មន្ត្រីគយខេត្តពោធិ៍សាត់ម្នាក់ដែលល្បីខាងលបស្ទាក់ចាប់ម៉ូតូអត់ពន្ធតាមផ្លូវសាធារណៈជំរិតទារប្រាក់ស៊ីដាច់អង្គភាពយ៉ាងត្រជាក់ចិត្តរហូតមកនោះ ឥឡូវនេះបានត្រូវប្រជាពលរដ្ឋប្តឹងចោទប្រកាន់ពីបទប្រើអំពើហិង្សាដោយចេតនា ។
លោកវរសេនីយ៍ត្រី ម៉ូ លីដា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ឱ្យដឹងថា កាលពីថ្ងៃទី១៥ តុលា ឆ្នាំ២០១១ លោកបានទទួលពាក្យបណ្តឹងមួយពីប្រជាពលរដ្ឋឈ្មោះសួន ឃុន្នី ភេទប្រុស មានទីលំនៅនៅឃុំស្រែស្តុក ស្រុកកណ្តៀង ដោយបានចោទប្រកាន់ឈ្មោះជា សីុណុល ភេទប្រុស ជាមន្ត្រីសាខាគយ និងរដ្ឋាករខេត្តពោធិ៍សាត់ ថា បានចាប់ម៉ូតូអត់ពន្ធកណ្តាលផ្លូវជំរិតទារលុយអស់៣០០ដុល្លារ ហើយថែមទាំងច្របាច់.ក និងទះកំផ្លៀង៣ទៅ៤ដៃទៀតផង។ ក្នុងពាក្យបណ្តឹងជនរងគ្រោះបានរៀបរាប់ថា កាលពីថ្ងៃទី១៥ តុលា ឆ្នាំ២០១១ វេលាម៉ោង៨និង៣០នាទីព្រឹក ខ្លួនបានជិះម៉ូតូម៉ាកឃ្លិចទៅឈប់នៅខាងមុខតូបកាត់សក់ម្តុំផ្សារចាស់ ភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ។
ពេលខ្លួនកំពុងអង្គុយលើម៉ូតូរង់ចាំកាត់សក់នោះ ស្រាប់តែឈ្មោះជា ស៊ីណុល ពាក់អាវយឺតពណ៌ស បើករថយន្តឡិចស៊ីសកូនកាត់ពណ៌ស មកឈប់ក្បែរហើយចុះមកសួរថា ម៉ូតូនេះមានពន្ធ ឬអត់? ខ្លួនឆ្លើយថា អត់ទាន់មានទេ រួចហើយក៏បណ្តើរម៉ូតូចេញ ស្រាប់តែឈ្មោះជា ស៊ីណុល ស្ទុះមកចាប់ដៃម៉ូតូផ្តួលរួចក្របួច.កអាវខ្លួនទះកំផ្លៀង៣ទៅ៤ដៃ ថែមទាំងច្របាច់.កទៀតផង។ បន្ទាប់មកឈ្មោះជា ស៊ីណុល បានទូរស័ព្ទហៅអ្នកផ្សេងឱ្យមកយកម៉ូតូទៅទុកនៅសាខាគយហើយក៏ជិះរថយន្តចេញទៅបាត់ ។ លុះប៉ុន្មានម៉ោងក្រោយមក ឈ្មោះជា ស៊ីណុល បានឱ្យដៃជើងរបស់គេទូរស័ព្ទមកខ្លួនឱ្យទៅយកម៉ូតូវិញ។ ពេលខ្លួនទៅដល់ឈ្មោះជា ស៊ីណុល បានឱ្យខ្លួនបង់លុយចំនួន៣០០ដុល្លារ ទើបប្រគល់ម៉ូតូឱ្យដោយគ្មានចេញបង្កាន់ដៃ ឬក្រដាសបង់ពន្ធទេ ។ មិនតែប៉ុណ្ណោះឈ្មោះជា ស៊ីណុល នេះបានគំរាមវាយខ្នោះ និងនិយាយពន្យុះឱ្យខ្លួនទៅប្តឹងដល់ណាសូមអញ្ជើញទៀតផង ។ លោកម៉ូ លីដា បានប្រាប់កោះសន្តិភាពថា លោកនឹងកោះហៅឈ្មោះជា សីុណុល មន្ត្រីគយខេត្តពោធិ៍សាត់ មកបំភ្លឺជុំវិញការចោទប្រកាន់របស់ដើមបណ្តឹងនៅថ្ងៃចន្ទ ទី១៧ តុលា។
