សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, October 10, 2011

ប្រទេស​ភូមា​កែលម្អ​សេរីភាព​សារព័ត៌មាន

 ប្រភព​ព័ត៌មាន The Washington Post រាយ​ការណ៍​នៅ​ថ្ងៃ​អាទិត្យ​ម្សិល​មិញ​នេះ​ថា រដ្ឋាភិបាល​ភូមា​កំពុង​តែ​បង្ហាញ​មុខ​សញ្ញា​ថ្មី​នៃ​ការ​កែ​ប្រែ​សេរីភាព​សារ​ព័ត៌មាន។

 លោក Than Htut Aung ប្រធាន​ភ្នាក់ងារ​សារ​ព័ត៌មាន Eleven ដែល​គ្រប់គ្រង​ទស្សនាវដ្ដី​ចំនួន​៤ ចេញ​ផ្សាយ​រាល់​សប្តាហ៍ និង​សារ​ព័ត៌មាន​ជា​ច្រើន​ទៀត នៅ​ប្រទេស​ភូមា បាន​យល់​ស្រប​ដូច​គ្នា​ថា នេះ​ជា​លើក​ទី​១​ហើយ ក្នុង​រយៈ​ពេល​រាប់​សិប​ឆ្នាំ​មក​នេះ ដែល​គោល​នយោបាយ​របស់​រដ្ឋាភិបាល​ភូមា​បច្ចុប្បន្ន​កំពុង​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ទំនង​ជា​ងាក​ទៅ​រក​ភាព​ល្អ​ប្រសើរ។ លោក Than Htut Aung បន្ត​ថា កាល​ពី​ឆ្នាំ​មុន អ្នក​សារ​ព័ត៌មាន ៣​នាក់ របស់​ភ្នាក់ងារ​សារ​ព័ត៌មាន Eleven ត្រូវ​បាន​ប៉ូលិស​ចាប់​ឃុំ​ខ្លួន ៣​ថ្ងៃ បន្ទាប់​ពី​បាន​ចុះ​ផ្សាយ​រូប​ភាព​ទឹក​ជំនន់ ប៉ុន្តែ​ក្នុង​សប្ដាហ៍​នេះ សារ​ព័ត៌មាន​របស់​លោក មិន​ត្រឹម​តែ​ចុះ​ផ្សាយ​រូប​ភាព​ទឹក​ជំនន់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​មាន​ទាំង​ដាក់​រូប​ភាព និង​មតិ​យោបល់​របស់​មេ​ដឹក​នាំ​គណ​បក្ស​ប្រឆាំង អ្នក​ស្រី អង់​សាន់ សូជី ព្រម​ទាំង​សកម្ម​ជន ២​នាក់ ដែល​តែង​តែ​រិះគន់​រដ្ឋាភិបាល​ទៀត​ផង។
ប្រភព​ដដែល​បន្ត​ថា ជំហរ​ផ្លាស់​ប្ដូរ​មួយ​ទៀត​របស់​រដ្ឋាភិបាល​ភូមា គឺ​លោក Thein Sein ប្រធានាធិបតី​ថ្មី ដែល​ជា​អតីត​នាយ​ទាហាន​កាល​ពី​សប្ដាហ៍​មុន​នេះ បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅ​សភា​ភូមា ដោយ​ប្រកាស​ផ្អាក​គម្រោង​សាង​សង់​ទំនប់​ដ៏​ធំ​មួយ​របស់​ចិន នៅ​តាម​ដង​ទន្លេ Irrawaddy។ ក្នុង​លិខិត​នោះ លោក Thein Sein ក៏​បាន​បញ្ជាក់​ថា រូប​លោក​ត្រូវ​បាន​ប្រជា​ពល​រដ្ឋ​ភូមា​បោះ​ឆ្នោត​គាំទ្រ ដូច​នេះ​លោក​ត្រូវ​តែ​គោរព ធ្វើ​តាម​ការ​ចង់​បាន​របស់​ពល​រដ្ឋ​លោក។
ទង្វើ​លោក Thein Sein នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា រដ្ឋាភិបាល​ភូមា ដែល​រាប់​សិប​ឆ្នាំ​មក​នេះ​មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ជា​មួយ​ប្រទេស​ចិន កំពុង​តែ​មាន​បំណង​ចង់​ដក​ខ្លួន​ឆ្ងាយ​ពី​ប្រទេស​ចិន ដើម្បី​ងាក​មក​ទទួល​ការ​គាំទ្រ​ពី​បណ្ដា​ប្រទេស​លោក​ខាង​លិច​វិញ ជា​ពិសេស​គឺ​ចង់​បាន​ឲ្យ​ស.រ.អា. និង​សហភាព​អឺរ៉ុប​ដក​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ចេញ​ពី​ភូមា។
នៅ​ទន្ទឹម​នេះ​ដែរ ក្រុម​សារ​ព័ត៌មាន​មួយ​ចំនួន បាន​រាយ​ការណ៍​ថា លោក Thein Sein មាន​គម្រោង​ដោះ​លែង​អ្នក​ទោស​នយោបាយ​ភូមា​ជា​ច្រើន​ពាន់​នាក់​ថែម​ទៀត​ផង៕

ពីវិទ្យុ អាស៊ីសេរី

No comments:

Post a Comment

yes