Monday, October 17, 2011

លោក​គយ​ចាប់​ម៉ូតូ​​អត់​ពន្ធ​តាម​ផ្លូវ​យក​លុយ​300​ដុល្លារ​​ហើយ​ទះ​កំផ្លៀង និង​ច្របាច់​.ក

  មន្ត្រី​​គយ​ខេត្ត​ពោធិ៍​សាត់​​ម្នាក់​ដែល​ល្បី​ខាង​លប​ស្ទាក់ចាប់​​ម៉ូតូ​អត់​ពន្ធ​តាម​ផ្លូវ​សាធារណៈ​ជំរិត​ទារ​ប្រាក់ស៊ី​ដាច់​​អង្គ​ភាពយ៉ាងត្រជាក់ចិត្ត​រហូត​មក​នោះ ឥឡូវ​នេះ​បាន​​ត្រូវ​ប្រជា​ពល​​រដ្ឋ​ប្តឹង​ចោទ​ប្រកាន់​​ពី​បទ​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា ។


 លោក​វរ​សេនីយ៍​ត្រី ម៉ូ ​លីដា ​នាយ​ការិយា​ល័យ​នគរ​បាល​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នង​ការ​ដ្ឋា​ន​នគរ​បាល​ខេត្តពោធិ៍​សាត់ ឱ្យ​ដឹងថា កាល​ពី​ថ្ងៃ​ទី​១៥ តុលា ឆ្នាំ២០១១ លោក​បាន​ទទួល​ពាក្យ​បណ្តឹង​មួយ​ពី​ប្រជា​ពល​រដ្ឋ​ឈ្មោះ​​សួន ឃុន្នី ​ភេទ​ប្រុស ​មាន​ទី​លំនៅនៅ​ឃុំ​ស្រែ​ស្តុក ​ស្រុក​កណ្តៀង ដោយ​បាន​ចោទ​ប្រកាន់​​ឈ្មោះ​ជា សីុ​ណុល ភេទប្រុស ជា​មន្ត្រី​សាខា​គយ​ និង​រដ្ឋា​ករ​ខេត្ត​​ពោធិ៍​សាត់ ថា បាន​ចាប់​​​ម៉ូតូ​អត់​ពន្ធ​កណ្តាល​ផ្លូវជំរិត​ទារ​​លុយ​អស់​៣០០​ដុល្លារ ហើយ​ថែម​ទាំង​ច្របាច់​.ក​ និង​ទះ​កំផ្លៀង​៣​ទៅ​៤​ដៃ​ទៀត​ផង​។ ​ក្នុង​ពាក្យ​បណ្តឹង​​ជន​រងគ្រោះ​​បាន​រៀប​រាប់​ថា កាលពី​ថ្ងៃ​ទី​១៥ តុលា ឆ្នាំ​២០១១ វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ ​ខ្លួន​បាន​ជិះ​ម៉ូតូ​ម៉ាក​​ឃ្លិច​ទៅ​ឈប់​នៅ​ខាង​មុខ​តូប​កាត់​សក់​ម្តុំ​ផ្សារ​ចាស់​ ភូមិ​​ពាល​ញែក​១ សង្កាត់​​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍​សាត់ ។


