លោកប្រធានាធិបតីសហរដ្ឋអាមេរិក Barack Obama គ្រោងនឹងមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជានាឆ្នាំក្រោយ។ នេះបើយោងតាមលោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាដែលបានថ្លែងកាលពីថ្ងៃចន្ទ មិ្សលមិញ។
មានប្រសាសន៍ទៅកាន់អ្នកយកព័ត៌មានក្រោយជំនួបកាលពីថ្ងៃម្សិលមិញ រវាងលោករដ្ឋមន្ត្រីក្រសួងការបរទេស ហោ ណាំហុង និងលោក David Carden ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅអាស៊ាន លោក កុយ គួង បានថ្លែងថា កម្ពុជារំពឹងថានឹងទទួលស្វាគមន៍លោកប្រធានាធិបតីអាមេរិកនៅក្នុង ជំនួបប្រជុំកំពូលអាស៊ាន-អាមេរិកនាខែវិច្ឆិកាឆ្នាំក្រោយ។
លោកបានមានប្រសាសន៍ថា៖ «ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Barack Obama នឹងមកទស្សនកិច្ចនៅប្រទេសកម្ពុជាដើម្បីចូលរួមកិច្ចប្រជុំកំពូល អាស៊ាន-អាមេរិកនាឆ្នាំក្រោយ»។
យ៉ាងណាក្តី ស្ថានទូតអាមេរិកប្រចាំនៅរាជធានីភ្នំពេញ ពុំអាចបញ្ជាក់អំពីដំណើរទស្សនកិច្ចនេះនៅឡើយនោះទេ។ លោក Sean McIntosh អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានថ្លែងកាលពីថ្ងៃម្សិលមិញថា៖ «យើងពុំទាន់បានឮអ្វីពីសេតវិមាននៅឡើយទេ។ វាពុំទាន់មានសេចក្តីប្រកាសជាផ្លូវការនៅឡើយ»។
លោក កុយ គួង បានបន្តថា ដំណើរទស្សនកិច្ចនេះនឹងធ្វើឡើង ក្រោយការបោះឆ្នោតប្រធានាធិបតីអាមេរិកនាឆ្នាំក្រោយ ដែលគ្រោងនឹងធ្វើឡើងនាថ្ងៃទី ៤ ខែវិច្ឆិកា។ បើទោះបីលោក Obama ចាញ់ការបោះឆ្នោតនោះក្តី លោកនឹងនៅតែជាប្រធានាធិបតីចាំផ្ទះរហូតដល់ខែមករា ឆ្នាំ ២០១៣ នៅពេលដែលប្រធានាធិបតីថ្មីនឹងស្បថចូលកាន់តំណែង។
បើទោះបីជាពុំមានការបញ្ជាក់ពីស្ថានទូតអាមេរិកក្តី លោកឯកអគ្គរដ្ឋទូត Carden នៅក្នុងការឆ្លើយនឹងសំណួររបស់ក្រុមអ្នកកាសែតក្រោយជំនួបរបស់លោក ជាមួយលោក ហោ ណាំហុង ហាក់ដូចជាបង្ហាញថា ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីជិតនឹងកើតឡើងហើយ។
លោក Carden បានគូសបញ្ជាក់ថា៖ «កិច្ចប្រជុំដែលត្រូវបានកំណត់នាឆ្នាំក្រោយ...គឺក្រោយការបោះ ឆ្នោតប្រធានាធិបតីដើម្បីទុកឲ្យប្រធានាធិបតីរបស់ខ្ញុំ...នូវឱកាស មកចូលរួមជំនួបប្រជុំកំពូល EAS និងកិច្ចប្រជុំថ្នាក់ដឹកនាំនៅទីនេះនាឆ្នាំក្រោយ»។
សហរដ្ឋអាមេរិកបានគាំទ្រប្រទេសកម្ពុជាយ៉ាងខ្លាំង ក្នុងការដែលកម្ពុជាធ្វើជាប្រធានកិច្ចប្រជុំអាស៊ាននៅឆ្នាំក្រោយ នេះ ដែលនេះ ជាឱកាសដ៏ល្អសម្រាប់កម្ពុជា បង្ហាញដល់ប្រទេសដទៃទៀត អំពីសមត្ថភាពរបស់ខ្លួនក្នុងការដឹកនាំអាស៊ាន។
លោក កុយ គួង បានបញ្ជាក់ថា៖ «លោក David Carden ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅតំបន់អាស៊ាន បានថ្លែងថា វាជាឱកាសល្អសម្រាប់កម្ពុជាប្រាប់ទៅប្រទេសដទៃទៀត អំពីការដឹកនាំរបស់យើង ហើយយើងនឹងលើកឡើងនូវចំណុចសំខាន់ ៣ រួមមានសន្តិសុខស្បៀង គ្រោះមហន្តរាយ និងការលុបបំបាត់ការកើតមានជំងឺឆ្លង»។
លោក David Carden ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអាស៊ាន បានថ្លែងថា៖ «ដូចអ្នករាល់គ្នាបានដឹងរួចហើយ កម្ពុជានឹងធ្វើជាប្រធានអាស៊ាននៅឆ្នាំក្រោយ ហើយស្ថានបេសកកម្មសហរដ្ឋអាមេរិកប្រចាំអាស៊ាន មានចំណាប់អារម្មណ៍ក្នុងការផ្តល់ជំនួយគាំទ្រ ដែលអាចផ្តល់ដល់ប្រទេសកម្ពុជា នៅក្នុងឆ្នាំដែលប្រទេសកម្ពុជាធ្ចើជាប្រធានអាស៊ាន និងឆ្នាំខាងមុខទៀត។
លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា៖ «មានឱកាសជាច្រើននៅក្នុងតំបន់ ហើយក៏មានបញ្ហាជាច្រើនដែលត្រូវដោះស្រាយ។ ដូច្នេះយើងសង្ឃឹមថា នឹងមានកិច្ចពិភាក្សាហ្មត់ចត់នៅឆ្នាំក្រោយ ដូចដែលបានកើតមានរួចហើយ នាប៉ុន្មានឆ្នាំថ្មីៗនេះ នៅក្នុងអាស៊ាន»។
លោកបានបន្តថា៖ «បណ្តាប្រទេសក្នុងអាស៊ានបានដឹកនាំអាស៊ានច្បាស់លាស់នាប៉ុន្មាន ឆ្នាំកន្លងមកនេះ ហើយយើងជឿជាក់ថា កម្ពុជានឹងផ្តល់ការដឹកនាំបែបនោះ។ យើងចាប់អារម្មណ៍លើបញ្ហានានា ដែលកម្ពុជាអាចចាប់អារម្មណ៍ក្នុងអំឡុងពេលដែលប្រទេសកម្ពុជាធ្វើជាប្រធានអាស៊ាន»៕
ពីគេហទំព័រ៖ ភ្នំពេញប៉ុស្តិ៏

No comments:
Post a Comment
yes