Tuesday, October 18, 2011
គ.ជ.ប ច្រានចោលបេក្ខភាពសមាជិកព្រឹទ្ធសភាស្នើដោយបក្សប្រឆាំង
គណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត (គ.ជ.ប) កាលពីថ្ងៃចន្ទម្សិលមិញ បានច្រានចោលសំណើដាក់បញ្ចូលបេក្ខភាពសមាជិកព្រឹទ្ធសភាពីគណបក្សសមរង្ស៊ី ខណៈដែលសមាជិកចាស់របស់ខ្លួន បានលាឈប់ទៅចូលរួមជាមួយ គណបក្សផ្សេង។
ក្នុងសេចក្ដីប្រកាសព័ត៌មានមួយ ដែលនិយាយយោងដល់ស្មារតីនៃកិច្ចប្រជុំថ្ងៃទី១៥តុលា គ.ជ.ប បានសម្រេចមិនទទួលស្គាល់លោក យូ ពេជ្រគង់ បេក្ខជនជាប់ឆ្នោតព្រឹទ្ធសភាពីភូមិភាគ២ ខេត្តកំពង់ចាម ដែលស្នើដោយគណបក្សសមរង្ស៊ី ខណៈដែលសមាជិកចាស់គឺលោក វ៉ាន់ ស៊ីវឿន ត្រូវបានបណ្ដេញចេញ និងបានទៅចូលរួមជាមួយគណបក្សសិទ្ធិមនុស្សនោះ ។គឺជាការបដិសេធដោយផ្អែកទៅលើមាត្រាទី៣១ នៃច្បាប់ស្ដីពីការបោះឆ្នោត ដែលចែងថា សមាជិកព្រឹទ្ធសភាណាក៏ដោយ ដែលបាត់បង់សមាជិកភាពពីបក្សខ្លួន ទាល់តែមានរយៈពេល៦ខែ ទើបគណបក្សមានសិទ្ធិដាក់ពាក្សស្នើសុំបញ្ចូលបេក្ខភាពថ្មីដែលមានលេខរៀងបន្តបាន ។
យ៉ាងណាក៏ដោយកាលពីសប្ដាហ៏កន្លងទៅ ស្ថាប័ននេះ បានទទួលយកសំណើរបស់គណបក្សប្រឆាំងមួយនេះ ឲ្យដាក់បញ្ចូលលោក សាន សាង ជាអ្នកតំណាងរាស្រ្ត មណ្ឌលខេត្ត តាកែវ បន្ទាប់តំណាងរាស្រ្តខេត្តនេះ គឺលោក តុ វ៉ាន់ចាន់ ត្រូវបានបណ្ដេញចេញ ។
នៅក្នុងសេចក្ដីថ្លែងពីក្រៅប្រទេស កាលពីម្សិលមិញ លោក សម រង្ស៊ី បានការពារដល់ចំណាត់ការនៃការបណ្ដេញចេញនោះថា ជាការធ្វើកំណែទម្រង់ដើម្បីឲ្យគណបក្សនេះមានភាពប្រសើរ ។ដោយបានបញ្ជាក់ថា ” ការចាកចេញរបស់ពួកគេ មិនធ្វើឲ្យគណបក្សនេះ មានឧបសគ្គទេ , គេគួតែសម្លឹងមើលអ្នកចូលរួមជាមួយគណបក្សនេះដែលកាន់តែច្រើន ជាជាងមើលទៅកាន់មនុស្សម្នាក់ ពីរដែលត្រូវបានបណ្ដេញចេញ ” ៕
ពីគេហទំព័រ៖ សារព័ត៌មានសេរី
Subscribe to:
Post Comments (Atom)

No comments:
Post a Comment
yes