 ពេល​ខ្លួន​កំពុង​អង្គុយ​លើ​ម៉ូតូ​រង់​ចាំ​កាត់​សក់​នោះ ស្រាប់​តែ​ឈ្មោះ​​ជា ស៊ី​ណុល ពាក់​អាវ​យឺត​ពណ៌ស​ បើក​​រថយន្ត​ឡិច​ស៊ី​ស​កូន​កាត់​ពណ៌ស មក​ឈប់​ក្បែរ​​ហើយ​ចុះ​មក​សួរ​ថា ម៉ូតូ​​នេះមាន​ពន្ធ​ ឬអត់? ​ខ្លួន​ឆ្លើយ​ថា អត់​ទាន់​មាន​ទេ ​រួច​ហើយ​ក៏​​បណ្តើរ​ម៉ូតូ​​ចេញ ស្រាប់តែ​​ឈ្មោះ​ជា ស៊ី​ណុល ស្ទុះមក​ចាប់​ដៃ​ម៉ូតូ​ផ្តួលរួច​ក្របួច​.ក​អាវខ្លួនទះ​កំផ្លៀង​៣​ទៅ​៤​ដៃ​ ថែម​ទាំង​ច្របាច់​.ក​ទៀត​ផង។ ​បន្ទាប់​មក​ឈ្មោះ​ជា ស៊ីណុល បាន​ទូរស័ព្ទ​​ហៅ​អ្នក​ផ្សេង​ឱ្យ​មក​យក​​ម៉ូតូ​ទៅទុក​នៅ​សាខា​​គយ​ហើយ​ក៏​ជិះ​​រថយន្ត​ចេញ​ទៅ​​បាត់ ។ លុះ​ប៉ុន្មាន​​ម៉ោង​ក្រោយ​មក ​ឈ្មោះ​ជា ស៊ីណុល ​បាន​ឱ្យ​ដៃ​ជើង​របស់​គេ​​ទូរស័ព្ទ​មក​ខ្លួន​ឱ្យ​ទៅ​យក​ម៉ូតូ​វិញ។ ពេល​ខ្លួន​ទៅ​​ដល់​ឈ្មោះជា ស៊ីណុល ​បានឱ្យ​ខ្លួនបង់​​លុយ​ចំនួន​៣០០​ដុល្លារ ទើប​ប្រគល់​​ម៉ូតូ​ឱ្យ​ដោយ​គ្មាន​ចេញ​បង្កាន់​ដៃ​​ ឬ​ក្រដាស​​​បង់​ពន្ធ​ទេ ។ ​​មិន​តែ​ប៉ុណ្ណោះ​ឈ្មោះ​ជា ស៊ីណុល នេះ​បាន​គំរាម​វាយ​ខ្នោះ និង​និយាយ​ពន្យុះ​ឱ្យ​ខ្លួន​ទៅ​ប្តឹង​ដល់​ណា​សូម​អញ្ជើញ​​ទៀត​ផង ។ ​លោក​ម៉ូ លីដា បាន​ប្រាប់​កោះ​សន្តិ​ភាព​ថា លោក​នឹង​កោះ​ហៅ​ឈ្មោះ​ជា សីុណុល មន្ត្រីគយ​ខេត្ត​ពោធិ៍​​សាត់ ​មក​បំភ្លឺ​ជុំវិញ​ការ​ចោទ​ប្រកាន់​រប​ស់​ដើម​បណ្តឹង​នៅ​ថ្ងៃ​ចន្ទ ទី​១៧ តុលា។


 ប្រភព​ព័ត៌​មាន​ពី​សមត្ថ​កិច្ច​នានា​បាន​ប្រាប់​កោះ​សន្តិ​ភាពថា ​ឈ្មោះ​ជា ស៊ីណុល នេះ​តាំង​​ពី​ផ្លាស់​មក​នៅ​ខេត្តពោធិ៍​សាត់កាលណា​ គេ​ដើរ​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​​តាម​តែ​អំពើ​ចិត្ត​ និង​មិន​សីុ​សង្វាក់​​គ្នា​ជា​មួយ​មន្ត្រី​ក្នុង​អង្គ​ភាព​ទេ ។ ​ជារៀង​រាល់​​ថ្ងៃ​ឈ្មោះ​​ជា ស៊ីណុល ​ជិះ​រថយន្ត​​​បិទ​ស្លាក​ Logo គយ​ ឬ​ក៏​រថយន្ត​ខ្លួន​ឯង​ផ្ទាល់​ពាក់​តែ​អាវ​យឺត​ស​ជា​មួយ​មន្ត្រី​ប៉ូលិស​​ម្នាក់ជាអ្នក​បើក​រថយន្ត​​ ដើរ​ធ្វើ​សកម្ម​ភាព​ឆ្មក់​​ស្ទាក់ចាប់​ម៉ូតូ​អត់​ពន្ធ​ពាស​វាល​ពាស​កាល​តាម​ផ្លូវ​សាធារណៈ ចំណតរថយន្ត ហាង​​លក់​ម៉ូតូ​​ ឬ​កន្លែង​ជួស​ជុល​​ម៉ូតូ​ជា​ដើមហើយ​ជំរិត​ទារ​​លុយ​មួយ​​គ្រឿង​ពី​១០០​ដុល្លារ​ទៅ​២០០​​ដុល្លារ ​ស៊ី​ដាច់​មិន​ឱ្យ​អង្គ​ភាព​ដឹងទេ នេះ​មិន​ទាន់​​និយាយ​ដល់​រថយន្ត​អត់​​ពន្ធ​ផងឡើយ ។


