ប្រជាសហគមន៍ជនជាតិដើមភាគតិចនៅឃុំប៉ាតាង ស្រុកលំផាត់ ខេត្តរតនគិរី នៅថ្ងៃអង្គារ ទី១៨ ខែតុលា ឆ្នាំ២០១១ អំពាវនាវឲ្យអាជ្ញាធរខេត្ត និងស្ថាប័នពាក់ព័ន្ធ សូមចាត់វិធានការទប់ស្កាត់សកម្មភាពអាររំលំដើមឈើដើម្បីរានយកដីដោយខុសច្បាប់។
២៨ ធ្នូ ២០០៨: ព្រៃឈើដែលត្រូវគេអាររំលំ
នៅក្នុងឃុំកិចុង ស្រុកបរកែវ ខេត្តរតនគិរី។
ប្រភពបន្តថា ដីព្រៃនៅតំបន់នោះត្រូវបានគេលក់ដូរពីម្នាក់ទៅម្នាក់ ហើយអ្នកទិញដីចុងក្រោយបានជួលកម្មករប្រដាប់ដោយម៉ាស៊ីនកាត់ឈើប្រមាណ បីគ្រឿង បានអាររំលំព្រៃឈើអស់ប្រមាណ ៥០ហិកតារហើយ តាំងពីខែកញ្ញា រហូតបច្ចុប្បន្ន៖«ដំបូងគេលក់ដីព្រៃ ដល់អ៊ីចឹងអ្នកលក់តទៀតគេកាប់ព្រៃហ្នឹងរំលំឈើចោលៗ ខ្ញុំទៅម្សិលមិញឃើញនៅរំលំទៀត។ យើងអ្នកអត់ហ៊ានកាប់ៗថា ដីជារបស់រដ្ឋអ៊ីចឹងណា!»។
អភិបាលស្រុកលំផាត់ គឺលោក គង់ ស៊្រុន។ លោកបានបញ្ជាក់ថា លោកមិនទាន់បានទទួលសេចក្ដីរាយការណ៍ណាមួយពីអាជ្ញាធរមូលដ្ឋានស្ដីពីសកម្មភាពកាប់រានព្រៃយកដីនោះទេ ក៏ប៉ុន្តែលោកនឹងចាត់មន្ត្រីទៅតំបន់ដែលមានសេចក្ដីរាយការណ៍នោះ ដើម្បីពិនិត្យមើលជាក់ស្ដែងថា តើពិតជាមានការកាប់រានព្រៃ ឬយ៉ាងណា?
លោកអំពាវនាវសុំឲ្យប្រជាពលរដ្ឋដែលបានដឹងពីសកម្មភាពកាប់រានព្រៃយកដីប្រញាប់ផ្ដល់ព័ត៌មានមកក្រុមអាជ្ញាធរដើម្បីសហការជាមួយស្ថាប័នជំនាញបង្ក្រាបបានទាន់ពេលវេលា៖ «សុំឲ្យគាត់ហ្នឹងជួយបោះមកស្រុកមើល៍ តែខ្ញុំអត់ដែលទទួលព័ត៌មានពីប្រជាពលរដ្ឋណាមួយថា រាយការណ៍មកស្រុកអត់សោះ។ បទល្មើសវាអ៊ីចឹង វាសុទ្ធតែមានអ្នករនុកក្នុងវាឲ្យដៃ ដល់អ៊ីចឹងទៅទម្រាំយើងទៅដល់បាត់»។
នៅខេត្តរតនគិរី កន្លងទៅនេះអាជ្ញាធរខេត្តបានទទួលស្គាល់ថា ដីធ្លីទ្រព្យសម្បត្តិរដ្ឋជា ៣០.០០០ហិកតារក្នុងខេត្តនេះ បានក្លាយទៅជាចម្ការកៅស៊ូឯកជន។ ចំណែកគណៈកម្មការខេត្តគ្រប់គ្រងដីរដ្ឋទើបដកហូតបានដីជាង ៣.០០០ហិកតារ គឺជាដីដែលបានពីការកាប់រានព្រៃឈើខុសច្បាប់។
នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី គឺលោក វង្ស សុខសេរី។ លោកបានបញ្ជាក់ថា គ្រប់ទីកន្លែងដែលមានសេចក្ដីរាយការណ៍ពីសកម្មភាពកាប់រានព្រៃយកដីក្រុមមន្ត្រីជំនាញព្រៃឈើបានចុះទៅបង្ក្រាប ក៏ប៉ុន្តែភាគច្រើនក្រុមសមត្ថកិច្ចមិនអាចចាប់បានជនល្មើស ឬវត្ថុតាងក្នុងបទល្មើសនោះជាក់ស្ដែងទេ ដោយសារតែពួកគេបានគេចខ្លួនមុនពេលសមត្ថកិច្ចទៅដល់។
លោកបន្តថា ក្រុមមន្ត្រីជំនាញបានធ្វើរបាយការណ៍ពីទីតាំងកាប់រានព្រៃយកដី និងមានវិធានការដកហូតដីទាំងអស់នោះទុកជាសម្បត្តិរដ្ឋវិញ៖ «យើងចុះទៅយើងអត់ជួប ចុះអត់ជួប។ យើងយកចំណុចនិយាមកា ហើយយើងធ្វើផែនទី យើងសុំការដកហូតពីឯកឧត្ដមអភិបាលខេត្ត។ នៅក្នុងករណីបទល្មើសជាក់ស្ដែងយើងចាប់មនុស្សបញ្ជូនទៅតុលាការ យើងបានធ្វើហើយតើ! តែច្រើនតែបែកការពេលយើងចុះទៅ។ តែឥឡូវខ្ញុំចុះទៀតហើយអត់អីទេ បានព័ត៌មានអ៊ីចឹង!»។
នៅស្រុកលំផាត់ ព្រៃឈើនៅតំបន់ភ្នំគន្ធីរ ក្នុងឃុំប៉ាតាង ជាង ៦០ហិកតារ ត្រូវបានគេកាប់រានអស់ ដើម្បីយកដីតាំងពីខែមេសា ឆ្នាំ២០១១មក។ តំបន់ព្រៃឈើដែលគេកាប់រាននោះមានជាប់ពាក់ព័ន្ធទៅនឹងអតីតអនុប្រធានតុលាការខេត្តរតនគិរី មួយរូប ដែលធ្លាប់បានស្នើសុំដីតំបន់នោះប្រមាណ ១០០ហិកតារ ដើម្បីចិញ្ចឹមគោ ក៏ប៉ុន្តែមិនទាន់ឃើញមានលិខិតអនុញ្ញាតពីស្ថាប័នពាក់ព័ន្ធណាមួយនៅឡើយ។ ចំណែកនៅស្រុកកូនមុំ ប្រជាពលរដ្ឋជាង ៤០គ្រួសារជាសហគមន៍រស់នៅភូមិនាងដី ឃុំសេរីមង្គល បានអះអាងថា សមាជិកក្រុមប្រឹក្សាស្រុកលំផាត់ មួយរូប បានចូលមកកាប់រានព្រៃសហគមន៍យកដីអស់ ៩០ហិកតារ ជាកម្មសិទ្ធិផ្ទាល់ខ្លួន កាលពីខែកញ្ញា ឆ្នាំ២០១១។
យ៉ាងនេះក្ដី ប្រជាពលរដ្ឋសហគមន៍អ្នកអភិរក្សធនធានធម្មជាតិដីធ្លីទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋនៅខេត្តរតនគិរី បានសម្ដែងការព្រួយបារម្ភថា ព្រៃឈើ និងដីធ្លីក្នុងតំបន់សហគមន៍នឹងត្រូវគេទន្ទ្រានយកអស់ ហើយជនជាតិដើមនឹងក្លាយជាជនរងគ្រោះទាក់ទិនទៅនឹងជីវភាពរស់នៅប្រចាំថ្ងៃ និងមានផលប៉ះពាល់ដល់ប្រពៃណីទំនៀមទម្លាប់ប្រជាពលរដ្ឋដែលរស់ពឹងអាស្រ័យជាមួយធនធានធម្មជាតិជាច្រើនជំនាន់មកហើយ៕
ពីវិទ្យុ អាស៊ីសេរី

No comments:
Post a Comment
yes