យុវជនម្នាក់ឈ្មោះស៊ន ថាន អាយុ២៣ឆ្នាំ រស់នៅភូមិផ្កាដូង ឃុំឈូក ស្រុកក្រូចឆ្មារ ត្រូវបានគេលបកាប់ចំនួន២កាំបិតចំក្បាលផ្នែកខាងក្រោយ និងក្រោមក្លៀកខាងស្តាំ បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័មបំផុតនៅក្នុងថ្លុកឈាម។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង១៥នាទីយប់ថ្ងៃទី៣០ កញ្ញា នៅត្រង់ ចំណុចវាលស្វាយ ដែលមានចំងាយប្រហែលជា៣០០ម៉ែត្រប៉ុណ្ណោះ ពីផ្ទះជនរងគ្រោះ។
លោកអនុសេនីយ៍ឯកឡាញ់ សត្យា នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្ត បានប្រាប់ឱ្យដឹងថា ដោយទទួលបានបញ្ជាពីលោកឧត្តមសេនីយ៍ត្រីឆាយ គឹមសុន ស្នងការ នគរ បាលខេត្ត និងលោកវរសេនីយ៍ឯកជឹម សេងហុង ស្នងការរងនគរបាលខេត្ត រូបលោកបានចុះទៅ កាន់ភូមិផ្កាដូង ឃុំឈូក ស្រុកក្រូចឆ្មារជាបន្ទាន់នាព្រឹកថ្ងៃទី១ តុលា ២០១១។ក្នុងពេលដែលពិនិត្យសពឃើញមានស្នាមកាប់ចំនួន២កន្លែង គឺចំក្បាលនៃផ្នែកខាងក្រោយ និងក្រោមក្លៀកខាងស្តាំ។
លោកអនុសេនីយ៍ឯកបានបន្តទៀតថា ដោយមានការចង្អុលបង្ហាញពីសាក្សីនៅនឹងកន្លែងកើតហេតុបានប្រាប់ថា ក្រោយពីបានកាប់លើអ្នករងគ្រោះហើយនោះ គេបានឃើញឈ្មោះសយ សៅទ្រី ហៅវ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិដូង ឃុំឈូក បានរត់សំដៅចូលទៅក្នុងផ្ទះរបស់ខ្លួនដែលស្ថិត នៅក្បែរនោះដែរ។
នាព្រឹកថ្ងៃដដែល លោកឧត្តមសេនីយ៍ត្រីឆាយ គឹមសុន ស្នងការនគរបាលខេត្ត បានឱ្យហៅជន សង្ស័យរូបនេះមកសួរនាំទៅប៉ុស្តិ៍រដ្ឋបាលឃុំឈូក និងធ្វើការឆែកឆេររកមើលវត្ថុតាងស្រាប់តែប្រទះ ឃើញកាំបិតផ្គាក់មួយទុកនៅលើផ្ទះដាក់ក្បែរសសរផ្ទះ ហើយនៅដងកាំបិតមានឈាមប្រឡាក់ថ្មីៗថែមទៀតផង។
ជនសង្ស័យឈ្មោះសយ សៅទ្រី ហៅវ៉ា បានឆ្លើយសារភាពថា រូបគេពិតជាបានកាប់ជនរងគ្រោះពិតប្រាកដមែន ដោយសារតែផ្តើមចេញពីករណីគ្រោះថ្នាក់ជិះកង់បុកគ្នា នៅពេលយប់ថ្ងៃទី៣០ កញ្ញា បណ្តាលឱ្យរូបគេរងរបួសធ្ងន់ ត្រូវបែកចិញ្ចើមខាងឆ្វេងរយះហូរឈាម ទើបរូបគេខឹងយ៉ាងខ្លាំង ហើយក៏យកកាំបិតលបកាប់ទៅលើជនរងគ្រោះតែម្តង៕
ពីគេហទំព័រ៖ កោះសន្តិភាព

No comments:
Post a Comment
yes