 ប្រភព​​បន្តថា មិន​តែ​ប៉ុណ្ណោះ​​ឈ្មោះ​នេះ​គេ​ឆ្មក​់ចាប់​ទំនិញ​តាម​រថយន្ត​​ក្រុង រថយន្ត​ដឹក​បទ​ល្មើស​​នានាដោយ​ដេញ​ប៉ផាប់​​ចាប់​ពភីង​​ផ្អើល​ពេញ​​​ខេត្ត និង​លើ​ផ្លូវជាតិ​លេខ​៥ បង្ក​ឱ្យ​មាន​គ្រោះ​​ថ្នាក់​​ទៀត​ផង ។ ​តាម​ពិត​ពេល​ចុះ​ធ្វើ​ការ​​ត្រូវ​មាន​មន្ត្រីគយ​ចាប់​ពី​២​នាក់​ឡើង​​ទៅ​ ហើយ​ត្រូវ​ស្លៀក​​ពាក់​ឯក​សណ្ឋា​ន​ត្រឹម​ត្រូវ​មិន​មែន​ពាក់​អាវ​យឺត​ស​ទៅពីរ​នាក់​មន្ត្រី​ប៉ូលិស​​ដូច​លោក​ជា ស៊ីណុល​នេះ​ទេ ​បែប​នេះ​គេ​ហៅថា «មន្ត្រី​គយ​ខ្យល់​ព្យុះ» ឬ «គយ​ញ៉េះ» ។ ជាក់​ស្តែង​​ដូច​ជា​ការ​ចាប់​ម៉ូតូឃ្លិច​អត់​ពន្ធ​ខាង​លើ​នេះ​ជា​ដើម ​មិន​ធ្វើ​​ការ​ផាក​ពិន័យ​​បង់​ពន្ធតាម​ច្បាប់​បែរ​ជា​ហៅ​​គេ​មក​សម្រួល​យក​លុយ​៣០០​ដុល្លារ​​ ទើប​ប្រគល់​ឱ្យវិញ ​ហើយ​ទះកំផ្លៀង​​ និង​ច្របាច់​.ក​គេ​ថែម​ទៀត ។


 ការ​ធ្វើ​​ព្យុះធ្វើ​ភ្លៀង​​របស់​លោក​ជា ស៊ីណុល ​តាម​​អំពើ​ចិត្ត​សព្វ​ថ្ងៃ​នេះ​គេ​មិន​ដឹងថា លោក​ហ៊ាល ទូច ប្រធាន​សាខា​គយ និង​រដ្ឋា​ករ​ខេត្ត​ពោធិ៍​សាត់ ដឹង​ដែរ ឬ​ក៏​អត់​ទេ? ​ឬ​មួយ​ក៏​លោក​ឱ្យ​ធ្វើ​បែប​នេះ ដើម្បី​ទទួល​បាន​​លាភ​សក្ការៈ​ក្រៅ​​​​ផ្លូវ​ការ​មក​ចែក​​គ្នា​​ស្ងាត់ៗ​មិន​ឱ្យ​មន្ត្រី​​ផ្សេង​ទៀត​​ក្នុង​អង្គ​ភាព​ដឹង?


 កម្លាំង​សមត្ថ​កិច្ច​សហ​ការ​នានា​​សំណូម​ពរ​សុំ​ឱ្យ​លោក​​បណ្ឌិត ប៉ែន ​ស៊ីម៉ន ប្រតិភូ​​រាជរដ្ឋា​ភិបាល​​ទទួល​បន្ទុក​​ជាអគ្គ​នាយក​គយ និង​រដ្ឋា​ករ​កម្ពុជា ​មេត្តា​ក្រឡេក​មើល​សាខា​​គយ​ខេត្ត​ពោធិ៍​សាត់​ផង ​ពិសេស​ទង្វើ​​រ​បស់​​បុគ្គល​ឈ្មោះ​ជា ស៊ីណុល នេះ​តែម្តង ៕








ពីគេហទំព័រ៖ កោះសន្តិភាព

No comments:

Post a Comment

yes