប្រសើរនោះទេ ប៉ុន្តែគ្រាន់តែអ្នកឯងជាអ្នកនិយាយហ្នឹង ខ្ញុំសុំបើខ្ញុំអោយពិន្ទុសូន្យ”។
កាលពីថ្ងៃទី៣១ ខែសីហា ម្សិលមិញនេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានសរសេរនៅក្នុងសាលកប័ត្ររបស់ខ្លួនថា កម្ពុជា មិនត្រឹមតែបរាជ័យក្នុងការអនុលោមតាមនិយមន័យនៃពាក្យថា រដ្ឋ ប៉ុណ្ណោះទេ ប៉ុន្តែបានបរាជ័យក្នុងការគោរពរដ្ឋធម្មនុញ្ញរបស់ខ្លួន ដែលបានចែង និងបរជ័យនឹងការអនុវត្តបញ្ញត្តិផ្សេងៗ ដែលជាគោលការណ៍លិទ្ធិប្រជាធិបតេយ្យសេរីផងដែរ។ សាលកប័ត្រ បង្ហាញទៀតថា ស្ថាប័នធំៗរបស់រដ្ឋ ដូចជាស្ថាប័ននីតិបញ្ញតិ្ត និងតុលាការ ត្រូវបានគណបក្សប្រជាជនកម្ពុជា ប្រើប្រាស់ជាឧបករណ៍សម្រាប់គាបសង្កត់លើសមាជិកសភា បណ្តាញសារព័ត៌មាន មេធាវី និងសកម្មជនសិទ្ធិមនុស្ស។ ជាមួយគ្នានេះ រដ្ឋាភិបាលមិនបានគោរពច្បាប់ ដូចជាសេរីភាពនៃការបញ្ចេញមតិរបស់ប្រជាពលរដ្ឋត្រូវបានរដ្ឋាភិបាលចោទពីបទបរិហាកេរ្ត៍ ទំនាស់ដីធ្លីរវាងអ្នកមានអំណាច ក្រុមហ៊ុន និងប្រជាពលរដ្ឋនៅតែបន្តកើនឡើង ការរំលោភច្បាប់ការងារ ពីសំណាក់ថៅកែទៅលើកម្មកររោងចក្រ មិនត្រូវបានចាត់ការតាមផ្លូវច្បាប់ជាដើម។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសមរង្ស៊ី បានយល់ស្របចំពោះរបាយការណ៍នេះ ដោយលោកថ្លែងថា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឃើញមានតែរូបភាពក្រៅប៉ុណ្ណោះ ៖” ពិសេសសិទ្ធិក្នុងការបញ្ចេញមតិ សិទ្ធិក្នុងការទទួលបានពត៌មាន ការរៀបចំការបោះឆ្នោតដែលមិនទាន់មានសេរីភាព និងយុត្តិធម៌ ការរំលោភសិទ្ធិប្រជាពលរដ្ឋ សអោយឃើញថាប្រទេសកម្ពុជាមិនទាន់មានប្រជាធិបតេ្យអោយពេញលេញ នៅឡើយទេ”។
សម្រាប់ លោក សុខ ទូច បណ្ឌិតវិទ្យាសាស្រ្តនយោបាយយល់ថា កម្ពុជាមានលក្ខណៈជារដ្ឋមួយពេញលេញបាន ដោយលោកពន្យល់ថា កម្ពុជាមានទឹកដី អធិបតេយ្យភាពនៃការគ្រប់គ្រង ប្រជាជន និងរដ្ឋធម្មនុញ្ញ។ ទោះជាយ៉ាងណា លោកថា ពាក្យថារដ្ឋមួយពេញលេញ គឺមានន័យខុសៗគ្នាទៅតាមរបបនយោបាយនីមួយៗ ដូចកាលពីសម័យ ប៉ុល ពត ក៏គេឲ្យ អះអាងថា មានអធិតេយ្យភាពដែរ ៖” ពីព្រោះវានៅតែមានជ្រុងណាមួយនិយាយអំពីអធិបតេយ្យក្នុងការគ្រប់គ្រងត្រួតត្រាក្នុងប្រទេសកម្ពុជា ខ្ញុំជឿថាកម្ពុជាមានអធិបតេយ្យភាពរឺងមាំមានទែន បើប្រៀបធៀបរបបដទៃៗទៀត យើងគិតហើយថាយើងមានសិទ្ធិបណ្ដេញទូកថៃចេញ តើមានទេក្នុងរបបមុនៗ វាអត់មានទេទី២ កម្ពុជាមានសិទ្ធិក្នុងការចាត់ចែង ការអភិវឌ្ឍន៍អីៗ ទៅតាមនយោបាយរបស់រដ្ឋាភិបាល”។
យោងតាមឯកសារច្បាប់អន្តរជាតិ ជាភាសាអង់គ្លេស ដែលគេប្រើសម្រាប់បង្រៀននិស្សិត តាមមហាវិទ្យាល័យ ទាំងអស់នៅកម្ពុជា និងអន្តរជាតិ បានកំណត់និយមន័យពាក្យថា រដ្ឋមួយ អាស្រ័យលើធាតុផ្សំ០៤យ៉ាង គឺមានចំនួនប្រជាជនពិតប្រាកដ មានការកំណត់ព្រំដែននៃប្រទេសជាក់លាក់ មានរចនាសម្ព័ន្ធ នៃការគ្រប់គ្រងរដ្ឋាភិបាលត្រឹមត្រូវ និងត្រូវមានការទទួលស្គាល់ជាអន្តរជាតិ៕
BY: VOD
No comments:
Post a Comment
yes