កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី១៨ តុលា ២០១១ លោកកែវ រ៉េមី រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រី និងជាអនុប្រធានអង្គភាពប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រីបានថ្លែងនៅក្នុងសន្នីសីទកាសែតនៅទីស្តីការគណៈរដ្ឋមន្ត្រីថា រដ្ឋាភិបាលបានច្រាលចោលនូវការចោទប្រកាន់ដែលថា រដ្ឋាភិបាលជ្រៀតជ្រែកកិច្ចការស៊ើបអង្កេតរបស់លោកសិនហ្វ្រីតប្លាំង (Singfried Blunk) នៃសំណុំរឿង០០៣ និង០០៤ ហើយថា ចំពោះការលាលែងពីតួនាទីរបស់លោកវារឹតតែមិនមែនជាការជ្រៀតជ្រែកពីរដ្ឋាភិបាលទៅទៀត តែផ្ទុយទៅវិញ ចៅក្រមស៊ើបអង្កតអន្តរជាតិរូបនេះបានទទួលរងនូវសម្ពាធពីអង្គការសង្គមស៊ីវិល សារព័ត៌មានជាតិ និងអន្តរជាតិមួយចំនួន។
លោកកែវ រ៉េមី បានមានប្រសាសន៍ទៀតថា រាជរដ្ឋាភិបាលមិនបានជ្រៀតជ្រែកកិច្ចការតុលាការខ្មែរក្រហមដូចអ្វីដែលលោកចៅក្រមសិនហ្វ្រីត ប្លាំង រូបនេះលើកឡើងនោះទេ ការលើកឡើងរបស់ចៅក្រមរូបនេះគឺជារឿងមិនពិតទេ។ រដ្ឋាភិបាលមានការសោកស្តាយចំពោះការសុំលាលែងនេះ ព្រោះកន្លងមក លោកចៅក្រមស៊ើបអង្កេតអន្តរជាតិរូបនេះ បានសហការល្អជាមួយសហចៅក្រមស៊ើបអង្កេតជាតិក្នុងការស៊ើបអង្កេតសំណុំរឿង០០៣ និង០០៤ ពុំដែលមានបញ្ហាទេ ។
គួររំលឹកថា សេចក្តីសម្រេចចុះថ្ងៃទី១៨ ធ្នូ ២០០២ របស់មហាសន្និបាតអង្គការសហប្រជាជាតិ បានទទួលស្គាល់នូវ «ការព្រួយបារម្ភស្របច្បាប់របស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ក្នុងការស្វែងរកសន្តិភាព និងការផ្សះផ្សាជាតិ ស្ថិរភាព សន្តិភាព និងសន្តិសុខ ហើយការទទួលស្គាល់នេះ ត្រូវបានបញ្ជាក់ឡើងវិញនៅក្នុងកិច្ចព្រមព្រៀងរវាងអង្គការសហប្រជាជាតិ និងរាជរដ្ឋាភិបាលកម្ពុជា ដែលត្រូវបានចុះហត្ថលេខានៅរាជធានីភ្នំពេញ នាថ្ងៃទី៦ មិថុនា ២០០៣ ហើយដែលត្រូវបានអនុម័តជាឯកច្ឆន្ទដោយរដ្ឋសភាជាតិកម្ពុជា និងត្រូវបានផ្តល់សច្ចាប័ននៅថ្ងៃទី១៩ តុលា ២០០៤។ ដូច្នេះរាជរដ្ឋាភិបាលកម្ពុជា មានកាតព្វកិច្ចស្របតាមរដ្ឋធម្មនុញ្ញក្នុងការការពារសន្តិភាព និងការផ្សះផ្សាជាតិដ៏ថ្លៃថ្លានេះ ដែលទើបតែទទួលបាននៅក្នុងអំឡុងទសវត្សរ៍ចុងក្រោយនេះប៉ុណ្ណោះ ក្រោយពីមានជម្លោះ និងការប្រល័យពូជសាសន៍ជាច្រើនឆ្នាំកន្លងមក ៕
ពីគេហទំព័រ៖ កោះសន្តិភាព
No comments:
Post a Comment
yes