ប្រភពព័ត៌មានពីសមត្ថកិច្ចនានាបានប្រាប់កោះសន្តិភាពថា ឈ្មោះជា ស៊ីណុល នេះតាំងពីផ្លាស់មកនៅខេត្តពោធិ៍សាត់កាលណា គេដើរធ្វើព្យុះធ្វើភ្លៀងតាមតែអំពើចិត្ត និងមិនសីុសង្វាក់គ្នាជាមួយមន្ត្រីក្នុងអង្គភាពទេ ។ ជារៀងរាល់ថ្ងៃឈ្មោះជា ស៊ីណុល ជិះរថយន្តបិទស្លាក Logo គយ ឬក៏រថយន្តខ្លួនឯងផ្ទាល់ពាក់តែអាវយឺតសជាមួយមន្ត្រីប៉ូលិសម្នាក់ជាអ្នកបើករថយន្ត ដើរធ្វើសកម្មភាពឆ្មក់ស្ទាក់ចាប់ម៉ូតូអត់ពន្ធពាសវាលពាសកាលតាមផ្លូវសាធារណៈ ចំណតរថយន្ត ហាងលក់ម៉ូតូ ឬកន្លែងជួសជុលម៉ូតូជាដើមហើយជំរិតទារលុយមួយគ្រឿងពី១០០ដុល្លារទៅ២០០ដុល្លារ ស៊ីដាច់មិនឱ្យអង្គភាពដឹងទេ នេះមិនទាន់និយាយដល់រថយន្តអត់ពន្ធផងឡើយ ។
ប្រភពបន្តថា មិនតែប៉ុណ្ណោះឈ្មោះនេះគេឆ្មក់ចាប់ទំនិញតាមរថយន្តក្រុង រថយន្តដឹកបទល្មើសនានាដោយដេញប៉ផាប់ចាប់ពភីងផ្អើលពេញខេត្ត និងលើផ្លូវជាតិលេខ៥ បង្កឱ្យមានគ្រោះថ្នាក់ទៀតផង ។ តាមពិតពេលចុះធ្វើការត្រូវមានមន្ត្រីគយចាប់ពី២នាក់ឡើងទៅ ហើយត្រូវស្លៀកពាក់ឯកសណ្ឋានត្រឹមត្រូវមិនមែនពាក់អាវយឺតសទៅពីរនាក់មន្ត្រីប៉ូលិសដូចលោកជា ស៊ីណុលនេះទេ បែបនេះគេហៅថា «មន្ត្រីគយខ្យល់ព្យុះ» ឬ «គយញ៉េះ» ។ ជាក់ស្តែងដូចជាការចាប់ម៉ូតូឃ្លិចអត់ពន្ធខាងលើនេះជាដើម មិនធ្វើការផាកពិន័យបង់ពន្ធតាមច្បាប់បែរជាហៅគេមកសម្រួលយកលុយ៣០០ដុល្លារ ទើបប្រគល់ឱ្យវិញ ហើយទះកំផ្លៀង និងច្របាច់.កគេថែមទៀត ។
ការធ្វើព្យុះធ្វើភ្លៀងរបស់លោកជា ស៊ីណុល តាមអំពើចិត្តសព្វថ្ងៃនេះគេមិនដឹងថា លោកហ៊ាល ទូច ប្រធានសាខាគយ និងរដ្ឋាករខេត្តពោធិ៍សាត់ ដឹងដែរ ឬក៏អត់ទេ? ឬមួយក៏លោកឱ្យធ្វើបែបនេះ ដើម្បីទទួលបានលាភសក្ការៈក្រៅផ្លូវការមកចែកគ្នាស្ងាត់ៗមិនឱ្យមន្ត្រីផ្សេងទៀតក្នុងអង្គភាពដឹង?
កម្លាំងសមត្ថកិច្ចសហការនានាសំណូមពរសុំឱ្យលោកបណ្ឌិត ប៉ែន ស៊ីម៉ន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកគយ និងរដ្ឋាករកម្ពុជា មេត្តាក្រឡេកមើលសាខាគយខេត្តពោធិ៍សាត់ផង ពិសេសទង្វើរបស់បុគ្គលឈ្មោះជា ស៊ីណុល នេះតែម្តង ៕
ពីគេហទំព័រ៖ កោះសន្តិភាព
No comments:
Post a Comment
yes