ជនម្នាក់ត្រូវឃាត់ខ្លួនកាលពីម៉ោង៨យប់ ថ្ងៃទី១០ តុលា នៅចំណតរថយន្តស្រុកសំពៅលូនជាប់ព្រំដែនប្រទេសថៃក្នុងគ្រាដែលគេសង្ស័យថា ជននោះប៉ុនប៉ងនាំជនធ្វើចំណាកស្រុកចំនួន៨នាក់ឆ្លងដែនដោយខុសច្បាប់ចេញទៅប្រទេសសៀម។
សមត្ថកិច្ចនគរបាលស្រុកសំពៅលូនឱ្យដឹងថា ជនដែលត្រូវចាប់ខ្លួនឈ្មោះសុខ ដារ៉ា ភេទប្រុស អាយុ២២ឆ្នាំ មានស្រុកកំណើតនៅភូមិបេង ឃុំស្តុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ជាមេខ្យល់ប៉ុនប៉ងនាំមនុស្ស៨នាក់ ក្នុងនោះមានស្ត្រីម្នាក់ផងបំរុងឆ្លងដែនចូលទឹកដីសៀមដោយខុសច្បាប់ ។ ជនចំណាកស្រុកទាំងនោះត្រូវបានអូសទាញមកពីស្រុកកំណើតរបស់សុខ ដារ៉ា នៅឯខេត្តកំពង់ស្ពឺ។
ក្រុមធ្វើចំណាកស្រុកទាំង៨នាក់និយាយថា ឈ្មោះដារ៉ា បានទៅបញ្ចុះបញ្ចូលឱ្យពួកគេទៅធ្វើកម្មករសំណង់នៅប្រទេសសៀម ដោយមានការធានាត្រឹមត្រូវដោយយកកំរៃជើងសា
ម្នាក់ចំនួន១.៦០០បាត ហើយប្រាក់នេះត្រូវកាត់យកពេលបានការងារធ្វើ។ ដោយនៅឯស្រុកកំណើតគ្មានភ្លៀង ស្រូវដំណាំផ្សេងៗងាប់អស់ ហើយគ្មានការងារធ្វើផង និងដោយយល់ថា ការចេញទៅប្រទេសសៀមមានការធានាច្បាស់លាស់ពីឈ្មោះដារា៉ផងទើបពួកគេសម្រេចធ្វើចំណាកស្រុក ។
មេខ្យល់ឈ្មោះសុខ ដារ៉ា បាននិយាយប្រាប់សមត្ថកិច្ចថា គេគ្រាន់តែជាអ្នកចាំទទួលយកពលករ៨នាក់នោះប៉ុណ្ណោះ ព្រោះពួកគេមិនស្គាល់តំបន់ព្រំដែន រីឯមេខ្យល់ធំឈ្មោះខា ភេទប្រុស រង់ចាំនៅឯទឹកដីសៀម។ ឈ្មោះដារ៉ា និងឈ្មោះខា គឺជាសាច់ញាតិដែលជាមុខសញ្ញានាំមនុស្សឆ្លងដែនដោយខុសច្បាប់ ដែលសមត្ថកិច្ចតាមចាប់យូរហើយ ៕
ពីគេហទំព័រ៖ កោះសន្តិភាព


No comments:
Post a Comment
yes