Monday, October 3, 2011

មនុស្ស​ជាង700នាក់​​ចាប់​ខ្លួន​នៅ​​ញូវ​យ៉ក​ក្នុង​​បាតុ​កម្ម​​មួយ​​ប្រឆាំង​ WALL STREET


 ប៉ូលិស​ក្រុង​ញូវ​យ៉ក​ឱ្យ​ដឹង​ថា បាតុ​ករ​ប្រឆាំង WALL STREET ជាង​៧០០​នាក់​បាន​ត្រូវ​ចាប់ខ្លួន​កាល​ពី​រសៀល​ថ្ងៃ​ទី​១ តុលា ខណៈ​ពួក​គេ​សាក​ល្បង​រាំង​ខ្ទប់​ចរា​ចរណ៍​លើ​ស្ពាន​ BROOKLYN ដែល​បង្ខំ​ឱ្យ​អាជ្ញា​ធរ​បិទ​ស្ពាន​នោះ​រយៈ​ពេល​ជា​ច្រើន​ម៉ោង​។ អ្នក​នាំ​ពាក្យ​ម្នាក់​របស់​ប៉ូលិស​ក្រុង​ញូវ​យ៉ក​គូស​បញ្ជាក់​ថា ប៉ូលិស​បាន​ចាប់​ខ្លួន​បាតុ​ករ​ទាំង​នោះ​ក្រោយ​ពី​ធ្វើការ​ព្រមាន​ជា​ច្រើន​លើក​មក​ដោយ​ស្នើ​ឱ្យ​ពួក​បាតុ​ករ​ស្ថិត​នៅ​តាមចិញ្ចើម​ថ្នល់។


 បាតុ​ករ​មួយ​ចំនួន​បាន​ទៅ​ឈរ​នៅ​ផ្លូវ​សម្រាប់​មនុស្ស​ដើរ​ដោយ​អ្នក​ទាំង​នេះ​ពុំ​ត្រូវ​ចាប់​ខ្លួន​ឡើយ​។ បាតុ​ករ​ដទៃៗ​ទៀត​បាន​ធ្វើ​មិន​ដឹង​មិន​ឮ​ ហើយ​បន្ត​ដើរ​ហែ​ក្បួន​លើ​ទ្រូង​ផ្លូវ​សម្រាប់​រថ​យន្ត​សំដៅ​ស្ពាន BROOKLYN ហើយ​ពួកនេះ​ត្រូវ​ចាប់​ខ្លួន​។ ស្ពាន​នោះ​ត្រូវ​បាន​បើក​ឱ្យ​ដំណើរ​ការ​វិញ​នា​វេលា​ម៉ោង​២០​ម៉ោង​ក្នុង​ស្រុក​។ ក្បួន​បាតុ​កម្ម​លើក​ចេញ​ពី​ឧទ្យាន​ ZUCCOTTI ដែល​ស្ថិត​នៅ​ជិត​ទី​តាំង​អតីត​មជ្ឈ​មណ្ឌល​ពាណិជ្ជ​កម្ម​ពិភព​លោក​នៅ​ម៉ាន់​ហា​តាន់​។ បាតុ​កម្ម​នេះ​ត្រូវ​បាន​រៀប​ចំ​ធ្វើ​ក្នុង​ក្រប​ខណ្ឌ​នៃ​ចលនា​ OCCUPY WALL STREET ដែល​តវ៉ា​ប្រឆាំង​នឹង​ការ​លោភ​លន់​របស់​មជ្ឈ​ដ្ឋាន​ហិរញ្ញ​វត្ថុ​ និង​សហ​គ្រាស​ធំៗ​ ប្រឆាំង​នឹង​ការ​កើន​កំដៅ​បរិយាកាស​ ព្រម​ទាំង​វិសម​ភាព​សង្គម​។


 ក្រុម OCCUPY WALL STREET ដែល​ធ្វើ​ការ​តវ៉ា​បាន​​បោះ​ជំរំ​ក្នុង​ឧទ្យាន​ ZUCCOTTI ចាប់​តាំង​ពី​២​សប្តាហ៍​មក​ហើយ​រួច​​ធ្លាប់​ប៉ះ​ជាមួយ​ប៉ូលិស​រួច​មក​ហើយដែរ​។ បណ្តា​សមា​ជិក​របស់​ចលនា​នេះ​សន្យា​ស្ថិត​នៅ​ក្នុង​ឧទ្យាន​ពេញ​មួយ​រដូវរងា ៕

No comments:

Post a Comment

yes