Tuesday, October 18, 2011
សុំផ្ទះស្នាក់មួយយប់ប្តីមិននៅថ្លើមធំសុំបេះដូងទៀតនគរបាលចាប់ខ្លួន
មានករណីប្រទូស្តកេរ្តិ៍ខ្មាសមួយបានកើតឡើងនៅវេលាម៉ោង៧និង៣០នាទី ថ្ងៃទី១៤ តុលា នៅឃុំសូភី ស្រុកអូរជ្រៅ ដែលជនជាប់ចោទត្រូវបានគេស្គាល់ឈ្មោះហេង សុគុន ហៅយ៉ាត ភេទប្រុស អាយុ៤៦ឆ្នាំ នៅឃុំសូភី ស្រុកអូរជ្រៅ។
លោកអនុសេនីយ៍ឯកសោម សុភិន អធិការរងនគរបាលស្រុកអូរជ្រៅបានឱ្យដឹងថា ការចាប់ខ្លួនជនជាប់ចោទឈ្មោះហេង សុគុន ហៅ យ៉ាតនេះធ្វើឡើងបន្ទាប់ពីទទួលបណ្តឹងពីស្រី្តរងគ្រោះអាយុ៣១ឆ្នាំ។ តាមបណ្តឹងបានរៀបរាប់ថា នៅវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី១៤ តុលា ឆ្នាំ២០១១ ឈ្មោះហេង សុគុន ហៅ យ៉ាត បានទិញស្រាមកផឹកនៅផ្ទះរបស់នាង ដែលមានគ្នា៥ទៅ៦នាក់ បន្ទាប់ពីផឹករួចពួកគេក៏បែកគ្នាអស់ព្រោះយប់ជ្រៅទៅហើយ ចំណែកឈ្មោះសុគុនក៏បានដើរទៅដែរពេលនោះនាងកំពុងអង្គុយមើលទូរទស្សន៍ឯប្តីរបស់នាងរវល់ទៅមើលសន្ទូច។ មួយសន្ទុះក្រោយមកសុគុន ហៅយ៉ាត ត្រឡប់មកផ្ទះនាងវិញក៏អង្គុយមើលទូរទស្សន៍ជាមួយគ្នា។ បន្ទាប់មកនាងក៏ចូលដេកក្នុងមុងជាមួយកូនចំនួន២នាក់ ចំណែកឈ្មោះហេង សុគុន នៅមើលបន្តតែម្នាក់ឯង។
ក្រោយមកបុរសកំហូចនោះបានធ្វើសកម្មភាពចូលទៅក្នុងមុងសង្រ្គប់ពីលើ ដោយចាប់ដៃទាំង២របស់នាងផ្អឹបទៅនឹងក្តារ ពេលនោះនាងបានអង្កុញជើងហើយធាក់ឈ្មោះសុគុនឱ្យខ្ទាតចេញ។ តែមិនអស់ចិត្តជនល្មោភតណ្ហានោះក៏ហក់មកចាប់នាងម្តងទៀតដោយនិយាយអង្វរសុំរួមរ័កតែនាងមិនព្រម។ ដោយឃើញសភាពការណ៍មិនស្រួលនាងក៏ស្ទុះចេញពីមុង រួចស្រែកឱ្យអ្នកជិតខាងជួយពេលនោះជនកំហូចសុគុនហៅយ៉ាតក៏រត់គេចខ្លួនបាត់ទៅ។
លោកអធិការរងនគរបាលស្រុកអូរជ្រៅបានបន្តថា ជនល្មើសឈ្មោះហេង សុគុន ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ឃុំសូភីស្រាវជ្រាវចាប់ខ្លួននៅវេលាម៉ោង១២យប់នាថ្ងៃដដែល នោះហើយបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក។ លោកអធិការរងបានបញ្ជាក់ថា ក្រោយពេលចាប់ខ្លួន ជនជាប់ចោទបានសារភាពថា នៅយប់នោះខ្លួនស្រវឹងស្រាខ្លាំង និងងងុយដេកពេកក៏ចូលក្នុងមុងដេកពីលើនាងបន្តិចតែមិនទាន់បានធ្វើសកម្មភាពអ្វីទេពេលនោះនាងបានស្រែកឱ្យអ្នកជិតខាងជួយ ខ្លួនភ័យក៏រត់ទៅដេកក្នុងខ្ទមចំការលុះវេលាម៉ោង១២យប់សមត្ថកិច្ចចុះទៅចាប់ខ្លួនតែម្តង។
លោកវរសេនីយ៍ត្រីឮ ចាន់ដារ៉ា នាយរងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនបានបញ្ជាក់ថា ផ្អែកតាមបណ្តឹងរបស់ជនរងគ្រោះ និងចម្លើយសារភាពរបស់ជនជាប់ចោទឈ្មោះហេង សុគុន ហៅយ៉ាត កម្លាំងជំនាញការិយាល័យបានរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមផ្លូវច្បាប់៕
ពីគេហទំព័រ៖ កោះសន្តិភាព
Subscribe to:
Post Comments (Atom)

No comments:
Post a Comment
yes