Tuesday, October 18, 2011

គ.ជ.ប​ ច្រាន​ចោល​បេក្ខភាព​សមាជិក​ព្រឹទ្ធ​សភា​ស្នើ​ដោយ​បក្ស​ប្រឆាំង


 គណៈកម្មាធិការ​ជាតិ​រៀបចំ ការ​បោះ​ឆ្នោត (គ.ជ.ប) កាល​ពី​ថ្ងៃ​ចន្ទ​ម្សិល​មិញ បាន​​ច្រាន​ចោល​សំណើ​ដាក់​បញ្ចូល​បេក្ខភាព​សមាជិក​ព្រឹទ្ធ​សភា​​ពី​​គណបក្ស​សម​រង្ស៊ី ខណៈ​ដែ​ល​សមាជិក​ចាស់​របស់​ខ្លួន បាន​លា​ឈប់​ទៅ​ចូល​រួម​ជា​មួយ គណបក្ស​ផ្សេង​។


 ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ ដែល​និយាយ​យោង​ដល់​ស្មារតី​នៃ​កិច្ច​ប្រជុំ​ថ្ងៃ​ទី​១៥​តុលា  គ.ជ.ប បាន​សម្រេច​មិន​ទទួល​ស្គាល់​លោក  យូ ពេជ្រគង់  បេក្ខជន​ជាប់​ឆ្នោត​ព្រឹទ្ធសភា​ពី​ភូមិភាគ​២ ខេត្ត​កំពង់ចាម ដែល​ស្នើ​ដោយ​គណបក្ស​សម​រង្ស៊ី ខណៈ​ដែល​សមាជិក​ចាស់​គឺ​លោក វ៉ាន់ ស៊ីវឿន ត្រូវ​បាន​​បណ្ដេញ​ចេញ និង​បាន​ទៅ​ចូល​រួម​ជា​មួយ​គណបក្ស​សិទ្ធិ​មនុស្ស​នោះ ។គឺ​ជា​ការ​បដិសេធ​ដោយ​ផ្អែក​ទៅ​​លើ​មាត្រា​ទី​៣១ នៃ​ច្បាប់​ស្ដី​ពី​ការ​បោះ​ឆ្នោត ដែល​ចែង​ថា ​សមាជិក​ព្រឹទ្ធសភា​ណា​ក៏​ដោយ ដែល​​បាត់​​បង់​សមាជិក​ភាព​ពី​បក្ស​ខ្លួន ទាល់​តែ​មាន​រយៈពេល​៦​ខែ ទើប​គណបក្ស​មាន​សិទ្ធិ​ដាក់​ពាក្ស​ស្នើ​សុំ​បញ្ចូល​​​​បេក្ខភាព​ថ្មី​ដែល​មាន​លេខ​រៀង​បន្ត​បាន ។


 យ៉ាង​ណា​ក៏​ដោយ​កាល​ពី​សប្ដាហ៏​កន្លង​ទៅ ស្ថាប័ន​នេះ បាន​ទទួល​យក​សំណើ​របស់​គណបក្ស​ប្រឆាំង​​មួយ​នេះ ឲ្យ​ដាក់​បញ្ចូល​លោក សាន សាង ជា​អ្នក​តំណាង​រាស្រ្ត មណ្ឌល​ខេត្ត តាកែវ បន្ទាប់​តំណាង​​រាស្រ្ត​ខេត្ត​នេះ​ គឺ​លោក តុ  វ៉ាន់ចាន់ ត្រូវ​បាន​បណ្ដេញ​ចេញ ។


 នៅ​ក្នុង​សេចក្ដី​ថ្លែង​ពី​ក្រៅ​ប្រទេស កាល​ពី​ម្សិលមិញ លោក សម រង្ស៊ី បាន​ការពារ​ដល់​ចំណាត់​ការ​នៃ​ការ​​បណ្ដេញ​ចេញ​នោះ​ថា ជា​ការ​ធ្វើ​កំណែ​ទម្រង់​ដើម្បី​ឲ្យ​គណបក្ស​នេះ​មាន​ភាព​ប្រសើរ ។ដោយ​បាន​បញ្ជាក់​ថា​ ” ការ​ចាក​ចេញ​របស់​ពួក​គេ មិន​ធ្វើ​ឲ្យ​គណបក្ស​នេះ មាន​ឧបសគ្គ​ទេ , គេ​គួ​តែ​សម្លឹង​មើល​អ្នក​ចូល​រួម​​ជា​មួយ​គណបក្ស​នេះ​ដែល​កាន់​តែ​ច្រើន ជា​ជាង​មើល​ទៅ​កាន់​មនុស្ស​ម្នាក់ ពីរ​ដែល​ត្រូវ​​បាន​​បណ្ដេញ​ចេញ ” ៕








ពីគេហទំព័រ៖ សារព័ត៌មានសេរី

No comments:

Post a Comment

yes